តាមប្រភពពី Metro ឱ្យដឹងថា ក្រុមហ៊ុន Apple នឹងធ្វើការកែប្រែជាច្រើន ទៅលើម៉ូដែលទូរស័ព្ទ iPhone ដែលរៀបនឹងចេញ ពោលគឺ iPhone 8 ។ តែការកែប្រែនេះ នឹងធ្វើឲ្យតម្លៃរបស់វាមិនធម្មតា បើធៀបទៅនឹង iPhone ពីមុនៗ ដែលធ្លាប់ចេញលក់។ អ្នកវិភាគប្រាប់ថា iPhone 8 នឹងមានបំពាក់មកជាមួយនូវអេក្រង់ OLED ទំហំ៥,៨អ៊ីញ តែវានឹងមានតម្លៃថ្លៃជាង១០០០ដុល្លារ (តម្លៃក្រៅស្រុក)។
នៅឆ្នាំនេះ iPhone 8 គឺត្រូវបានគេរំពឹងទុកថា នឹងក្លាយជាទូរស័ព្ទដែលមានការបំពាក់នូវបចេ្ចកវិទ្យាថ្មីៗជាច្រើន ខុសពីម៉ូដែលមុនៗ។ នៅដើមឆ្នាំនេះ Nikkei Asian Review បានរាយការណ៍ថា Apple បានបញ្ជាទិញអេក្រង់ OLED ចំនួន ៧០លានគ្រឿង ពីក្រុមហ៊ុន Samsung ដែលអេក្រង់ទាំងនោះនឹងផ្តល់ពណ៌ច្បាស់ល្អដូចធម្មជាតិ។ អេក្រង់នឹងមានរាងកោងដូចទៅនឹង Samsung S8។ នេះបើតាមរបាយការណ៍របស់អ្នកវិភាគ។
លោក David Hsieh មកពី HIS Markit បានមានប្រសាសន៍ថា «Apple បានបញ្ជាទិញអេក្រង់ OLED ពីក្រុមហ៊ុម Samsung ចំនួន៧០លានគ្រឿង។ ខណៈពេលនេះ Samsung កំពុងត្រៀមទុកអេក្រង់ដល់ទៅចំនួន៩៥លានគ្រឿង សម្រាប់ Apple ក្នុងឆ្នាំ២០១៧ ដើម្បីការពារក្រែងលោតម្រូវការលើសពីការរំពឹងទុក» ។
ចែករំលែកព័តមាននេះ