ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចាប់ផ្តើម​សំណុំរឿង​បន្លំ​ចូល​ពន្ធនាគារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា

រាជធានី​ភ្នំពេញ ៖ លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា តាម​ដីកាកោះ​ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​របស់​ព្រះរាជអាជ្ញា​រង​លោក សៀង សុខ ក្នុង​នាម​ជា​សាក្សី​លើ​សំណុំរឿង​លោក ហួត ឃិ​ន​វុ​ទ្ធី ហៅ​ជុន ច័ន្ទ​បុត្រ នាយករង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសា​បន្លំ​ចូល​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​១៩ មេ​សា ជាមួយ​ប្រតិភូ​លោកស្រី ។

ក្រោយ​ពេល​ចេញពី​បន្ទប់​សាកសួរ លោកស្រី មូរ សុខ​ហួរ បាន​ថ្លែង​ថា លោកស្រី​បាន​ចូល​មក​តាម​ដីកាកោះ​របស់​តុលាការក្រុង​ភ្នំពេញ ។ លោកស្រី​ថ្លែង​ថា​៖ «​ចម្លើយ​របស់ខ្ញុំ​ទាំង​ប៉ុន្មាន​ខ្ញុំ​និយាយ​ការ​ពិត​ទាំងអស់​»​។ នៅ​ពេល​អ្នកកាសែត​សួរ​ថា តើ​តុលាការ​សួរ​លោកស្រី​ពី​អ្វីខ្លះ​ដែរ? លោកស្រី​បាន​ឆ្លើយ​ថា ទុក​សំណួរ​ទាំងនេះ​ជូន​ទៅ​មេធាវី​លោក សំ សុ​គង់ ឆ្លើយ​ជំនួស ។

លោក​មេធាវី​បាន​លើក​ឡើង​ថា ព្រះរាជអាជ្ញា​រង​បាន​សាកសួរ​សំណួរ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​(​លោក ជុន ច័ន្ទ​បុត្រ​) តែ​មេធាវី​សុំ​មិន​ឆ្លើយ​ចំពោះ​ចម្លើយ​ដែល​លោកស្រី មូរ សុខ​ហួរ ឆ្លើយ​ទៅ​កាន់​តំណាង​អយ្យការ​ទេ ដោយសារ​តែ​ដំណាក់កាល​នេះ​ជា​ដំណាក់កាល​ស៊ើបអង្កេត​បឋម ។ បើ​យើង​យក​ចម្លើយ យក​អង្គហេតុ​មក​និយាយ​នៅ​ពេល​នេះ​វា​ហាក់បីដូចជា​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត​របស់​អយ្យការ ។ លោក សំ សុ​គង់ បាន​លើក​ឡើង​ថា មេធាវី​សុំ​រក្សា​សិទ្ធិ​មិន​ឆ្លើយ​ជាមួយ​អ្នកកាសែត​ទេ ។

នៅ​ពេល​សួរ​ថា តើ​លោក ជុន ច័ន្ទ​បុត្រ ជាប់​ពាក់ព័ន្ធ​ជា​ជំនួយការ​របស់​លោកស្រី មូរ សុខ​ហួរ​ដែរ​ឬទេ ? លោក​មេធាវី​បាន​លើក​ឡើង​ថា អ្វី​ដែល​លោកស្រី មូរ សុខ​ហួរ បាន​ចូល​បំភ្លឺ​នោះ​គឺ​ឆ្លើយ​តែ​ការ​ពិត​នូវ​អ្វី​ដែល​លោកស្រី​បានឃើញ បានឮ និង​បាន​ជួប​ដោយ​ផ្ទាល់​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា លោក ឡុ​ង រី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ចូល​បំភ្លឺ​តុលាការ រួច​ហើយ​កាលពី​ថ្ងៃ​ទី​២៧ មេ​សា តាម​ដីកាកោះ​របស់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧ ក្នុង​ដំណើររឿង​ផ្តល់​សេចក្តី​ប្រកាស​ភូត​កុហក បន្លំ​ចូល​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​១៩ មេ​សា ដើម្បី​ជួប​អ្នកទោស​១៦​នាក់ ។

នៅ​ឯ​តុលាការ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា លោក ឡុ​ង រី បាន​ចូល​តុលាការ​តាម​ទ្វារ​មុខ​ចេញ​តាម​ទ្វារ​ក្រោយ ។ ការ​ដើរ​ចូល​តុលាការ​របស់​លោក ឡុ​ង រី ក៏​មាន​លោក​មេធាវី សំ សុ​គង់ ទៅ​ជាមួយ និង​មាន​អ្នកគាំទ្រ​ឈរ​នៅ​ម្ខាង​ផ្លូវ​មុខ​តុលាការ​មួយ​ចំនួន​ដឹកនាំ​ដោយ​លោក​ហូរ វ៉ា​ន់ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ផង​ដែរ ។

សំណុំរឿង​នេះ​ស្ថិត​នៅ​លើ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​សាកសួរ និង​បាន​សួរ​ចប់​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល ទើប​អនុញ្ញាត​ឱ្យ​លោក ឡុ​ងរី វិល​ត្រឡប់​ទៅ​វិញ​ជា​ធម្មតា ។

សូម​បញ្ជាក់​ថា លោក សៀង សុខ កាលពីថ្ងៃ​ទី​២១ មេ​សា បាន​ចេញ​ដីកា​កោះហៅ​មនុស្ស​ចំនួន​៣​នាក់ គឺ​លោកស្រី មូរ សុខ​ហួរ លោក ឡុ​ង រី ក្នុង​នាម​សាក្សី និង​លោក ហួត ឃិ​នវុ​ទ្ធី ហៅ​ជុន ច័ន្ទ​បុត្រ ក្នុង​នាម​ជនសង្ស័យ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ផ្តល់​សេចក្តី​ប្រកាស​ភូត​កុហក បន្លំ​ចូល​ក្នុង​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​១៩ មេ​សា កន្លង​មកនេះ ៕