ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​បាន​កម្ទេច​ចោល​ទេ មិនដឹង​ថា​បងប្អូន​ណា​ទទួលទាន​ខ្លះ​ឡើយ !

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ឆ្អឹង​មាន់ ជង្គង់​មាន់ និង​ទំនិញ​ខូចគុណភាព​ដទៃ​ទៀត​ប្រមាណ​១៥០​គីឡូក្រាម ត្រូវ​មន្ត្រី​កុងត្រូល​ប្រចាំ​ច្រក​ទ្វារ​តំបន់​«​អូរ​រំដួល​»​ស្រុក​ភ្នំព្រឹក​ដុត​កម្ទេច​ចោល

ខេត្តបាត់ដំបង ៖ ឆ្អឹង​មាន់ ជង្គង់​មាន់ និង​ទំនិញ​ខូចគុណភាព​ដទៃ​ទៀត​ប្រមាណ​១៥០​គីឡូក្រាម ត្រូវ​មន្ត្រី​កុងត្រូល​ប្រចាំ​ច្រក​ទ្វារ​តំបន់​«​អូរ​រំដួល​»​ស្រុក​ភ្នំព្រឹក​ដុត​កម្ទេច​ចោល កាលពី​ថ្ងៃ​ទី​០២ ឧសភា បន្ទាប់​ពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​។ ប្រធាន​ប៉ុស្ដិ៍​កាំកុងត្រូល​ប្រចាំ​ច្រក​ទ្វារ​តំបន់​«​អូរ​រំដួល​»​ស្រុក​ភ្នំព្រឹក លោក​តូ ផា បាន​ឲ្យ​ដឹង​ថា ទំនិញ​ខូចគុណភាព​ទាំងនោះ​រួម​មាន ឆ្អឹង​មាន់ ជង្គង់​មាន់ នំ​កញ្ចប់​និង​មី​កញ្ចប់​សម្រាប់​ក្មេង​សរុប​ជាង​១៥០​គី​ឡី​ក្រាម ដែល​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​។ លោក​បាន​ប្រាប់​ថា ទំនិញ​ទាំងនេះ​ក្រុម​ឈ្មួញ​បាន​លួច​បង្កប់​ក្រោម​ទំនិញ​នានា អូស​តាម​រទេះ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​តំបន់​«​អូរ​រំដួល​»​។

លោក តូ ផា បាន​បញ្ជាក់​ថា ពិធី​ដុត​កម្ទេច​ទំនិញ​ខូចគុណភាព​ទាំងនេះ​ក៏​មានការ​ចូលរួម​ពី​មន្ត្រី​គយ និង​មន្ត្រី​នគរបាល​ព្រំដែន​ផង​ដែរ​។ បើ​តាម​ប្រភព​ពី​មន្ត្រី​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ទំនិញ​ទាំងនេះ​ឈ្មួញ​តែង​លួច​បង្កប់​ក្រោម​បន្លែ​ផ្លែ​ឈើ ឬ​បង្កប់​ក្រោម​ទំនិញ​ផ្សេង​ៗ​ទៀត​ដែល​អូស​តាម​រទេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ជា​ធម្មតា​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន​មួយ​ចំនួន ត្រូវ​ឆ្នាំ​ទ្វារ​បើក​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​ចូល​មួយ​លើក ចាប់ពី​ម៉ោង​៤​ទាប​ភ្លឺ​ដល់​ម៉ោង​៦​ព្រឹក ជា​ពិសេស​ម្ហូបអាហារ បន្លែ ត្រី​សាច់ ហើយ​បិទ​វិញ លុះ​ម៉ោង​៧​ព្រឹក​ទើប​បើក​ច្រក​ជា​ផ្លូវការ​លើក​ទី​២​។ ដូច្នេះ​ហើយ​ទើប​ឈ្មួញ​ឆក់​ឳ​កាស​លួច​បន្លំ​ដឹក​ទំនិញ ឬ​ម្ហូបអាហារ​ខូចគុណភាព​ចូល​បាន​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា សកម្មភាព​ដឹក​ជញ្ជូន​ឆ្អឹង​មាន់ ឬ​ជង្គង់​មាន់ ដែល​ជា​ទំនិញ​ខូចគុណភាព​ទាំងនេះ គឺ​មាន​លក្ខណៈ​ដូច​សត្វ​កណ្ដៀរ​។ ពួក​ឈ្មួញ​បាន​លួច​បង្កប់​ទំនិញ​ខូចគុណភាព​ទាំងនេះ​ក្រោម​បន្លែ ឬ​ទំនិញ​ផ្សេង​ៗ​តាម​រទេះអូស ដើម្បី​បំភ័ន្ត​ភ្នែក​មន្ត្រី​ជំនាញ ហើយ​សកម្មភាព​នេះ​មាន​រាល់ថ្ងៃ​។

លោក តូ ផា ប្រធាន​ប៉ុស្ដិ៍​កាំកុងត្រូល​ច្រក​តំបន់​«​អូរ​រំដួល​»​បាន​និយាយ​ថា ទំនិញ​ទាំងនេះ​ពួក​ឈ្មួញ​តែង​បំបែក​រូបភាព​តូច​ៗ​បង្កប់​តាម​រទេះអូស​។ ភាគច្រើន​ពួក​គេ​បាន​លួច​ដឹក​ចូល​នៅ​ម៉ោង​៤ ឬ​៥​ទាប​ភ្លឺ ប៉ុន្តែ​ត្រូវ​មន្ត្រី​ជំនាញ​របស់​លោក​ងើប​ចាំ​ស្ទាក់​ត្រួតពិនិត្យ និង​ចាប់​រឹបអូស​បានជា​បន្តបន្ទាប់​។ លោក តូ ផា បាន​ព្រមាន​ដល់​ឈ្មួញ​ដែល​រកស៊ី​បំពាន​ច្បាប់​ទាំងអស់​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ ពួក​គេ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​ជា​មិន​ខាន​។ លោក​ក៏​បាន​អំពាវនាវ​ផង​ដែរ ដល់​ប្រជាពលរដ្ឋ​ដែល​តែង​ទិញ​ចំណីអាហារ​ដែល​ឈ្មួញ​ដឹក​លក់​តាម​ម៉ូតូ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​មុន​នឹង​ទិញ និង​ត្រូវ​ចេះ​ពិនិត្យ​ចំពោះ​ទំនិញ ឬ​ម្ហូបអាហារ​ទាំងឡាយ​ណា​ដែល​ខូចគុណភាព ព្រោះ​ការ​បរិភោគ​ចំណីអាហារ​ដែល​ខូចគុណភាព អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​៕