ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ខុស​គ្នា​រវាង​បំពេញការងារ​តែ​ម្នាក់ និង​ជា​ក្រុម

6 ឆ្នាំ មុន

តើ​ការ​ធ្វើការ​តែ​ម្នាក់ និង​ជា​ក្រុម​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​លើ​ចំណុច​អ្វីខ្លះ ? យើង​មក​សិក្សា​ដូច​ខាងក្រោម ៖

១-​ភាព​ឆាប់រហ័ស​នៃ​ការងារ ៖
ធ្វើការ​តែ​ម្នាក់ ៖ កា

តើ​ការ​ធ្វើការ​តែ​ម្នាក់ និង​ជា​ក្រុម​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​លើ​ចំណុច​អ្វីខ្លះ ? យើង​មក​សិក្សា​ដូច​ខាងក្រោម ៖

១-​ភាព​ឆាប់រហ័ស​នៃ​ការងារ ៖
ធ្វើការ​តែ​ម្នាក់ ៖ ការ​ធ្វើ​ការងារ​គ្រប់យ៉ាង​អាស្រ័យ​លើ​តែ​ម្នាក់ គឺ​មិន​អាច​សម្រេច​បាន​ឆាប់រហ័ស​ដូច​យើង​គិត​ទេ ហៅ​ថា ការងារ​សម្រេច​លឿន ប៉ុន្តែ​នឿយហត់ ព្រោះ​ការងារ​នីមួយ​ៗ​ត្រូវ​អាស្រ័យ​លើ​ជំនាញ​ខុស​ៗ​គ្នា ។ ប្រសិនបើ​យើង​ត្រូវធ្វើ​ការ​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក យើង​នឹង​មាន​អារម្មណ៍​ថា ការងារ​នោះ​មិន​រលូន និង​ខ្វះខាត ។

ធ្វើការ​ជា​ក្រុម ៖ ការងារ​ណាមួយ​ដែល​មិន​ធ្លាប់​ធ្វើ​មក​ពី​មុន យើង​អាច​ឲ្យ​អ្នកមាន​ជំនាញ​ជាង​ធ្វើ​ជំនួស​បាន ។ ជាក់ស្តែង ការងារ​បែប​បញ្ជូន​ត​គ្នា គឺ​ជួយ​ឲ្យ​ការងារ​នោះ​ឆាប់រហ័ស ដោយ​គ្រាន់តែ​ធ្វើការ​របស់​យើង​ឲ្យ​ល្អ​បំផុត ខណៈ​មិត្ត​រួមការ​ងារ​ផ្សេង​ទៀត​ធ្វើការ​របស់​គេ​បន្ត ហើយ​ការងារ​នឹង​សម្រេច​ឆាប់រហ័ស​ស្មើ​ៗ​គ្នា ។

២-​សហការ​សម្រេចចិត្ត ៖
ធ្វើការ​តែ​ម្នាក់ ៖ ការ​ធ្វើការ​តែ​ម្នាក់ឯង ធ្វើ​ឲ្យ​យើង​អាច​សម្រេចចិត្ត​យ៉ាង​ឆាប់រហ័ស ព្រោះ​មិន​ចាំបាច់​រង់ចាំ​ការ​សម្រេចចិត្ត​ពី​អ្នក​ដទៃ គ្រាន់តែ​យើង​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ខ្លួន ហើយ​ដឹង​ថា ការ​សម្រេចចិត្ត​នោះ​នឹង​ប៉ះពាល់​ដល់​ការងារ​ដែរ​ឬទេ ។

ធ្វើការ​ជា​ក្រុម ៖ អាច​នឹង​ខាត​ពេលវេលា​ក្នុង​ការ​រង់ចាំ​គំនិត​ពី​អ្នក​ដទៃ ប៉ុន្តែ​គ្រប់​គ្នា​នៅ​ក្នុង​ក្រុម​មាន​ចំណែក​រួម​ដើម្បី​បង្កើត​ទំនុកចិត្ត​ថា បាន​ធ្វើ​តាម​គំនិត​រួម មិនមែន​ជា​គំនិត​របស់​បុគ្គល​ណា​ម្នាក់ ។ ក្នុង​ករណី​មាន​កំហុសឆ្គង​កើតឡើង យើង​ក៏​មិន​ចាំបាច់​មក​បន្ទោស​ថា ជា​កំហុស​របស់​អ្នក​ណា​ម្នាក់ ព្រោះ​គ្រប់​គ្នា​ត្រូវ​ទទួលខុសត្រូវ​រួម​គ្នា ដែល​ធ្វើ​ឲ្យ​កាន់តែ​មានការ​ពាក់ព័ន្ធ​ក្នុង​ក្រុម ។

៣-​ការ​បង្កើត​គំនិត ៖
ធ្វើការ​តែ​ម្នាក់ ៖ ការ​ធ្វើការ​ជា​បុគ្គល​មិន​អាច​បង្កើត​គំនិត​ច្រើន​ទេ ឬ​បើ​គិត​ឲ្យ​បាន​ច្រើន យើង​ក៏​ត្រូវ​គិត​ឲ្យ​ដូច​ជា​មាន​មនុស្ស​ច្រើន​ជួយ​គិត​គ្នា គាំទ្រ​គ្នា ប្រើ​កម្លាំង​ធ្វើការ​ច្រើន និង​ហត់នឿយ​លើស​ដើម ។

ធ្វើការ​ជា​ក្រុម ៖ ការងារ​ជា​ក្រុម​អាច​ទទួល​បាន​គំនិត​ច្រើន ខណៈ​មាន​មនុស្ស​ជា​ច្រើន​ជួយ​គិត អាច​យក​ទៅ​អនុវត្ត​បាន​ច្រើន គ្រប់​គ្នា​មាន​ចំណែក​រួម​ក្នុង​ការងារ និង​បញ្ចេញ​គំនិត​ស្វែងរក​ចំណុច​ល្អ​បំផុត ។

៤-​ការ​បង្កើត​សម្ព័ន្ធភាព ៖
ធ្វើការ​តែ​ម្នាក់ ៖ ការ​ធ្វើការ​តែ​ម្នាក់ឯង យើង​ស្ទើរតែ​គ្មាន​ឱកាស​បាន​ចងសម្ព័ន្ធភាព ឬ​ជជែក​ជាមួយ​អ្នក​ដទៃ​ដើម្បី​ប្តូរ​មតិយោបល់ ។ បើ​យើង​កំពុង​រក​ចម្លើយ​តប​ដល់​ការងារ​ដែល​កំពុង​ធ្វើ យើង​នឹង​គិតតែ​ម្នាក់ឯង គ្មាន​អ្នក​ផ្តល់​ប្រឹក្សា ហើយ​អាច​កើត​ស្ត្រេ​សបាន ។

ធ្វើការ​ជា​ក្រុម ៖ ការងារ​ជា​ក្រុម​អាច​មាន​ខុសចិត្ត​គ្នា ឬ​ជម្លោះ​ខ្លះ ប៉ុន្តែ​ចុង​ក្រោយ​បំផុត យើង​នឹង​ត្រឡប់​មក​ជជែក​គ្នា​ល្អ​ៗ ព្រោះ​សម្ព័ន្ធភាព​មក​ពី​ការងារ​ជា​ក្រុម​នឹង​ជួយ​ឲ្យ​យើង​មិន​ខឹង​គ្នា​យូរ ដោយសារ​មានការ​ទទួលខុសត្រូវ​ចំណែក​រួម​គ្នា ។

៥-​ការងារ​ស្រប​នឹង​សមត្ថភាព ៖
ធ្វើការ​តែ​ម្នាក់ ៖ ពេលធ្វើការ​តែ​ម្នាក់ យើង​ត្រូវជា​បុគ្គល​ដែល​មាន​សមត្ថភាព​គ្រប់​ផ្នែក គ្មាន​សិទ្ធិ​រើស​ថា នឹង​ធ្វើ​ការងារ​នេះ ឬ​ការងារ​នោះ​ទេ ព្រោះ​នៅ​ក្រុម​មាន​តែ​យើង​ម្នាក់ មិន​អាច​ផ្ទេរ​ឲ្យ​អ្នក​ដទៃ​ធ្វើ​បាន ហៅ​ថា មនុស្ស​តែ​ម្នាក់​ត្រូវ​បំពេញការងារ​សព្វគ្រប់ ។

ធ្វើការ​ជា​ក្រុម ៖ យើង​អាច​រើស​បាន​ថា នឹង​ធ្វើ​ការងារ​អ្វី ព្រោះ​គ្រប់​គ្នា​ត្រូវ​បែងចែក​តួនាទី​ឲ្យ​ច្បាស់លាស់ ។ បើ​មិន​ស្ទាត់​ធ្វើការ​អ្វី​ម្យ៉ាង យើង​អាច​ជ្រើស​យក​ធ្វើ​ការងារ​ផ្សេង​ទៀត គ្រាន់តែ​ប្រាប់​ពី​ភាព​ចាំបាច់ និង​ដែន​កំណត់​ការងារ​ឲ្យ​ក្រុម​ដឹង​ជា​មុន ។ ការ​បំពេញការងារ​ទៅ​តាម​សមត្ថភាព​នឹង​ជួយ​ឲ្យ​លទ្ធផល​ចេញ​មក​ល្អ ។

មុន​នឹង​សម្រេច​ថា ការងារ​ប្រភេទ​នេះ​ធ្វើ​តែ​ម្នាក់​ល្អ​ជាង ឬ​ធ្វើ​ជា​ក្រុម​ល្អ​ជាង យើង​អាច​មើលទៅ​បរិបទ​ការងារ​ឲ្យ​គ្រប់​ផ្នែក​ជា​មុន ព្រោះ​ការងារ​មួយ​ចំនួន​សម​ស្រប​ជាមួយ​វិធី​ខ្លះ  ដោយ​គ្រាន់តែ​ជ្រើសរើស​ឲ្យ​ត្រូវ​ប៉ុណ្ណោះ ។ ការ​បំពេញការងារ​ដោយ​រលូន នឹង​ទទួលលទ្ធផល​តាម​គោលដៅ​យ៉ាង​ពិតប្រាកដ ៕