ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែ​ងូតទឹក​កម្សាន្ត​បណ្តែត​លើ​ទឹកទន្លេ​មេគង្គ ទើបតែ​មាន​ដំបូង​នៅ​ក្រុង​កំពង់ចាម

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ផែ​ងូតទឹក​កម្សាន្ត​បណ្តែត​លើ​ទន្លេមេគង្គ មាន​ទទឹង​ជាង​២២​ម៉ែត្រ និង​បណ្តោយ​ជាង៦០​ម៉ែត្រ ដែល​ទើបតែ​មាន​ដំបូង​នៅ​ក្នុង​ក្រុង​កំពង់ចាម

ខេត្តកំពង់ចាម ៖ ផែ​ងូតទឹក​កម្សាន្ត​បណ្តែត​លើ​ទន្លេមេគង្គ មាន​ទទឹង​ជាង​២២​ម៉ែត្រ និង​បណ្តោយ​ជាង៦០​ម៉ែត្រ ដែល​ទើបតែ​មាន​ដំបូង​នៅ​ក្នុង​ក្រុង​កំពង់ចាម ដោយ​បាន​សាងសង់​បាន​ប្រហែលជា​៨០​ភាគ
រយ ហើយ​មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី បាន​នាំ​គ្នា​ចុះ​ទៅ​ងូតទឹក​លេង​ជា​ហូរហែរ​។ ជាមួយ​នោះអាកាសធាតុ​ក៏​មាន​លក្ខណៈ​អំណោយផល​ល្អ​ថែម​ទៀត  ដែល​នេះ​ជា​សមិទ្ធិ​ផល​មួយ​ថ្មី​ទៀត​ក៏​ជា​ផ្នែក
មួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជិត​ឆ្ងាយ ឲ្យ​មក​កម្សាន្ត​ផង​ដែរ​។

លោក ឈ ហេង អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​ទី​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែល​ជា​អ្នក​បង្កើត​ផែ​ងូតទឹក​កម្សាន្ត​នេះ បាន​ប្រាប់​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី​២៨ មេ​សា ២០១៧​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​រូប​លោក​មាន​ក្តី​ស្រម័យ​ចង់​បង្កើត​ឲ្យ​មាន​ផែ​ងូតទឹក បណ្តែត​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ ក្រោយ​ពី​បាន​សន្សំ​ថវិកា​ល្មម​នឹង​លៃលក​កៃ​ច្នៃ​នោះ​ក៏​បាន​ទិញ​របស់របរ​មក​ធ្វើ​ជា​បណ្តើរ​ៗ​ដាក់​នៅ​ក្បែរ​ស្ពាន​គី​ហ្ស៊ុ​ណា រហូត​មក​ដល់​ជិត​ដំណាច់​ខែមេសា ២០១៧​នេះ រយៈពេល​ជាង​៥​ខែ បាន​សម្រេច​ស្ទើរតែ​រួចរាល់​ហើយ​ដែរ​។

លោក ឈ ហេង អ្នក​បង្កើត​ផែ​ងូតទឹក​នេះ​ប្រាប់​បន្ត​ថា ការ​បង្កើត​ឡើង​នូវ​ផែ​ងូតទឹក​នេះ គឺ​រូប​លោក​ស្រលាញ់​នូវ​វិស័យ​កីឡាហែលទឹក ព្រោះថា​មាន​ពេល​មួយ​រូប​លោក​បាន​ទៅ​មើល​កន្លែង​អាង​ហែល​ទឹក​របស់​គេ ដែល​បាន​បង្កើត​ឡើង​នោះ​នៅ​លើ​ដី  ហើយ​ចិត្ត​របស់​លោក​ផ្ទាល់​ថា​ក្នុង​ពេល​អនាគត​នឹង​ត្រូវ​បង្កើត​ឡើង​ដែល​មានការ​កែ​ច្នៃ​ដាក់​នៅ​ក្នុង​ទឹកទន្លេ​មេគង្គ​តែ​ម្តង​។ ដូច្នេះ​ក្តី​ស្រម័យ​របស់​លោក​បាន​ក្លាយទៅជា​ការ​ពិត គឺ​បាន​ប្រែង​ប្រែង​ធ្វើ​បាន​មួយ ហើយ​តាម​ទឹ​ប្រាក់​ដែល​ត្រូវ​ចំណាយ​នោះ មាន​រហូត​ដល់​ទៅ​១៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ប្រសិនបើ​ក​អ្នក​ដែល​ចូល​ចិត្ត​មក​ងូតទឹក​លេង មាន​អាយុ​ចាប់ពី​១០​ទៅ​២០​ឆ្នាំ ប្រឹង​ហែល​ឲ្យ​បាន​ញឹកញាប់​នោះ ក្នុង​រយៈពេល​១​ឆ្នាំ​នឹង​ធ្វើ​ឲ្យ​កម្ពស់ លូតលាស់​បាន​១​តឹក ហើយ​យូរ​ទៅ​ៗ​កម្ពស់​លូតលាស់​បាន​ល្អ​ប្រសើរ​ចន្លោះ​ពី​១,៧០​ម៉ែត្រ ទៅ​១,៨០​ម៉ែត្រ ហើយ​នូវ​ពេល​ដែល​បាន​ក្លាយទៅជា​កីឡាករ ពេល​ដែល​ទៅ​ចូលរួម​ប្រកួត​នៅ​បរទេស​នោះ កម្ពស់​របស់​យើង​នឹង​មិន​ចាញ់​គេ​ទេ​។ មិនយូរ​ទេ​កន្លែង​របស់​លោក​នឹង​ត្រូវ​បាន​សាងសង់​រួចរាល់ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ហើយ​ក៏​គ្រោង​អញ្ជើញ​អាជ្ញាធរ​ខេត្ត​ដើម្បី​ចូលរួម​សម្ពោធ ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​ផង​ដែរ​។

រូប​លោក​សំណូមពរ​ដល់​អ្នក​ដែល​មាន​កម្ពស់​ទាប​សូមកុំ​ព្រួយបារម្ភ មេត្តា​នាំ​គ្នា​មក​ហែល​ទឹក​ហាត់ប្រាណ​នៅ​កន្លែង​របស់​លោក​ដែល​មាន​អាកាសធាតុ​ធម្មជាតិ​ត្រជាក់​ល្អ ធ្វើ​យ៉ាងណា​ប្រឹងប្រែង​ឧស្សាហ៍​ហែល​ទឹកនឹង​ធ្វើ​ឲ្យ​កម្ពស់​លូតលាស់​បាន​ល្អ​ដូច​ជា​គេ​ដែរ​។ លោក​ថា ការ​បង្កើត​ផែ​ងូតទឹក​កម្សាន្ត​នេះ​ឡើង គឺ​បាន​ប្រឹងប្រែង​ធ្វើ​ឡើង​តាម​ស្តង់ដា​បច្ចេកទេស ដើម្បី​ធានា​អ្នក​ដែល​មក​លេង​កន្លែង​របស់​លោក  មាន​សុវត្ថិភាព បើ​ការងារ​នេះ​ទទួល​បាន​ជោគជ័យ នៅ​ឆ្នាំ​២០១៨ គ្រោង​នឹង​បង្កើត​មួយទៀត​។

លោក លឹ​ម សៅ អាយុ​៥៥​ឆ្នាំ រស់នៅ​ឃុំ​បុសខ្នុរ ស្រុក​ចម្ការលើ ប្រាប់​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៨ មេ​សា ២០១៧ រូប​លោក​បាន​បើករថយន្ត​ចេញពីផ្ទះ​មក​លេង​នៅ​ក្រុង​កំពង់ចាម ដោយ​បាន​នាំ​ប្រពន្ធ​ចុះ​ងូតទឹក​លេង​នៅ​ផែ​កម្សាន្ត​ជិត​គល់​ស្ពាន​គី​ហ្ស៊ុ​ណា ពិតជា​មាន​អារម្មណ៍​ស្រស់ថ្លា នៅ​ពេល​ដែល​បាន​អង្គុយ​ស្រូប​យក​ខ្យល់អាកាស​ជំនោរ​ទន្លេមេគង្គ សប្បាយ​រីករាយ​ជាមួយនឹង​កូន​ៗ​ជា​ច្រើន​នាក់​។ ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ គាត់​មិន​ដែល​បានឃើញ​ផែបណ្តែត​ទឹក ទន្លេមេគង្គ​មាន​មនុស្ស​មក​ងូតទឹក​លេង​បែប​នេះ​ទេ ហើយ​បច្ចុប្បន្ន​ក្រុង​កំពង់ចាម ក្រោម​ការ​ដឹកនាំ​របស់​អាជ្ញាធរ​ខេត្ត​បាន​ប្រឹងប្រែង​អភិវឌ្ឍ​ធ្វើ​សួនច្បារ​តាម​មាត់ទន្លេ​ស្រស់​ស្អាត ពេល​ណា​ដែល​ទំនេរ​ពី​ការ​ធ្វើ​ចម្ការ​នោះ នឹង​នាំ​សមាជិក​ក្រុម​គ្រួសារ​មក​កម្សាន្ត ជា​បន្ត​ទៀត​នៅ​កន្លែង​ងូតទឹក​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​នឹង​គេ​។

ចំណែក​លោក ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ផែ​ងូត​កម្សាន្ត​ខាងលើ​នេះ គឺជា​សមិទ្ធិ​ផល​ថ្មី​មួយទៀត​របស់​ខេត្តកំពង់ចាម ជាមួយ​នោះ​មានការ​កំណត់​តម្លៃ​សម្រាប់​ភ្ញៀវ​ជាតិ​ក្នុង​ម្នាក់​៤.០០០​រៀល និង​បរទេស​៨.០០០​រៀល ហើយ​អាជ្ញាធរ​ឲ្យ​មានការ​រៀបចំ​ភ្លើង​លម្អ​ចុះ​ពីលើ​ច្រាំង​ទន្លេ​ដល់​កន្លែង​ងូត​ផង​ដែរ​។ ហើយ​ក៏​ឲ្យ​មាន​ដាក់​ពោង​សម្រាប់​នាវាចរ​ដែល​បើក​ឆ្លងកាត់​បានឃើញ​នៅ​ពេល​យប់ ជាមួយ​នោះ​មាន​កម្លាំង​សន្តិសុខ​ដាក់​នៅ​ប្រចាំការ ដើម្បី​ឃ្លាំមើល​អ្នក​មក​លេង​ទឹក​ធ្វើ​យ៉ាងណា ឲ្យ​មាន​សុវត្ថិភាព​ដល់​អ្នក​មក​កម្សាន្ត​៕