ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ការ​រិះ​គន់​កូន​ចៅ​លោក​ជ័យ ប៊ុនឈឿ មិន​ហ៊ាន…

6 ឆ្នាំ មុន

​​​​​​រាជធានីភ្នំពេញ ៖ ប្រមាណ​ជា​៥​ថ្ងៃ​មក​ហើយដែល​អតីត​អាជ្ញាកណ្ដាល​ល្បីឈ្មោះ​លោក​ជ័យ ប៊ុ​ន​ឈឿ បាន​ធ្លាក់​ក្នុងសភាព​ដាច់​បាយ​ដាច់​ទឹក ដោយ​រស់​មួយ​ថ្ងៃ​ៗ​ដោយ​សារ​តែ​ការ​បន្តោង​ស៊ី​រ៉ូ​ម ​។ ស្ថិត​ក្នុង​

​​​​​​រាជធានីភ្នំពេញ ៖ ប្រមាណ​ជា​៥​ថ្ងៃ​មក​ហើយដែល​អតីត​អាជ្ញាកណ្ដាល​ល្បីឈ្មោះ​លោក​ជ័យ ប៊ុ​ន​ឈឿ បាន​ធ្លាក់​ក្នុងសភាព​ដាច់​បាយ​ដាច់​ទឹក ដោយ​រស់​មួយ​ថ្ងៃ​ៗ​ដោយ​សារ​តែ​ការ​បន្តោង​ស៊ី​រ៉ូ​ម ​។ ស្ថិត​ក្នុង​វ័យ​៧៩​ឆ្នាំ​​ពេល​នេះ មានការ​បញ្ជាក់​ថា​ លោក​កាន់តែ​ធ្ងន់ធ្ងរនិងចុះ​ខ្សោយ​ជាងមុន ។ ​ស្ថានភាព​ធ្វើទុក្ខ​នេះ គឺ​បាន​កើត​ឡើងជា​ថ្មី​ដោយ​សារ​តែ​ដុំ​សាច់​ដុះ​ដែល​ធ្លាប់​កើតឡើង​បាន​ដុះ​ជា​ថ្មី ហើយ​ឡើង​ធំ​ជាង​មុន​បណ្ដាល​ឱ្យលោក​បាយ​ក៏​លែង​បានសម្រាន្ត​ក៏​លែង​លក់ហើយ​ពឹង​ស្ទើរ​ទាំងស្រុង​ដោយការដាក់​ស៊ី​រ៉ូម​។

លោក​ រ៉ូ​ន រិ​ទ្ធី ជា​អ្នក​ឈឺឆ្អាល​នឹង​ស្ថានភាព​របស់​លោក​ ជ័យ ប៊ុ​ន​ឈឿ បាន​អះអាង​ថា​ លោក​ ជ័យ ប៊ុ​ន​ឈឿ បាន​ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ​ប្រមាណ​ជា​៥​ខែ​មក​ហើយ ប៉ុន្តែ​លោក និង​គ្រួសារ​មិន​ហ៊ាន​​អំពាវនាវ​រកជំនួយជាថ្មី​ព្រោះ​ទើបតែ​បាន​អំពាវនាវ​ហើយ ក៏​សុខចិត្ត​ទ្រាំ​លំបាក​បណ្ដាល​ឱ្យសាច់​ដុះ​ឡើងជា​ថ្មី​រីក​ធំ​ទៅ​ៗ​ព្រោះតែ​គ្មាន​ប្រាក់​ព្យា​បាល​ ។ លោក​ថា​លោកជាអ្នកជិតខាងហើយ​ទំនាក់​ទំនងរវាង​លោក និង​លោក​ ជ័យ ប៊ុ​ន​ឈឿ មិន​ខុស​ពី​កូនក្មួយ​នោះ​ទេទើប​លោក​បានដឹង​ពី​សុខទុក្ខ​ចុង​ក្រោយ​របស់​គាត់ហើយ​ក៏ប្រ​កូក​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ឱ្យ​មានការ​សង្គ្រោះ​ដល់​អតីត​អាជ្ញាកណ្ដាល​រូប​នេះ​ជា​ថ្មី​ ។ លោក​ថា​ លោក​ជ័យ ប៊ុ​ន​ឈឿ បាន​ធ្លាក់​ក្នុង​សភាព​ស​ម្រា​ន្តនៅ​កន្ទេល និង​និយាយ​លែង​ឮ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះដោយសារ​តែ​ការ​ដាច់​បាយ​ដាច់​ទឹក​។

លោក​ថា​ ជើង​ខាងស្ដាំ​របស់​លោកតា​ជ័យ ប៊ុ​នឈឿ ហើម​ឡើង​រលោង ហើយ​ដុំ​សាច់​ដែល​បាន​ដុះ​ម្ដងទៀត​នោះ ក៏​មាន​សភាព​រឹង​និងឈឺធ្វើ​ឱ្យ​លោក​តាដើរ​មិន​បាន​សម្រាន្ត​ក៏មិន​លក់ ។ ដុំ​សាច់​នោះ​ធ្លាប់​បាន​កើតឡើង​ម្ដង​រួច​មក​ហើយ​ប៉ុន្តែ​ក្រោយពីមានជំនួយ​វះកាត់​លោកតា​ក៏​មាន​សភាព​ធូរស្រាល និង​ដើរ​បាន​ដូច​មនុស្ស​រឹង​មាំ​ធម្មតា​។ យ៉ាងណាមិញ​ ដុំ​សាច់​នោះបាន​ដុះ​ជា​ថ្មី​ប្រមាណ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះនិងមានសភាពរីក​ធំ​លឿនហើយ​រឹង​ដូច​ដុំ​ថ្មទៀតផង​ធ្វើ​ឱ្យ​លោកតា​ស្ថិតក្នុងសភាព​ធ្ងន់ធ្ងរ​តែ​ម្ដង​ ។ ជាក់ស្ដែង​ដោយសារ​តែ​កូនចៅ​មិន​មាន​លទ្ធភាព​នាំ​លោកតា​ទៅ​វះ​ចេញ​ផង​ ទើប​បណ្ដាល​ឱ្យដុំ​សាច់​នោះ​រីក​ធំលឿន​ស្លេវធ្វើឱ្យលោក​តាធ្លាក់​ដល់​សភាព​ដាច់​បាយ​ដាច់​ទឹក​។ លោក​ថា​ លោកតា​ជ័យ ប៊ុ​ន​ឈឿ បើ​គ្មាន​ជំងឺ​ដុំ​សាច់​នៅ​ត្រង់​សរសៃពួភ្លៅ​ទេនោះ​ប្រហែលជា​សុខភាពមិន​ទ្រុឌទ្រោម​ដល់ថ្នាក់នេះទេ ដោយសារ​តែ​លោកតា​ជា​អតីត​កីឡា​ករ និង​មាន​ទម្លាប់​មិនសូវ​ទម្រន់ចូល​ចិត្ត​ធ្វើ​នេះ​ធ្វើ​នោះបណ្ដាល​ឱ្យរាង​កាយ​នៅ​រឹង​មាំ​បាន​យូរ​ ។ កូនចៅ​លោកតា​មិន​មាន​លទ្ធភាព​ទាល់តែ​សោះតែ​ម្ដង គឺបានត្រឹមរៃ​អង្គាស​គ្នា​ដាក់​ស៊ី​រ៉ូ​ម​ឱ្យ​លោកតា​ក្នុង​មួយ​ថ្ងៃមួយ​ប្លោកដើម្បី​ឱ្យលោកតា​នៅ​មាន​សភាព​ថេរ​ក្នុង​ពេល​ធ្លាក់​ដល់​សភាព​ដាច់​បាយ​ដាច់​ទឹក​នា​ពេល​នេះ​ប៉ុណ្ណោះ​។

លោក​ថា​ កូន​ទាំង​៦​របស់​លោក​តាសុទ្ធតែ​រស់​យោងអាត្មាស្ទើរមិនរួចដោយ​កូនប្រុស​២​នាក់គឺជា​កម្មករ​សំណង់​ក្នុង​ចំណោម​៣​នាក់ ហើយ​កូនស្រី​៣​នាក់​​ខ្លះ​កូនខ្ចីរ​កអី​មិន​បាន និង​ខ្លះ​រស់នៅ​ទាំង​វេទនា​បាន​ត្រឹមម៉ា​គ្រប់​ខ្លួនឯង​ទាំង​លំបាក​ ។ បើលោកអ្នកបានឃើញ​ស្ថានភាព​​លោក​ជ័យ ប៊ុ​ន​ឈឿ​ ផ្ទាល់​ភ្នែកពិតជា​មានការ​សង្វេគ​ណាស់ ជា​ពិសេស​នៅ​ពេល​កូនចៅ​ពេល​ខ្លះ​រក​លុយ​ប្រមូលគ្នា​មិន​ចង់​គ្រប់​ដើម្បី​ដាក់​ស៊ី​រ៉ូ​មឱ្យឪពុក​ដើម្បី​កុំឱ្យលោក​ធ្លាក់​ដល់​សភាព​ធ្ងន់ធ្ងរ​ខ្លាំងជាងនេះ ។ បើ​មិន​ដូច្នេះ​ទេ​ប្រហែលជា​អស់​សង្ឃឹម ដោយសារ​តែ​លោក​តាគ្រាន់តែ​ពិសា​បបរ​ក៏​ក្អួត គឺ​មិន​ខុស​ពី​អ្នកជំងឺ​ដែលលែង​ទទួល​អាហារ​បាន​ ។ លោក​សម្ដែង​ការ​បារម្ភ​ដោយសារ​តែ​លោកតា​គឺជា​អតីត​កីឡាករ និង​អាជ្ញាកណ្ដាល​ល្បីឈ្មោះ ប៉ុន្តែ​ជីវិត​ចុង​ក្រោយ​របស់​លោក​ហាក់ដូចជា​តែ​ល​តោលហួស​ពី​ការ​ស្មាន ជា​ពិសេស​ក្នុង​ពេល​ឈឺ​ធ្ងន់​ទៅ​ហើយ​ក៏​នៅ​តែ​គ្មាន​លទ្ធភាព​បញ្ជូន​មក​ពេទ្យ​ទៀត ។ លោក​ថា បើ​មាន​សប្បុរសជន​ជួយជ្រោមជ្រែង​ដូច​មុន គ្រួសារ​​លោកតា​នឹង​បញ្ជូន​លោកតា​ទៅ​កាន់​មន្ទីរពេទ្យ​ ដ្បិត​សភាព​ជំងឺ​ដែល​បាន​ធ្វើទុក្ខ​គឺ​បណ្ដាល​មក​ពី​ដុំ​សាច់​ដែល​ដុះ​សុទ្ធសាធ​ ។ នេះ​បើ​តាម​លោក​យល់​ឃើញ​ ។

លោក ​រ៉ូ​ន រិ​ទ្ធី បន្ត​ថា លោក​តា ជ័យ ប៊ុ​ន​ឈឿ មានផ្ទះ​ផ្ទាល់ខ្លួន តែ​មិនមែន​ជា​ផ្ទះ​ធំដុំ​នោះ​ទេ ដោយ​ផ្ទះ​មួយ​នោះ​ក៏​ទទួល​បាន​ពី​អំណោយ​សប្បុរសធម៌​ផង​ដែរ គឺ​មិន​មាន​កូនចៅ ឬ​លោក​ខ្លួនឯង​មាន​លុយ​សាងសង់​នោះ​ទេ​ ។ លោក​ថា​ លោក​តាជ័យ ប៊ុ​ន​ឈឿ ពេលនេះកំពុងដួលដេកនឹង​កន្ទេល​ឯផ្ទះ​ស្ថិត​នៅ​ភូមិ​វត្ត​លាភ សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង ។ ជីវិតលោកតា​​កំពុងស្ថិតក្នុងការគំរាមកំហែងពីមច្ចុរាជជារៀងរាល់ថ្ងៃ​ប្រសិនបើ​គ្មាន​លទ្ធភាព​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ឱ្យបាន​ឆាប់​ទេ ។

លោក​ហ៊ាន​លើក​ឡើង​បែប​នេះគឺ​ដោយសារ​តែ​លោកតា​លែង​ទទួល​បាយ​ទឹក ហើយ​សូ​ម្បី​តែ​និយាយ​ក៏​បាន​ត្រឹមតែ​មិន​ឮ​សំឡេង​មិន​ខុស​ពី​អ្នកជំងឺ​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ទេ ។ លោកតា​មាន​កម្លាំង​ដោយសារ​តែ​ស៊ី​រ៉ូ​ម​សុទ្ធសាធ ខណៈ​ដែល​លទ្ធភាព​ដាក់​ស៊ី​រ៉ូ​ម​នោះ​នៅ​ពេល​ខាន​ដាក់​មួយ​ថ្ងៃ គឺ​ធ្វើ​ឱ្យលោកតា​ទន់បាក់លោងគ្មាន​កម្លាំង​កំហែង​តែ​ម្ដង​ ។ លោក​ស្នើ​ឱ្យ​មានការ​ជួយ​សង្គ្រោះ​ដល់​លោកតា​ជ័យ ប៊ុ​ន​ឈឿ ជា​ថ្មី ដើម្បី​ឱ្យ​លោកតា​មានឱកាស​មើលឃើញ​ជីវិត​ចុង​ក្រោយ​របស់​លោកតា​ដោយ​មិន​សម្រាក​នឹង​កន្ទេល​ហើយ​អស់សង្ឃឹម​បែប​នេះ​ ។ លោក​ថា​ លោកតា និង​កូនចៅរមែង​បដិសេធ​មិន​ចេញ​មុខ​សុំ​ជំនួយ​ព្រោះតែ​ខ្លាច​រង​ការ​រិះគន់​ថា​សុំ​ច្រើន​លើកពេកហើយ ទើប​បណ្ដាល​ឱ្យ​ជំងឺ​របស់​លោក​តាជ័យ ប៊ុនឈឿកាន់តែ​ដុនដាប​ទៅ​ៗរហូត​ឈាន​ដល់​ដំណាក់កាលដួលដេកនឹងកន្ទេល​ក្នុង​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ​៕