អាស៊ានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនៅឧបទ្វីបកូរ៉េ
ម៉ានីល-ហ្វ៊ីលីពីន ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរ ការចូលរួមជាមួយពិភពលោក» បានប្រារព្ធពិធី
ម៉ានីល-ហ្វ៊ីលីពីន ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរ ការចូលរួមជាមួយពិភពលោក» បានប្រារព្ធពិធី
ម៉ានីល-ហ្វ៊ីលីពីន ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរ ការចូលរួមជាមួយពិភពលោក» បានប្រារព្ធពិធីបើកជាផ្លូវការកាលពីព្រឹកថ្ងៃទី២៩ ខែមេសា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហ្វ៊ីលីពីន ទីក្រុងម៉ានីល សាធារណរដ្ឋហ្វ៊ីលីពីន ។ មេដឹកនាំនៃប្រទេសអាស៊ានទាំង១០ប្រទេស បានយាងនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលហ្វ៊ីលីពីនធ្វើជាប្រធានប្តូរវេនរបស់អាស៊ានក្នុងឆ្នាំ២០១៧ ។ នេះគឺជាលើកទី៤ហើយ ដែលប្រទេសហ្វ៊ីលីពីនបានដើរតួនាទីជាប្រធានប្តូរវេនអាស៊ាន ដែលលើកទី១នៅឆ្នាំ១៩៨៧ លើកទី២ឆ្នាំ១៩៩៩ និងលើកទី៣នៅឆ្នាំ២០០៦។
កិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១៧ គឺស្របពេលនឹងការប្រារព្ធខួបលើកទី៥០ នៃការបង្កើតសមាគអាស៊ាន។ នៅមុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់បំផុតពីសំណាក់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វ៊ីលីពីន និងលោកជំទាវ ។
សូមបញ្ជាក់ថា មេដឹកនាំអាស៊ានទាំង១០ប្រទេស ដែលបានយាងនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វ៊ីលីពីន នាពេល
នេះរួមមាន ព្រះករុណាស៊ុលតង់ នៃព្រះរាជាណាចក្រប្រ៊ុយណេដារុយសាឡឹម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក យូកូ យូដូយូណូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងលោកជំទាវ លោក ថង់លួន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ លោក ដាតុប៊ីន ណាជីបរ៉ាហ្សាក់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវ លោកជំទាវ អ៊ុង សាន ស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក លី សៀនឡុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី លោកនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងលោកជំទាវ លោក ង្វៀន សួនហ្វុ៊ក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ រួមទាំងអគ្គលេខាធិការអាស៊ាន និងលោកជំទាវ ។
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វ៊ីលីពីន និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ បានធ្វើការអំពាវនាវដល់បណ្តារដ្ឋជាសមាជិកអាស៊ានទាំអស់ សូមធ្វើការឧទ្ទិសនិងប្តេជ្ញាចិត្តជាថ្មីចំពោះគោលការណ៍ និងគោលបំណងស្ថិតនៅពីក្រោយការបង្កើតអាស៊ាន ដោយប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ។ ស្មារតីជាសហគមន៍អាស៊ាន នឹងបង្កលទ្ធភាពឲ្យអាស៊ានជម្នះបាននូវរាល់បញ្ហាប្រឈមនានា ។
ជាមួយគ្នានេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានអំពាវនាវដល់ដៃគូសន្ទនាទាំងអស់របស់អាស៊ាន បន្តគាំទ្រដោយឥតងាករេសម្រាប់ការអភិវឌ្ឍរបស់អាស៊ាន និងសម្រាប់តួនាទីរបស់ខ្លួននៅក្នុងកិច្ចការសន្តិសុខ ស្ថិរភាព និងការរីកចម្រើនក្នុងតំបន។ លោកក៏បានអំពាវនាវដល់បណ្តាដៃគូសន្ទនាទាំងអស់របស់អាស៊ាន ឧទ្ទិសជាថ្មីចំពោះគោលបំណង និងគោលការណ៍ដែលមានចែងក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ រួមទាំងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ តាមរយៈការគោរពនីតិរដ្ឋ។
ជាមួយនឹងការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះដែរ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ចរបស់អាស៊ានក្នុងឆ្នាំ២០១៦ ក្នុងនោះផលិតផលក្នុងស្រុកសរុបមានចំនួន២,៥៥ទ្រីលានដុល្លារអាមេរិក កើនឡើង ៤,៥% បើធៀបនឹងឆ្នាំ២០១៥ បើទោះបីជាបរិយាកាសសាកលលោកមានបញ្ហាប្រឈមក៏ដោយ។ លោកក៏បានរំពឹងដែរថា ក្នុងឆ្នាំ២០១៧នេះកំណើនសេដ្ឋកិច្ចនឹងកើនឡើងដល់៤,៦% ដោយសារកំណើនរឹងមាំនៃការប្រើប្រាស់ និងវិនិយោគឯកជន ព្រមទាំងគោលនយោបាយសារពើពន្ធត្រូវបានពង្រីក។
នៅពាក់កណ្តាលឆ្នាំ២០១៦ ពាណិជ្ជកម្មរបស់អាស៊ាននៅតែខ្លាំង ពោលគឺមានទំហំ ១,០៦ទ្រីលានដុល្លារ ក្នុងនោះ២៤,១៩% គឺជាការវិនិយោគក្នុងអាស៊ាន ។ ទន្ទឹមនឹងនេះ នៅពាក់កណ្តាលឆ្នាំ២០១៦ អាស៊ានបានទាក់ទាញវិនិយោគផ្ទាល់ពីបរទេសសរុបចំនួន៥៤,០៧ពាន់លានដុល្លារ ក្នុងនោះ២១,២៦% គឺជាការវិនិយោគក្នុងអាស៊ាន ។
ជាមួយគ្នានេះ អាស៊ានផ្តោតសារៈសំខាន់ ទៅលើការជំរុញកម្មវិធីផ្តួចផ្តើមនានា ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនអាស៊ាន និងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីបង្កើនពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់ ។
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះមេដឹកនាំអាស៊ាន បានសម្តែងនូវអំណរសាទរចំពោះតួនាទីជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វ៊ីលីពីន ដែលបានដាក់ចេញនូវមូលបទដ៏មានសារៈសំខាន់សម្រាប់ជាត្រីវិស័យ ក្នុងការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ។ ស្របនឹងខួបអនុស្សាវរីយ៍៥០ឆ្នាំនៃការបង្កើតអាស៊ាន ដែលហ្វ៊ីលីពីនក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០១៧ បានដាក់ចេញនូវចំណុចជាអាទិភាពចំនួន៦ រួមមាន ៖
១-ការយកចិត្តទុកដាក់លើប្រជាជន និងការយកប្រជាជនជាស្នូល
២-សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់
៣-កិច្ចសហប្រតិបត្តិការនិងសន្តិសុខក្នុងលំហសមុទ្រ
៤-ការរីកចម្រើនដោយគំនិតច្នៃប្រឌិតថ្មីសម្រាប់ទាំងអស់គ្នា
៥-ភាពរឹងមាំរបស់អាស៊ាន និង
៦-អាស៊ានជាគំរូនៃសមាហរណកម្មតំបន់ តួអង្គមួយក្នុងសាកលលោក ដើម្បីគាំទ្រដល់ដំណើរការពង្រឹងការអនុវត្តសសរស្តម្ភនៃសហគមន៍នយោបាយ សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន។
ជាមួយគ្នានេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ក៏បានផ្តោតការយកចិត្តទុកដាក់លើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាកង្វល់និងផលប្រយោជន៍រួមរបស់អាស៊ាន ក្នុងន័យសំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងការពង្រឹងទំនាក់ទំនងដៃគូក្រៅតំបន់អាស៊ាន ។
ទាក់ទងទៅនឹងបញ្ហាក្រៅតំបន់អាស៊ាន មេដឹកនាំអាស៊ានបានគូសបញ្ជាក់ជាថ្មី អំពីសារៈសំខាន់នៃការរក្សាតួនាទីស្នូលរបស់អាស៊ាន ក្នុងនិម្មាបនកម្មតំបន់។ ជាមួយគ្នានេះ លើបញ្ហាតំបន់និងអន្តរជាតិ មេដឹកនាំអាស៊ានបានកត់សម្គាល់អំពីសភាពការណ៍វិវត្តន៍ប្រកបដោយភាពវិជ្ជមានក្នុងសមុទ្រចិនខាងត្បូង ជាពិសេសបន្ទាប់ពីការអនុម័តសេចក្តីប្រកាសរួមស្តីពីការអនុវត្តក្រមសម្រាប់ការពើបប្រទះដោយមិនបានគ្រោងទុកក្នុងលំហសមុទ្រ នៅសមុទ្រចិនខាងត្បូង ។
ចំពោះភាពតានតឹងនៅឧបទ្វីបកូរ៉េ មេដឹកនាំអាស៊ានបានសម្តែងនូវការព្រួយបារម្ភជាខ្លាំងទៅលើការវិវត្តនាពេលបច្ចុប្បន្ននៅក្នុងឧបទ្វីបកូរ៉េដែលអាចក្លាយជាការគំរាមកំហែងដល់សន្តិភាពសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ។ ចំពោះបញ្ហាកង្វល់នេះ មេដឹកនាំអាស៊ានបានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រក្សាភាពអត់ធ្មត់ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចាប់ផ្តើមឡើងវិញនូវការចរចា៦ភាគី ដើម្បីឈានទៅសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរដោយសន្តិវិធីនៅឧបទ្វីបកូរ៉េ ។
បន្ទាប់មក នៅរសៀលថ្ងៃដដែលនោះ មេដឹកនាំអាស៊ាន បានជួបសន្ទនាដោយផ្ទាល់ជាមួយគណៈប្រតិភូ តំណាងអន្តរសភាអាស៊ាន និងតំណាងយុវជនអាស៊ាន ។ នៅក្នុងជំនួបទាំងពីរនេះ មេដឹកនាំអាស៊ានបានស្តាប់របាយការណ៍និងអនុសាសន៍នានា ស្តីពីការងារពាក់ព័ន្ធរៀងៗខ្លួន សំដៅរួមចំណែកសម្រេចឲ្យបាននូវដំណើរការសហគមន៍អាស៊ានដ៏ពេញលេញមួយ ដែលយកចិត្តទុកដាក់ចំពោះប្រជាជន និងយកប្រជាជនជាស្នូល ។
នៅរសៀលថ្ងដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វ៊ីលីពីន និងជាប្រធានកិច្ចប្រជុំកំពូកអាស៊ានលើកទី៣០ ។ លោកប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌូតឺតេ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា និងបានចាត់ទុកថា កម្ពុជាគឺជាមិត្តដ៏ស្ម័គ្រស្មោះគួរឲ្យទុកចិត្ត និងជាមិត្តដ៏ល្អបំផុត។
នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសសហ្វ៊ីលីពីន បានជម្រាបជូនសម្តេចតេជោថា ហ្វ៊ីលីពីននឹងបើកចំហទូរស័ព្ទសម្រាប់ការពិភាក្សាគ្នាភ្លាមៗជាមួយនឹងសម្តេចតេជោនាយករដ្ឋមន្ត្រី នៅពេលមានការចាំបាច់អ្វីមួយដែលត្រូវពិភាក្សា ។
ជាមួយគ្នានេះ លោកប្រធានាធិបតីបាន បញ្ជាក់ថា លោកនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែឧសភា នៅប្រទេសកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។
នៅក្នុងជំនួបពិភាក្សានោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ហ្វ៊ីលីពីន ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ ។ ជាមួយគ្នានេះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ៕
ដកស្រង់អត្ថបទ ទទក
ចែករំលែកព័តមាននេះ