រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់គោជល់ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម នៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ី ថ្ងៃទី៦ ឧសភា ខាងមុខនេះ ឈានចូលដល់សប្ដាហ៍ទី៧ហើយ ។ កីឡាករកម្ពុជា២រូបគឺឌុម កែវដា មកពីក្លិបមកុដរាជសីហ៍ និងឃឹម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដែលជាសមាសភាពត្រូវប្រកួតជាមួយកីឡាករថៃលើកនេះសង្ឃឹមថានឹងរកបាន៣ពិន្ទុបន្ថែមទៀតមិនខាន។
ទោះបីឌុម កែវដា ២ប្រកួតកន្លងមកឈ្នះក៏ដោយក៏អ្នកគាំទ្រមួយចំនួនហាក់អល់ឯកចំពោះការលើកឡើងថា កីឡាករកម្ពុជារូបនេះនឹងឈ្នះទៀតដោយសារកីឡាករថៃឈ្មោះDamruot Lek ដែលគេត្រូវជួបគឺជាជើងខ្លាំងមិនអាចមើលស្រាលបាន ។ Damruot Lek ជាអ្នកប្រដាល់មានស្នៀតប្រយុទ្ធល្អ វាយចេញរហ័សថែមទាំងមានកម្លាំងខ្លាំងទៀតផង។
ចាំមើលឌុម កែវដា អាចសម្រេចគោលដៅរបស់ខ្លួនបានឬអត់ ខណៈអ្នកគាំទ្របង្ហាញមន្ទិលបែបនេះនោះ ។
ចំណែកឃឹម ឌីម៉ា ដែលត្រូវជួបកីឡាករថៃឈ្មោះ Phikunngern Sor Phanisa លើកនេះក៏ឆ្លងកាត់២ប្រកួតឈ្នះទាំង២ប្រកួតដែរ និងមានមហិច្ឆតាចង់បាន៣ពិន្ទុបន្ថែមទៀតដូចគ្នា ។ សម្រាប់អ្នកតាមដានការប្រកួតភាគច្រើនគេមានទំនុកចិត្តលើកីឡាកររូបនេះ ដោយសារមើលឃើញភាពខ្លាំងនិងបទពិសោធន៍ប្រកួតនៅលើសង្វៀនយូរឆ្នាំ ។ ដូច្នេះសម្រាប់ការស្វែងរក៣ពិន្ទុបន្ថែមរបស់ ឃឹម ឌីម៉ា លើកនេះ ប្រហែលមិនពិបាកឡើយ ។
គួររំលឹកថា នៅក្នុងពូលកម្ពុជាមានកីឡាករ៤រូបគឺ ឃឹម ឌីម៉ា, ឌុម កែវដា, សេក គឹមរួន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប និងឆៃ សារ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ សុទ្ធតែមាន៦ពិន្ទុម្នាក់នៅក្នុងដៃ ។ ដូច្នេះគេរង់ចាំមើលតើអ្នកណាមានសំណាងបានឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រក្នុងពេលការប្រកួតដណ្ដើមខ្សែក្រវាត់គោជល់ពេលនេះធ្វើឡើងតាមរូបមន្តសន្សំពិន្ទុ អត់មានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ ។
ដោយឡែកគូប្រកួតមិត្តភាពធម្មតាវិញតម្រូវទៅលើកីឡាករ វៀត ប៊ុនឌឿន មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយកីឡាករ ទេស ជីវ៉ា មកពីក្លិបកងពលតូចលេខ៧០ ៕
ចែករំលែកព័តមាននេះ