អីយ៉ា ល្បុក្កតោ ចាប់ផ្តើមមានទីផ្សារហើយតើ!
ខេត្តសៀមរាប ៖ មិនចាញ់តារាសម្ដែង តារាចម្រៀងប៉ុន្មាន នៅក្នុងពេលនេះ ភោជនីយដ្ឋានមួយបានប្រកាសថា នឹងទទួលយកកីឡាករកីឡាការិនីច្រើននាក់ឱ្យចេញសម្ដែងជាប្រចាំក្នុង
ខេត្តសៀមរាប ៖ មិនចាញ់តារាសម្ដែង តារាចម្រៀងប៉ុន្មាន នៅក្នុងពេលនេះ ភោជនីយដ្ឋានមួយបានប្រកាសថា នឹងទទួលយកកីឡាករកីឡាការិនីច្រើននាក់ឱ្យចេញសម្ដែងជាប្រចាំក្នុង
ខេត្តសៀមរាប ៖ មិនចាញ់តារាសម្ដែង តារាចម្រៀងប៉ុន្មាន នៅក្នុងពេលនេះ ភោជនីយដ្ឋានមួយបានប្រកាសថា នឹងទទួលយកកីឡាករកីឡាការិនីច្រើននាក់ឱ្យចេញសម្ដែងជាប្រចាំក្នុងភោជនីយដ្ឋានរបស់ខ្លួន ដោយបានទាំងប្រកាសបោះទុនរាល់សប្ដាហ៍ជួលគណៈកម្មការនៅក្នុងសហព័ន្ធល្បុក្កតោរៀបចំការប្រកួតប្រចាំសប្ដាហ៍ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ ដើម្បីឱ្យកីឡាករ-កីឡាការិនីល្បុក្កតោម្នាក់ៗមានទីផ្សារ និងប្រាក់ចំណូលផងដែរ ។
អ្នកនាង ពេជ្រ ខេនឌី ដែលត្រូវគេស្គាល់ជាអតីតតារាសម្ដែងបានអះអាងថា អ្នកនាងបានចំណាយទុនប្រមាណជា៣០ម៉ឺនដុល្លារសាងសង់ភោជនីយដ្ឋានធំមួយដោយដាក់ឈ្មោះ«គុនល្បុក្កតោក្លិប» ដោយភោជនីយដ្ឋាននោះ គឺអ្នកនាងធ្វើឡើងដើម្បីបើកជាទីលានឱ្យកីឡាករ កីឡាការិនីនៅក្នុងវិស័យនេះមានទីផ្សារ និងមានប្រាក់ចំណូលតែម្ដង ដើម្បីកុំឱ្យពួកគេបាក់ទឹកចិត្តហើយគិតថា ទាល់តែក្នុងកម្មវិធីបុណ្យធំៗ ទើបមានឱកាសបានសម្ដែង និងរកលុយ ។ អ្នកនាងថា ខ្លួនជាចៅរបស់លោកតា សាន គឹមស៊ាន ដែលជាព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោ ទើបសម្រេចជួយលោកដើម្បីឱ្យមានយុវវ័យច្រើនឡើងដែលស្រឡាញ់ក្បាច់គុនងាកមកហ្វឹកហាត់ល្បុក្កតោ ហើយក៏មិនខុសពីឆ្លៀតរកលុយផង ។
អ្នកនាងបានសម្រេចចុះកិច្ចសន្យាជាមួយកីឡាករ-កីឡាការិនីច្រើននាក់ឱ្យសម្ដែងជាប្រចាំនៅក្នុងភោជនីយដ្ឋានរបស់ខ្លួន ដោយក្នុងចំណោមអ្នកសម្ដែងក៏មានអ្នកប្រកួតមែនទែនដើម្បីលើកទឹកចិត្តឱ្យកីឡាករម្នាក់ៗខិតខំប្រឹងប្រែងផងដែរ ។ មកទល់ពេលនេះ អ្នកនាងប្រមូលបានអ្នកមានជំនាញ និងអ្នកចូលចិត្តល្បុក្កតោបានប្រមាណពី២០ទៅ៣០នាក់ហើយ ដើម្បីឱ្យពួកគេសម្ដែងជាប្រចាំក្នុងពេលដែលអ្នកនាងក៏ប្រកាសទទួលសិស្សដែលចង់ហ្វឹកហាត់ ហើយគ្មានលុយឱ្យចូលហ្វឹកហាត់ ដើម្បីរកលុយសម្រាប់រៀនផង ។ អ្នកនាងថា ការសម្ដែងប្រចាំភោជនីយដ្ឋានធ្វើឡើងរៀងរាល់ថ្ងៃសុក្រ និងសៅរ៍ សម្រាប់ដំណាក់កាលដំបូង ហើយក្នុងពេលបន្តបន្ទាប់នឹងបន្ថែមថ្ងៃសម្ដែងទៀតនៅពេលរកបានធនធានកីឡាករ-កីឡាការិនីគ្រប់គ្រាន់ដើម្បីឱ្យពួកគេសម្ដែង ។ ម្យ៉ាងមកពីភោជនីយដ្ឋានរបស់អ្នកនាងស្ថិតនៅតំបន់ទេសចរណ៍ខេត្តសៀមរាបនោះផង ទើបអ្នកនាងប្រកាសថា បើទោះជាមានកីឡាករ-កីឡាការិនីច្រើននាក់នាពេលនេះ ក៏មិនទាន់អាចសម្ដែងបានគ្រប់គ្រាន់ ដោយសារតែការសម្ដែងក្បាច់គុនល្បុក្កតោ គឺត្រូវការសមាសភាពច្រើន ។ អ្នកនាងទទូចឱ្យជីតាទទួលបង្វឹកសិស្សថ្មីៗឱ្យបានច្រើន ដើម្បីជាការអភរិក្សផង និងដើម្បីឱ្យពួកគេដែលភាគច្រើនជាយុវវ័យមានឱកាសរកចំណូលផង ។
អ្នកនាងរំពឹងថា ភ្ញៀវដែលចូលភោជនីយដ្ឋាននាងនឹងផ្ដល់ការលើកទឹកចិត្តដល់អ្នកសម្ដែង និងអ្នកប្រកួតសម្រាប់ក្បាច់គុនល្បុក្កតោ ដោយអ្នកនាងបានចាត់ទុកថា នេះជាអ្វីដែលធ្វើឱ្យអ្នកជំនាញក្បាច់គុនមួយនេះមានចំណូលនោះផង ។ អ្នកនាងបញ្ជាក់ថា ហេតុផលដែលភោជនីយដ្ឋានរបស់អ្នកនាងជ្រើសយកយុទ្ធសាស្ត្រសម្ដែងក្បាច់គុនល្បុក្កតោជាជាងការសម្ដែងច្រៀងរាំ គឺដោយសារតែអ្នកនាងចង់ឃើញអ្នកហាត់ក្បាច់គុនមួយនេះ មានប្រាក់ចំណូលជាប្រចាំតែម្ដង ទើបអ្នកនាងសម្រេចចិត្តបោះទុនធ្វើគម្រោងមួយនេះ ដោយគ្រាន់តែការរត់ការសុំសិទ្ធិពីសហព័ន្ធល្បុក្កតោ និងគណៈកម្មាធិការជាតិអូឡាំពិកក៏អស់យ៉ាងសន្ធឹក ។ អ្នកនាងមានគម្រោងធ្វើឱ្យកីឡាករ កីឡាការិនីផ្នែកនេះទទួលបានទីផ្សារនៅតាមបណ្ដាហាងផ្សេងទៀត ដោយអ្នកនាងប្រកាសថា មិនបានកុងត្រាកីឡាករ-កីឡាការិនីណាម្នាក់ផ្ដាច់មុខនោះទេ សំខាន់ឱ្យតែពួកគេមានកម្លាំងទទួល គឺតាមចិត្ត ដើម្បីឱ្យពួកគេមានប្រាក់ចំណូលច្រើនឡើង ។
លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បានអះអាងថា នេះជាលើកទី១ដែលមានភោជនីយដ្ឋានទទួលកីឡាករល្បុក្កតោឱ្យសម្ដែង និងប្រកួតប្រជែងឱ្យភ្ញៀវចូលភោជនីយដ្ឋានបានទស្សនានិងបានស្គាល់ដែលមិនខុសពីជួយឱ្យកីឡាកររបស់លោកមានទីផ្សាររកចំណូល ។ លោកថា ល្បុក្កតោកន្លងមកទាល់តែមានកម្មវិធីបុណ្យជាតិធំៗទើបបានសម្ដែងនិងមានប្រាក់ចំណូល ធ្វើឱ្យកីឡាករច្រើននាក់លាឈប់ ឬបាត់បង់សមត្ថភាពព្រោះតែមិនសូវចង់ហ្វឹកហាត់ ។
លោកថា វត្តមានភោជនីយដ្ឋាន«គុនល្បុក្កតោក្លិប»នឹងក្លាយជាទីផ្សារមួយដែលអាចឱ្យអ្នកឡើងប្រកួតក៏បានលុយ ហើយអ្នកចូលសម្ដែងក៏បានលុយ មិនខុសពីជួយឱ្យពួកគេមានកម្រិតជីវភាពល្អប្រសើរឡើងនោះទេ ។ យ៉ាងណាក៏ដោយ លោកសម្ដែងអារម្មណ៍ភ័យខ្លាចផងដែរប្រសិនបើការងារនេះទទួលជោគជ័យតិចតួចធ្វើឱ្យភ្ញៀវងាកទៅស្នើឱ្យហាងប្ដូរពីការសម្ដែងល្បុក្កតោទៅជាច្រៀងរាំដូចបណ្ដាហាងភាគច្រើនវិញ ។ លោកថា ផែនការដ៏ល្អនេះ គឺក្រៅពីជួយលើកស្ទួយវិស័យល្បុក្កតោឱ្យគេបានស្គាល់កាន់តែខ្លាំងហើយក៏ជួយឱ្យក្មេងកាន់តែមានកម្លាំងចិត្តហ្វឹកហាត់ និងចូលប្រកួតជាងមុន ។ ក្នុងពេលខាងមុខ កីឡាករល្បុក្កតោនឹងមានទីផ្សារកាន់តែច្រើនប្រសិនបើហាងច្រើនទៀតចាប់អារម្មណ៍ឱ្យមានការសម្ដែងបែបនេះដូចគ្នា ។ លោកថា ល្បុក្កតោកាន់តែមានទីផ្សារ តែកង្វះអ្នកជំនាញពិតប្រាកដក៏ច្រើននោះដែរ ដោយសារតែពេលកន្លងមកមិនសូវមានសកម្មភាពឱ្យកីឡាករ-កីឡាការិនីចង់ហាត់ទៀងទាត់ ៕
ចែករំលែកព័តមាននេះ