ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន រ៉ាឌី លែង​ត្រឡប់​រក​ការ​ប្រដាល់ ក្រោយ​ក្លាយ​ជា​ថៅកែ​ហាង​បុក​ល្ហុង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ​ទី​២៦ មីនា ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​លោក​សែន រ៉ា​ឌី បាន​បើក​សម្ពោធ​ហាង​យីហោ​«​សែន​រ៉ា​ឌី បុកល្ហុង​» យ៉ាង​អធិកអធម​នៅ​ទល់មុខ​ផ្សារ​ស៊ី​ឡិ​ប ។ លោក​បាន​ប្រកាស​ថា

រាជធានី​ភ្នំពេញ ៖  កាលពី​ថ្ងៃអាទិត្យ​ទី​២៦ មីនា ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​លោក​សែន រ៉ា​ឌី បាន​បើក​សម្ពោធ​ហាង​យីហោ​«​សែន​រ៉ា​ឌី បុកល្ហុង​» យ៉ាង​អធិកអធម​នៅ​ទល់មុខ​ផ្សារ​ស៊ី​ឡិ​ប ។ លោក​បាន​ប្រកាស​ថា ខ្លួន​ឈប់​ប្រដាល់​ទៀត​ហើយដោយ​សារ​តែ​ការ​ប្រដាល់​របស់​លោក គឺ​តាំងពី​មាន​របួស​ក៏​ប្រកួត​លែង​កើត ។

សែន រ៉ា​ឌី បាន​ថ្លែងប្រាប់​ថា ក្នុង​ពេល​លោក​មានឱកាស​ឡើង​ទៅ​ប្រដាល់​នៅ​ក្នុង​ប្រទេស​ថៃ លោក​តែង​សម្លឹង​មើល​ពី​របៀប​បើក​ជំនួញ​នៅ​ក្នុង​ប្រទេស​នោះ​ជា​រឿយ​ៗ ហើយ​ក្នុង​ចំណោម​មុខរបរ​ទាំងអស់ គឺ​មាន​តែ​មុខរបរ​ពាក់ព័ន្ធ​នឹង​ការ​ហូប​ចុក​ប៉ុណ្ណោះ ដែល​លោក​ពេញចិត្ត ទើប​លោក​សម្រេចចិត្ត​ទៅ​ហាត់រៀន​ធ្វើ​បុកល្ហុង និង​ធ្វើ​សាច់​អាំង​ជា​ច្រើន​មុខ​ទៀត ដើម្បី​រក​លទ្ធភាព​បើកហាង ។ លោក​ថា រយៈពេល​ច្រើន​ឆ្នាំ លោក​ដើរ​រស់នៅ​ជាមួយ​គេ​ឆ្អែតឆ្អន់ ហើយ​ក៏​ដឹង​ពី​របៀប​ធ្វើ​ជំនួញ​ច្រើន​ដែរ ទើប​លោក​សម្រេចចិត្ត​បើកហាង​បុកល្ហុង ដែល​សម្រេចចិត្ត​ជួល​ផ្ទះ​មួយ​ជាន់​នៅ​ទល់មុខ​ផ្សារ​ស៊ី​ឡិ​ប​ដើម្បី​រកស៊ី ។ ផ្ទះ​នេះ​លោក​បាន​ជួល​ក្នុង​តម្លៃ​មួយ​ខ្ពស់​ក្នុង​រយៈពេល​៣​ឆ្នាំ ដោយ​ការ​បើកហាង​គឺ​ចំណាយ​អស់​ជាង​១​ម៉ឺន​ដុល្លារ​ហើយ​មក​ទល់​នឹង​ពេល​នេះ ។ យ៉ាងណា​ក៏​ដោយ លោក​ថា អាជីព​ថ្មី​នេះ មិនមែន​ជា​កម្មសិទ្ធិ​របស់​លោក​តែ​មួយ​មុខ​នោះ​ទេ គឺ​មានការ​ចូល​ហ៊ុន​ពី​មិត្តភក្តិ​ម្នាក់​ទៀត ដែល​លោក​ស្រឡាញ់​រាប់អាន​ដូច​បងប្អូន​យូរ​មក​ហើយ ។ លោក​ថា ទាំង​លោក  និង​ដៃគូ​ភាគហ៊ុន សុទ្ធតែ​ជា​អ្នកជំនាញ​ខាង​បុកល្ហុង​បែប​ថៃ និង​ធ្វើ​អាហារ​សមុទ្រ​ដូច​គ្នា ទើប​ចាប់ដៃ​គ្នា​បើក​រកស៊ី​មានការ​ចាប់អារម្មណ៍​តាំងពី​ថ្ងៃ​ដំណើរការ​ដំបូង ប៉ុន្តែ​នៅ​ខ្វះខាត​ច្រើន​ណាស់​ជា​ពិសេស​គឺ​បញ្ហា​ត្រូវ​ថែម​សម្ភារ​ប្រចាំ​ហាង និង​បុគ្គលិក​តែ​ម្ដង ។ លោក​ថា នៅ​ក្នុង​ហាង​លោក គឺ​លោក​ជា​ថៅកែ​ផង ជា​បុគ្គលិក​ផង ហើយ​លោក​និង​ដៃគូ​អត់​ទាន់​ហ៊ាន​ជួល​បុគ្គលិក​ឱ្យមក​បម្រើ​ហាង​នោះ​ទេ គឺ​សម្រេច​យក​បងប្អូន និង​មិត្តភក្តិ​មក​ជួយ​ទាំងអស់ ។ លោក​និយាយ​ថា​៖ «​ហាង​ខ្ញុំ​ដំណើរការ​ល្អ ប៉ុន្តែ​អត់​ទាន់​មាន​គ្រប់​នៅឡើយ​ទេ នៅ​ខ្វះ​ច្រើន​ទៀត តែ​អត់​អី​ទេ​ខ្ញុំ​នឹង​ប្រឹង​!»​។

លោក​ថា ខ្លួន​បើកហាង​ពឹង​លើ​ជំនាញ​បុកល្ហុង​របស់​ខ្លួន ទើប​ហ៊ាន​ដំណើរការ បើ​ជួល​អ្នកជំនាញ​ឱ្យមក​ធ្វើ​មុខម្ហូប​ទៀត​គឺ​ប្រាកដជា​ឡុងចុង​មិន​ខាន​ទេ ។ លោក​ថា សប្បាយចិត្ត​ដែល​មានឱកាស​បាន​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន ខណៈ​ដែល​មុខរបរ​នេះ​ក៏​ទទួល​បាន​ជោគជ័យ​ជា​បណ្ដើរ​ៗ​ខ្លះ​ហើយ ដោយសារ​តែ​មានការ​គាំទ្រ​ពី​បងប្អូន ។

លោក សែន រ៉ា​ឌី ប្រកាស​ថា ខ្លួន​ចេញពី​វត្ត​ដែល​ធ្លាប់​រស់នៅ​រយៈពេល​ជាង​មួយ​ខែ​ហើយ ដោយ​បាន​សម្រេចចិត្ត​មក​ជួល​បន្ទប់​មួយ​រស់នៅ ស្របគ្នា​នឹង​ការ​បោះទុន​បើកហាង​។ លោក​ថា ខ្លួន​ប្រដាល់​លែង​កើត​ហើយ ហើយ​ក៏​គ្មាន​គម្រោង​នឹង​បន្ត​អាជីព​ប្រដាល់​ដូច​មុន​ទៀត​ទេ ទើប​សម្រេច​បើកហាង​ធ្វើ​ជា​អាជីវកម្ម​មួយ​នេះ ។ លោក​និយាយ​ថា ខ្លួន​ឈប់​ចង់​ប្រដាល់​ហើយ ដោយសារ​តែ​ប្រដាល់​លែង​កើត ហើយ​ក៏​ស្រប​នឹង​មាន​មិត្តភក្តិ​សម្រេចចិត្ត​ដាក់​ហ៊ុន​ចូល​ជាមួយ​ឱ្យ​បើកហាង​បុកល្ហុង​នៅ​ផ្សារ​ស៊ី​ឡិ​ប ដែល​លោក​បញ្ជាក់​ថា ជាទី​តាំង​ល្អ​ក្នុង​ការ​បើក​ជំនួញ ។ លោក​រំពឹង​យ៉ាង​ខ្លាំង​ថា កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ពិភព​ប្រដាល់​នឹង​ជួយ​ឱ្យ​លោក​បើកហាង​ជោគជ័យ ដោយសារ​តែ​មុន​ឈប់​ប្រដាល់​លោក​បាន​ទទួល​ការ​គាំទ្រ​គួរ​ឱ្យ​កត់សម្គាល់​រួច​ទៅ​ហើយ ។ លោក​និយាយ​ថា​៖«​ខ្ញុំ​ប្រហែលជា​ឈប់​ហើយ​(​ប្រដាល់​) មិនមែន​ថា​ដោយសារ​បើកហាង​ក៏​ចង់​ឈប់​ទេ សំខាន់​ខ្ញុំ​ឥឡូវ​ប្រកួត​លែង​កើត​តែ​ម្តង ទើប​គិត​ថា​ឈប់​ហើយ​!» ។

លោក​ថា ខ្លួន​ស្ដាយ​ដែល​បាន​សម្រេចចិត្ត​បោះបង់​ការ​ប្រដាល់​ទាំង​វ័យក្មេង ប៉ុន្តែ​មក​ពី​លោក​មាន​ជីវភាព​ក្នុង​ពេល​នៅ​ប្រដាល់​ហូប​គ្រប់​ខ្លះ​មិន​គ្រប់​ខ្លះ​ទើប​លោក​បាក់កម្លាំង ហើយ​មាន​របួស​លើក​ចុង​ក្រោយ​បណ្ដាល​ឱ្យ​ប៉ះពាល់​ផង ទើប​លោក​សម្រេចចិត្ត​ទោះ​បន្ត​ក៏​ទៅ​មិន​រួច ។ លោក​ថា ការ​ប្រដាល់​ក្រៅពី​បន្សល់​ឱ្យ​លោក​នូវ​កេរ្តិ៍ឈ្មោះ និង​របួស តែ​ក៏​ជួយ​ឱ្យ​លោក​មាន​លទ្ធភាព​បើកហាង​ដូចដែល​បានឃើញ​នេះ​ដែរ ។ លោក​ថា សប្បាយចិត្ត​ដែល​បាន​ធ្វើ​ថៅកែ ប៉ុន្តែ​បើ​និយាយ​ពី​រឿង​ហត់ និង​នឿយ​ក៏​ច្រើន​ណាស់​ដែរ គឺ​មិនមែន​ស្រួល​ទេ ។ លោក​ទទូច​ឱ្យ​អ្នកគាំទ្រ​ជួយ​គាំទ្រ​បុកល្ហុង​របស់​លោក ដោយ​អះអាង​ថា​នៅ​ក្នុង​ហាង​លោក​ក្រៅពី​លក់​បុកល្ហុង ក៏​មាន​លក់​សាច់​អាំង និង​អាហារ​សមុទ្រ​ផង​ដែរ ។ ជាមួយនឹង​ការ​ឈប់​ប្រដាល់ លោក​ក៏​ប្រកាស​ថា​មិន​មាន​គម្រោង​ចង់​ក្លាយជា​គ្រូបង្វឹក​ផ្នែក​ប្រដាល់​នា​ពេល​អនាគត និង​មិន​ចង់​បង្កើត​ជា​ក្លិប​អ្វី​នោះ​ដែរ ដែល​មាន​ន័យ​ថា​លោក​នឹង​លា​ចេញពី​ប្រភព​ប្រដាល់​ដោយ​លែង​នឹក​ស្រណោះ ។ លោក​ថា មហាជន​ដែល​ចង់​ជួប​មុខ​លោក​ដោយ​ផ្ទាល់ គឺ​ទៅ​ហាង​របស់​លោក​នឹង​ជួប​ភ្លាម ដោយសារ​តែ​លោក​ត្រូវ​ប្រចាំការ​នៅ​ទីនោះ ៕