ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​នេសាទ​ជា​លក្ខណៈ​គ្រួសារ រយៈពេល​៣​ខែ​ប្រមាណ​ជា​៣៨០​តោន

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ យោង​តាម​របាយការណ៍​ស្ថិតិ​ប៉ាន់​ប្រមាណ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ផល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ស្ថិត​នៅ​ទន្លេ​ទាំង​៤

ខេត្តស្ទឹងត្រែង ៖ យោង​តាម​របាយការណ៍​ស្ថិតិ​ប៉ាន់​ប្រមាណ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ផល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ស្ថិត​នៅ​ទន្លេ​ទាំង​៤ ក្នុង​ខេត្តស្ទឹងត្រែង​ក្នុង​មួយ​ត្រីមាស ចាប់ពី​ខែមករា ដល់​មីនា​២០១៧ ប្រជា​នេសាទ​ទទួលផល​នេសាទ​ប្រមាណ ៣៨០​តោន​។ ស្រប​ពេល​រដូវ​ត្រី​មេ​ពូជ​ពង​កូន​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​១ ខែឧសភា ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ​តែង​ប្រកាស​ឲ្យ​បិទ​នេសាទ​លុះត្រា​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​ដែល​ច្បាប់​បាន​អនុញ្ញាត​ហើយនឹង​ត្រូវ​បើក​ឲ្យ​នេសាទ​ជា​ធម្មតា​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា​បន្ទាប់​។ ទន្ទឹម​នឹង​នេះ​រដ្ឋបាល​សាលា​ខេត្តស្ទឹងត្រែង​ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​រដូវ​បិទ​នេសាទ​ឆ្នាំ​២០១៧ ដោយ​អនុលោម​តាម​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៥០៦/០១១ ចុះ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០០៦ ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​ជលផល និង​ប្រកាស​លេខ​៤៤០​ប្រក​.​ក​សក ចុះ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្តី​ពី​វិធានការ​ការពារ​ត្រី​មេ​ពូជ​នៅ​រដូវ​ពង​កូន​សម្រាប់​តំបន់​ទន្លេមេគង្គ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​។

សេចក្តីជូនដំណឹង​របស់​រដ្ឋ​សាលា​ខេត្តស្ទឹងត្រែង​បាន​ជម្រាប​ជូន​សាធារណជន និង​អ្នកនេសាទ​ទាំងអស់​ជ្រាប​ថា រដូវ​បិទ​នេសាទ​ក្នុង​ដែន​នេសាទ​ខេត្តស្ទឹងត្រែង​នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែឧសភា ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា រៀង​រាល់​ឆ្នាំ​។ អំឡុង​ពេល​បិទ​នេសាទ​នេះ​គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​នេសាទ​ដោយ​ឧបករណ៍​មង​គ្រប់​ប្រភេទ សំដៅ​ដើម្បី​ការពារ​ត្រី​មេ​ពូជ​ដែល​ផ្ទុក​ទៅ​ដោយ​ពង​ក្នុង​ពោះ​ក្នុងអំឡុងពេល​បង្ក​កំណើត​នា​រដូវ​នេះ​។ តែ​ទោះបីជា​ក្នុង​រដូវ​បិទ​នេសាទ​ក្តី អ្នកនេសាទ​នៅ​តែ​អាច​ធ្វើការ​នេសាទ​បាន​ដោយ​ប្រើ​នូវ​ឧបករណ៍​ជា​លក្ខណៈ​គ្រួសារ​ដូច​ជា សៃ​យឺន សំណាញ់ សន្ទូច​ផ្លែ​មួយ លប អង្រុត សាង ចាន់ ឡើ  ជិត សម លាយ កញ្ច្រែង​ដងត្រី និង​ឧបករណ៍​មួយ​ចំនួន​ទៀត​ដែល​ច្បាប់​អនុញ្ញាត​។ ស្ថិត​ក្នុង​រយៈពេល​៣​ខែ ចាប់ពី​ខែមករា​ដល់​ខែមីនា​មកនេះ សង្កេត​ឃើញ​បទល្មើស​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅ​តាម​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​ក្នុង​ទន្លេ​ដង​ទន្លេ​ប៉ែក​ខាងជើង​នៃ​ទន្លេមេគង្គ និង​នៅ​តាម​ដង​ទន្លេ​ដង​ទន្លេ​ទាំង​៤ ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក​នេះ​បើ​ការ​អះអាង​ពី​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង​។ លោក ទុំ  នី​រ៉ូ  នាយ​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង​បញ្ជាក់​ឲ្យ​ដឹង​ថា យោង​តាម​ស្ថិតិ​ប៉ាន់​ប្រមាណ​ផល​នេសាទ​ចាប់​បាន​ក្នុង​ត្រីមាស​ទី​មួយ​មាន​ចំនួន​ប្រមាណ ៣៨០​តោន ដែល​ជា​ផល​ចាប់​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។

ទន្ទឹម​នេះ​លោក​បាន​លើក​ឡើង​ដែរ​ថា ការ​នេសាទ​ដោយ​ខុសច្បាប់​នាយ​រង​ខណ្ឌ​នាយ​សង្កាត់​រដ្ឋបាល​ជលផល​សៀម​បូក និង​មន្ត្រី​ខណ្ឌ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​មក​ពី​មន្ទីរ​ឧតុនិយម និង​ធនធានទឹក មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា អធិការកិច្ច សាលាស្រុក​សេ​សាន អធិការដ្ឋាន​នគរបាល​ស្រុក​សេ​សាន សហគមន៍​នេសាទ ចុះ​បង្ក្រាប​បទល្មើស​ជលផល​ដោយ​ប្រើ​ឧបករណ៍​ដាយ​នៅ​ភូមិ​ស្រែ​គរ​១ ឃុំ​ស្រែ​គរ ស្រុក​សេ​សាន ដោយ​រឹបអូស​វត្ថុ​តាង​ដូច​ជា ដាយ​ចំនួន​៥​មាត់ មានមុខ​កាត់​ប្រវែង​១០​ម៉ែត្រ និង​បណ្តោយ​២០​ម៉ែត្រ (​សរុប​៥០​គុណ​១០០​ម៉ែត្រ​) ទូក​អេ​វ​ក្បាល​ស្រួច​មួយ​គ្រឿង​ប្រវែង​៩​ម៉ែត្រ និង​ម៉ាស៊ីន​ម៉ាក​ហុងដា​កម្លាំង​៩​សេស មួយ​គ្រឿង​។

ក្រៅពី​នោះ​ប្រមូល​មង​ដែល​អ្នកនេសាទ​លួច​នេសាទ​ក្នុង​តំបន់​អភិរក្ស​ផ្សោត និង​ត្រី​មេ​ពូជ ៤៤១២​ម៉ែត្រ សន្ទូច​២១៧៥​ផ្លែ និង​អប់រំ​អ្នកនេសាទ​បាន​ចំនួន​៣៥​ទូក​។ រឹបអូស​ទូក​មួយ​គ្រឿង​ម៉ាស៊ីន​មួយ​គ្រឿង ទទួល​ក្បាល​ឆក់​១​គ្រឿង និង​អា​គុយ​១​គ្រឿង​ពី​យោធា​វរៈ​សេនា​តូច​លេខ​៤២៣ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​វត្ថុ​តាង​មាន​ទូក​ម៉ាស៊ីន ពី​បទ​នេសាទ​ដោយ​ប្រើ​គ្រឿងផ្ទុះ និង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​មន្ត្រី​បរិស្ថាន​។ អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​អ្នក​រកស៊ី​ប្រមូល​ទិញ និង​លក់​ត្រី​ដែល​បាន​ពី​ការ​នេសាទ​ខុសច្បាប់​ចំនួន​៦​នាក់ ព្រមទាំង​បាន​អប់រំ​ណែនាំ​ដល់​ប្រជា​នេសាទ​១​គ្រួសារ ដែល​នេសាទ​បាន​ប្រភេទ​ធនធាន​ជលផល​កំពុង​រងគ្រោះថ្នាក់ និង​ប្រលែង​ចូល​ទន្លេ​វិញ​។ លោកនាយ​ខណ្ឌ​បាន​បន្ថែម​ថា ជាមួយ​ការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​នេសាទ​ខាងលើ​ជំនាញ​ក៏​បាន​ជួប​ផល​លំបាក​ផង​ដែរ ដោយសារ​អ្នកនេសាទ​ប្រព្រឹត្ត​បទល្មើស​ភាគច្រើន​នៅ​តំបន់​ដាច់​ស្រយាល និង​ពេល​យប់​ដែល​ធ្វើ​ឲ្យ​មន្ត្រី​ខណ្ឌ និង​កម្លាំង​សហ​ការណ៍​ពិបាក​ក្នុង​ការ​បង្ក្រាប តែ​ទោះបី​យ៉ាងណា​ខណ្ឌ​ជលផល​នឹង​បន្ត​រឹត​បន្តឹង​ដើម្បី​កាត់​បន្ថយ​ឲ្យ​ធ្លាក់​ក្នុង​កម្រិត​ទាប​បំផុត​៕