គួរ​ឱ្យ​ស្ងើច​មែន! កូន​ទាំង​៣៧​នាក់​មិន​រំខាន​ដល់​ឆ្មប


«Yahoo» របស់​អា​មេ​រិ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី​Mariam Nabatanzi អាយុ​៣៧​ឆ្នាំ ជនជាតិ​អ៊ូ​ហ្គ​ង់​ដា​មានកូន​សរុប​៣៨​នាក់ ។ កូន​ទាំងនោះ​នាង​សម្រាល​ដោយ​ខ្លួនឯង​នៅផ្ទះ​មិន​បាន​ទៅ​មន្ទីរពេទ្យ​ទេ ។ ចំពោះ​កូនចុង​ក្រោយ​បាន​វះកាត់​នៅ​មន្ទីរពេទ្យ ព្រោះ​ត្រូវ​ចង​មាត់ស្បូន​មិន​ឱ្យ​មានកូន​ទៀត ។ បច្ចុប្បន្ន​កូនស្រី​ពៅ​របស់​នាង​អាយុ​៤​ខែ​ហើយ ។

មូលហេតុ​ដែល​ធ្វើ​ឱ្យ​ស្ត្រី​នោះ​មានកូន​ច្រើន ព្រោះ​មានកូន​ភ្លោះ​២​នាក់​ចំនួន​៦​លើក កូនភ្លោះ​៣​នាក់​ចំនួន​៤​លើក ភ្លោះ​៤​នាក់ ចំនួន​៣​លើក និង​មាន​ផ្ទៃពោះ​កូន​តែ​ម្នាក់​ជា​ច្រើន​លើក​ទៀត​។ ក្នុង​ចំណោម​កូន​ទាំង​អស់នោះ មាន​ស្រី​១០​នាក់ និង​ប្រុស​២៨​នាក់ ។ កូនច្បង​បច្ចុប្បន្ន​មាន​អាយុ​២៣​ឆ្នាំ ។

អ្នកស្រី​ Mariam Nabatanzi ឱ្យ​ដឹង​ថា «​ខ្ញុំ​បាន​រៀប​ការ​នៅ​អាយុ​១២​ឆ្នាំ ​នា​ឆ្នាំ​១៩៩៣ ជាមួយ​បុរស​អាយុ​៤០​ឆ្នាំ ។ កាលនោះ​ខ្ញុំ​មិនដឹង​ថា រៀប​ការ​ទេ ដឹង​ត្រឹមតែ​ថា​ មាន​មនុស្ស​ម្នាក់​យក​របស់​របរ​​ប្រគល់​ឱ្យ​ខ្លួន ។ នៅ​ពេល​ចាស់ទុំ​ចាកចេញ​ទៅ​ខ្ញុំ​គិត​ថា ប្រហែលជា​អ៊ុំ​ប្រុស ឬ​បងប្អូន​ញាតិ​មិត្ត តែ​អ៊ុំ​ប្រុស​នោះ​ប្រាប់​ខ្ញុំ​ថា នាង​ត្រូវ​រស់នៅ​ជាមួយ​ខ្ញុំ​» ។

ស្ត្រី​ដដែល​ឱ្យ​ដឹង​ថា ប្តី​របស់​នាង​មាន​ប្រពន្ធ​ជា​ច្រើន​នាក់ និង​មានកូន​ជា​ច្រើន​នាក់​ដែរ ។ គេ​មាន​តួនាទី​ជា​អ្នក​ថែទាំ​កូន​របស់​ខ្លួន ព្រោះ​អតីត​ប្រពន្ធ​បាន​បែកបាក់​គ្នា​អស់ ដោយសារ​គេ​មាន​អារម្មណ៍​​ឆេវឆាវ និង​តែងតែ​វាយ​ទាត់​ធាក់ ។ នាង​ចាប់ផ្តើម​មានគភ៌​លើក​ដំបូង​ក្នុង​ពេល​មាន​អាយុ​១៣​ឆ្នាំ លុះ​២​ឆ្នាំ​ក្រោយមក​ផ្តល់​កំណើត​ឱ្យ​កូនភ្លោះ​៣​នាក់ ។ ១​ឆ្នាំ​មក​ទៀត​មានកូន​ភ្លោះ​៤​នាក់ ។ សម្រាលកូន​៦​លើក នាង​មានកូន​១៨​នាក់ ។ ក្នុង​ចិត្ត​ចង់​ឈប់​មានកូន​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​ក៏​មានកូន​ជា​បន្តបន្ទាប់​ទៀត ។

អ្នកស្រី​ Mariam បញ្ជាក់​ថា នាង​មានកូន​ភ្លោះ​បែប​នោះ ​ដោយសារ​ស្បូន​មាន​លក្ខណៈ​ខុស​ប្រក្រតី ។ បន្ទាប​ពី​សម្រាល​កូនស្រី​ពៅ​មក​ស្ត្រី​រូប​នោះ​សុំ​ឱ្យ​គ្រូពេទ្យ​ចង​ស្បូន​មិន​ឱ្យ​មានកូន​ទៀត​ទេ ។
អ្នកស្រី​ Mariam និយាយ​ថា «​ខ្ញុំ​សង្ឃឹមថា កូន​ៗ​ទាំង​៣៨​នាក់​អាច​ទទួល​បានការ​សិក្សា​ដ៏​សមរម្យ និង​ប្រកប​មុខរបរ​បាន​ល្អ អាច​ជា​អ្នក​ច្បាប់ គ្រូពេទ្យ និង​គ្រូបង្រៀន​ជាដើម​» ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ