ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​វេន រឿ​ម វណ្ណៈ និង​មាស ច័ន្ទ​មាន ដណ្ដើម​3​ពិន្ទុ​ពី​ជើង​ខ្លាំង​ថៃ​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៣ ឧសភា ខាន​ស្អែកនេះ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​វគ្គ​៣​បាន​ឈាន​ដល់​ដំណាក់កាល​ត្រូវ​បើក​ឱ្យ​កីឡាករ​ជើង​ខ្លាំង​៤​រូប​ប៉ះ​គ្នា​នៅ​លើ​សង្វៀន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៣ ឧសភា ខាន​ស្អែកនេះ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​វគ្គ​៣​បាន​ឈាន​ដល់​ដំណាក់កាល​ត្រូវ​បើក​ឱ្យ​កីឡាករ​ជើង​ខ្លាំង​៤​រូប​ប៉ះ​គ្នា​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ទៀត​ហើយ បន្ទាប់​ពី​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​រវាង​កីឡាករ​កម្ពុជា និង​ថៃ​បាន​បញ្ចប់​អស់​៤​រូប​ក្នុង​ស​ប្ដា​ហ៍​ទី​១ ។ ការ​ប្រកួត​នៅ​ថ្ងៃស្អែក​នោះ កីឡាករ​កម្ពុជា​២​រូប​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​គឺ​រឿ​ម វណ្ណៈ និង​មាស ច័ន្ទ​មាន ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​ដើម្បី​ដណ្ដើម​យក​៣​ពិន្ទុ​ឆ្ពោះទៅ​វគ្គ​បន្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រជែង​យក​ខ្សែក្រវាត់​អន្តរជាតិ​ខា​រ៉ា​បាវ​វគ្គ​ថ្មី ។

ការ​ប្រកួត​នៅ​ស​ប្ដា​ហ៍​នេះ​ត្រូវ​គេ​អះអាង​ថា ខ្លាំង​ប៉ះ​ខ្លាំង ដោយសារ​តែ​ភាគី​ខាង​កម្ពុជា និង​ថៃ​សុទ្ធតែ​មានឈ្មោះ​បោះ​សំឡេង​មិន​ខុស​គ្នា​សម្រាប់​វិស័យ​ប្រដាល់​តំណាង​ឱ្យ​ប្រទេស​ទាំង​ពីរ​។
ក្រោយ​ពី​ដំណើរការ​បាន​មួ​យស​ប្ដា​ហ៍ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​ថ្មី​មួយ​នេះ​ឈាន​ដល់​ការ​ប្រកួត​សម្រាប់​ស​ប្ដា​ហ៍​ទី​២​របស់​ខ្លួន​ហើយ ដោយ​ការ​ប្រកួត​លើក​នេះ​នឹង​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​កម្ពុជា​២​រូប​ថ្មី​ក្នុង​ចំណោម​៤​រូប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​២​រូប​ថ្មី​ក្នុង​ចំណោម​៤​រូប​ដែល​បាន​ជ្រើសរើស ។ កាលពី​ស​ប្ដា​ហ៍​មុន កីឡាករ​កម្ពុជា២​រូប​រួម​មាន​ជើង​ខ្លាំង​ង៉ែត រ​ដ្ឋា និង​រឿង សា​រ័​ត្ន បាន​បង្ហាញ​សភាព​ស៊ីសាច់ហុតឈាម​ជាមួយ​គូប្រកួត​ជា​ជនបរទេស​ម្ដង​ហើយ ដោយ​លទ្ធផល​ចុង​ក្រោយ​គឺ​មាន​អ្នក​ខកចិត្ត​ហើយ​ក៏​មាន​អ្នក​សប្បាយចិត្ត ជា​ពិសេស​អ្នកគាំទ្រ​កីឡាករ​ម្ខាង​ៗ​ដែល​មិន​ចង់​ឃើញ​កីឡាករ​របស់​ខ្លួន​បរាជ័យ​។ អ្នកគាំទ្រ​កីឡាករ​កម្ពុជា​ទាំង​២​រូប​សប្បាយចិត្ត ដោយសារ​តែ​កីឡាករ​របស់​ខ្លួន​ឈ្នះ​នៅ​ស​ប្ដា​ហ៍​បើក​ឆាក​នោះ​។ សម្រាប់​ការ​ប្រកួត​នៅ​ស​ប្ដា​ហ៍​ទី​២​នេះ​វិញ​រឹតតែ​មានការ​ចាប់អារម្មណ៍​លើស​ពី​ការ​ប្រកួត​២​គូ​មុន​ទៅ​ទៀត ដោយសារ​តែ​សមាសភាព​អ្នក​ឡើង​ប្រកួត​ដណ្ដើម​៣​ពិន្ទុ​ជាមួយ​ជើង​ខ្លាំង​ថៃ​នៅ​ស​ប្ដា​ហ៍​នេះ សុទ្ធតែ​ជា​កីឡាករ​ជើង​ខ្លាំង​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្ដង​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា កីឡាករ​ម្នាក់​ៗ​មិន​ថា​កម្ពុជា និង​បរទេស​ទេ សុទ្ធតែ​បាន​រួម​គ្នា​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ទាំងមូល​កន្ត្រាក់​ការ​គាំទ្រ​តាំងពី​ព្រឹត្តិការណ៍​នេះ​លេចឡើង​នៅ​វគ្គ​១ ។ ការ​ប្រកួត​នៅ​ស​ប្ដា​ហ៍​ទី​២​នេះ លោក ញាណ សុធី បញ្ជាក់​ថា កីឡាករ រឿ​ម វណ្ណៈ មក​ពី​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phat Chhayakphum ។ លោក​ថា កីឡាករ​កម្ពុជា​នឹង​មិន​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ទេ ដោយសារ​តែ​ការ​ប្រកួត​របស់​ពួក​គេ​គឺជា​ការ​ដណ្ដើម​ឱកាស​ទៅ​យក​ខ្សែក្រវាត់​អន្តរជាតិ​។ កីឡាករ​ថៃ​លោក​ថា ធ្លាប់​ប្រកួត​៦៨​លើក ឈ្នះ​៥៦​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​៧១​លើក ឈ្នះ​៥៤​លើក ចាញ់​១៦​លើក និង​ស្មើ​១​លើក​។  

សម្រាប់​កីឡាករ មាស ច័ន្ទ​មាន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​លោក ញាណ សុធី ថា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Loom Leng ក្នុង​លក្ខណៈ​ដណ្ដើម​ពិន្ទុ​ដូច​គូ​អន្តរជាតិ​ទី​១​ដែរ​។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៨​លើក ឈ្នះ​៥៦​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​ផ្លូវការ​៦៦​លើក ឈ្នះ​៥៣​លើក  ចាញ់​១០​លើក និង​ស្មើ​៣​លើក​ដោយ​មិន​ទាន់​រាប់​បញ្ចូល​ការ​ប្រកួត​ក្រៅផ្លូវការ​នៅឡើយ​៕