ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​អភិវឌ្ឍន៍​ជំនាញ​ចរចារបស់​អ្នក​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់

6 ឆ្នាំ មុន

ជំនាញ​ចរចា គឺជា​វិធី​មួយ​ដើម្បី​បង្កើត​សម្ព័ន្ធភាព​ជាមួយ​អ្នក​ដទៃ មិនមែន​គ្រាន់តែ​ការ​បញ្ចប់​កិច្ច​សន្ទនា​ដោយ​ចំណុច​ព្រមព្រៀង​ដែល​អ្នក​ត្រូវការ​នោះ​ទេ ប៉ុន្តែ​គួរតែ win-win (​ឈ្នះ​-​ឈ្នះ​) ជាមួយ​ភាគី​ម្ខាង​ទៀត​ផង​ដែរ ។ នេះ​ជា​

ជំនាញ​ចរចា គឺជា​វិធី​មួយ​ដើម្បី​បង្កើត​សម្ព័ន្ធភាព​ជាមួយ​អ្នក​ដទៃ មិនមែន​គ្រាន់តែ​ការ​បញ្ចប់​កិច្ច​សន្ទនា​ដោយ​ចំណុច​ព្រមព្រៀង​ដែល​អ្នក​ត្រូវការ​នោះ​ទេ ប៉ុន្តែ​គួរតែ win-win (​ឈ្នះ​-​ឈ្នះ​) ជាមួយ​ភាគី​ម្ខាង​ទៀត​ផង​ដែរ ។ នេះ​ជា​តិច​និក​ទាំង​៥​នៃ​ការ​អភិវឌ្ឍ​ជំនាញ និង​សិល្បៈ​លម្អិត​នៃ​ការ​ចរចា ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​ក្នុង​ជីវិត​ពិត​បាន​ដូច​ខាងក្រោម ៖

១-​បង្កើត​ទំនាក់ទំនង​មុន​ការ​ចរចា ៖
អ្នក​ចរចា​ដែល​ឈ្លាសវៃ តែង​កំណត់​ការ​ទំនាក់ទំនង​ឱ្យ​ដើរ​មុន​នឹង​ដំណើរការ​ចរចា​ជា​និច្ច​។ តិច​និក​នេះ​នឹង​ជួយ​កែ​តម្រង់​អ្នក និង​ភាគី​ម្ខាង​ទៀត​ឱ្យ​ទទួល​បាន​អារម្មណ៍​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។ វា​មិនមែន​ជា​ការ​លះបង់​អារម្មណ៍​របស់​ភាគី​ម្ខាង​ទៀត​ឆ្ពោះទៅ​បញ្ចប់​ការ​ចរចា​ទាំង​លំបាក​នោះ​ទេ ។

ដូច្នេះ អ្នក​គួរតែ​អភិវឌ្ឍន៍​ជំនាញ​ចរចា ដោយ​ហ្វឹកហាត់​បើក​ចិត្ត​ឱ្យ​ទូលាយ មាន​មិត្តភាព និង​ស្មោះត្រង់​សម្រាប់​ជា​មូលដ្ឋាន​ចរចា ដែល​មិន​ត្រឹមតែ​ក្នុង​មុខ​ជំនួញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​បង្កើត​អារម្មណ៍​ដ៏​ល្អ​ដល់​គ្នា​បាន​ផង​ដែរ ។ នេះ​ជា​កូនសោ​សំខាន់​នៃ​ការ​ចរចា​ដែល​ទទួល​បាន​ភាព​ជោគជ័យ ។

២-​កុំ​មើលងាយ​សមត្ថភាព​អ្នក​ដទៃ ៖
វា​ជា​ធម្មជាតិ​មូលដ្ឋាន​របស់​មនុស្ស​ម្នាក់​ៗ​ដែល​អាច​ដឹង​ថា អ្នក​ណា​ស្មោះត្រង់ ឬ​កុហក ។ ប្រសិនបើ​គេ​មាន​អារម្មណ៍​ថា អ្នកមាន​អ្វី​គួរ​ឱ្យ​សង្ស័យ អ្នក​បត់បែន​សម្តី ឬ​កំពុង​តែ​លាក់​អាថ៌​កំបាំង ហេតុនេះ គេ​នឹង​មិន​ស្មោះត្រង់​ជាមួយ​អ្នក​ដូច​គ្នា ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ណា​ដែល​អ្នក​សម្តែង​ចេញ​ទៅ​ត្រង់​ៗ ហើយ​អាច​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​គោរព និង​ទុកចិត្ត​នោះ គឺ​ការ​ចរចា​របស់​អ្នក​នឹង​មាន​តម្លៃ​ច្រើន ព្រមទាំង​ងាយស្រួល​ឡើង​ដែរ ។

៣-​យុទ្ធសាស្ត្រ Win-Win ៖
win-win គឺជា​ផ្លូវ​ចេញ​ដ៏​ល្អ​បំផុត​របស់​ការ​ចរចា​គ្រប់​រឿង​ទាំងអស់ ។ ការ​ចរចា​ដើម្បី​យក​ប្រយោជន៍​តែ​ភាគី​ម្ខាង​នោះ វា​ជា​អ្វី​ដែល​គួរ​ឱ្យ​ធុញទ្រាន់ និង​ពិបាក​បញ្ចប់​ដោយ​ជោគជ័យ​បាន​ណាស់ ។ ដូច្នេះ ចូរ​សាកល្បង​យល់​ពី​គោលបំណង​របស់​ភាគី​ម្ខាង​ទៀត ព្រោះ​វា​ចាំបាច់​ក្នុង​ការ​ចរចា​ដ៏​ល្អ ។

៤-​រក្សា​បរិយាកាស​នៃ​ការ​ចរចា ៖
គ្រប់​គ្នា​តែង​មាន​ភាព​ជា​មនុស្ស​ធំ និង​ភាព​ជា​កុមារ​នៅ​ផ្នែក​ខាងក្នុង ដែល​សុទ្ធសឹងតែ​ជា​ប្រយោជន៍​ក្នុង​ការ​ចរចា​តាម​ឱកាស ។ ជួនកាល ការ​ចរចា​រឿង​តូចតាច​ដូច​ជា តម្លៃ​សម្លៀក​បំពាក់ មនុស្ស​ភាគច្រើន​ប្រើប្រាស់​វិធី​បែប​ក្មេង ជជែក​គ្នា​ងាយ​ជាមួយ​អ្នកលក់ ដែល​មើលទៅ​គ្មាន​អ្វី​ខុស​ប្លែក ។ ប៉ុន្តែ​បើ​ការ​ចរចា​ទៅ​លើ​រឿង​ផ្សេង​វិញ ចំណុច​ស្មើគ្នា​នៃ​ការ​យល់​ឃើញ និង​ពាក្យ​សម្តី គឺជា​រឿង​សំខាន់​ដើម្បី​បង្កើត​ភាព​ជឿជាក់ និង​រក្សា​បរិយាកាស​ជជែក​ឱ្យ​រលូន​រហូត​ដល់​ចុងបញ្ចប់ ។

៥-​ស្ងាត់ស្ងៀម ៖
ជា​វិធី​ចាំបាច់ សូម​ចាំ​ទុកជា​និច្ច​ថា គ្រប់យ៉ាង​សុទ្ធតែ​មាន​ចង្វាក់​របស់​វា ដែល​ពុំគួរ​យឺតយ៉ាវ ឬ​ប្រញាប់ប្រញាល់​ពេក​ដែរ ។ ជា​ញឹកញាប់ គេ​សង្កេត​ឃើញ​ថា «​ការ​មិន​និយាយ​អ្វី​» បែរជា​ល្អ​បំផុត និង​កុំ​ភ្លេច​ថា «​ការ​នៅ​ស្ងាត់ស្ងៀម​» ក៏​អាច​ប្រើ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចរចា​បាន​ដែរ មិន​ថា​ជា​មនុស្ស​នៅ​ជិត​ខ្លួន ឬ​អ្នក​ដទៃ​ឡើយ ៕