ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​ខ្មែរ​ប៉ះ​ថៃ​លើ​សង្វៀន​អន្តរជាតិ​ល្ងាចស្អែក​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ មេ​សា ល្ងាចស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ មិន​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅឡើយ​ទេ បន្ទាប់​ពី​បាន​រក​ឃើញ​កីឡាករ​ឡាវ​ជា​ម្ចាស់​ជើងឯក ដោយ​ជំនួស

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ មេ​សា ល្ងាចស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ មិន​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅឡើយ​ទេ បន្ទាប់​ពី​បាន​រក​ឃើញ​កីឡាករ​ឡាវ​ជា​ម្ចាស់​ជើងឯក ដោយ​ជំនួស​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​វិញ ។ កីឡាករ​ជើង​ខ្លាំង ម៉​នវិ​រៈ និង​សុខ សុវណ្ណ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដែល​ល្បី​ថា​ខ្លាំង​មិនធម្មតា​ដែរ​នោះ ។

 បើ​ទោះជា​បាន​បញ្ចប់​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ តែ​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ស្រទាប់​អ្នក​ស្នេហា​កីឡាប្រដាល់ ។ កីឡាករ​ម្នាក់​ៗទាំង​កម្ពុជា និង​បរទេស​សុទ្ធតែ​បាន​រួម​គ្នា​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ទាំងមូល​កន្ត្រាក់​ការ​គាំទ្រ​ក្នុង​ពេល​កីឡាករ​បរទេស​ក៏​បាន​រុញ​ឱ្យ​ការ​ប្រកួត​មាន​ភាព​ទាក់ទាញ​ខ្លាំង​ណាស់​ដែរ ។ អ្នកគាំទ្រ​កីឡាករ​កម្ពុជា​នៅ​តែ​មាន​អារម្មណ៍​ខកចិត្ត​ក្នុង​ពេល​ការ​ប្រកួត​ចុង​ក្រោយ​មិន​ទទួល​បាន​ផ្លែផ្កា​តាម​ការ​ចង់បាន ។ អ្នកគាំទ្រ​ទាំងនោះ​ទទូច​ឱ្យ​ឆាប់​រៀបចំ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជា​ថ្មី​ដើម្បី​បានឃើញ​ការ​ប្រដាល់​ដ៏​គួរ​ឱ្យ​ជក់ចិត្ត​នោះ​។ មន្ត្រី​ជា​អ្នក​រៀបចំ​បាន​អះអាង​ថា ការ​ប្រកួត​វគ្គ​បន្ទាប់​នឹង​ត្រូវ​កើតឡើង​ក្នុង​ពេល​ខាង​មុខ ដោយ​ក្រោយ​បញ្ចប់​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ នឹង​ចាប់ផ្ដើម​រៀបចំ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជា​ថ្មី ។ លោ​កថា​សមាសភាព​ដែល​ត្រូវ​ប្រកួត​សម្រាប់​វគ្គ​ថ្មី បាន​រៀប​រួច​ហើយ ហើយ​មិនយូរ​នោះ​ទេ ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ឡើង​ក្រោយ​ពី​ពិធី​បុណ្យចូលឆ្នាំ​ត្រូវ​អស់​ចំហាយ​ទាំងស្រុង ។ លោក​ទទូច​ឱ្យ​មានការ​គាំទ្រ​ចំពោះ​ការ​ប្រដាល់​ឱ្យ​បាន​ច្រើន ដោយ​លោក​បញ្ជាក់​ថា កីឡាប្រដាល់​មានការ​រីក​ចម្រើន​មែនហើយ​ប៉ុន្តែ​សម្រាប់​អ្នក​ទស្សនា​ហាក់​មានការ​គាំទ្រ​នៅ​មាន​កម្រិត ។ ក្នុង​នោះ​អ្នកគាំទ្រ​មួយ​ចំនួន​បាន​យក​ការ​ប្រដាល់​ធ្វើ​ជា​អាជីវកម្ម ដោយ​ការ​ចាក់​ភ្នាល់ ហើយ​លាប​ពណ៌​ថា គណៈកម្ម​ការ​ផ្ដល់​ពិន្ទុ​មិន​យុត្តិធម៌​ប៉ាតណាប៉ាតណី​នោះ​ទៅ​វិញ​នៅ​ពេល​កីឡាករ​ដែល​ពួក​គេ​ភ្នាល់​មិន​ឈ្នះ​តាម​ការ​ចង់បាន ។ លោក​ថា អ្នកគាំទ្រ​បែប​នេះ បាន​ធ្វើ​ឱ្យ​វិស័យ​ប្រដាល់​បាក់មុខ ប៉ុន្តែ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​នឹង​សម្រាំង​ការ​ប្រដាល់​ឱ្យ​មានគុណ​ភាព​១០០​ភាគរយ ដោយ​មិន​ចេញ​លទ្ធផល​តាម​ការ​គូសវាស​របស់​អ្នក​ភ្នាល់​នោះ​ទេ ។ លោក​នៅ​តែ​ថា អ្នក​ភ្នាល់​ជា​អ្នក​ធ្វើ​ឱ្យ​វិស័យ​ប្រដាល់​បាក់មុខ ប៉ុន្តែ​អ្នកគាំទ្រ​ផ្កាប់មុខ​ទាំងនោះ ក៏​ជួយ​ឱ្យ​វិស័យ​ប្រដាល់​មាន​ភាព​ផុលផុស​ផង​ដែរ ។ 

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា រាល់​ការ​ប្រកួត​ដណ្ដើម​ខ្សែ ក្រវាត់​រមែង​មានការ​លើក​ឡើង​ថា​យុត្តិធម៌ និង​មិន​យុត្តិធម៌ ដែល​សុទ្ធតែ​ជា​ការ​លាប​ពណ៌​នៅ​ពេល​ការ​ប្រកួត​រវាង​កីឡាករ​ដែល​ពួក​គេ​ភ្នាល់​មិន​បាន​ជោគជ័យ ។ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​៣​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ នឹង​សម្រាំង​ឱ្យ​ល្អ​នូវ​កីឡាករ​ដើម្បី​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ខា​រ៉ា​បាវ​មាន​ភាព​លេចធ្លោ ។ 

ងាក​មក​កាន់ការ​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​សៅរ៍​នេះ​វិញ លោក ញាណ សុធី បញ្ជាក់​ថា​កីឡាករ ម៉​ន វិ​រៈ មក​ពី​ក្លិប​ការិយាល័យ​កងទ័ព​ជើងគោ​គ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Chai Phat ។ លោក​ថា កីឡាករ​កម្ពុជា​នឹង​មិន​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ទេ ថ្វី​ដ្បិតថា គេ​ប្រកួត​ឈ្នះ​នឹង​ឈាន​ឡើង​ក្រេ​ឌី​ត តែបើ​ចាញ់​នឹង​រង​ការ​រិះគន់​ថា​ប្រកួត​ធ្លាក់ដៃ​។ លោក​ថា កីឡាករ​រូប​នេះ ត្រូវការ​ឈ្នះ​ដើម្បី​លុបលាង​ភាព​អាម៉ាស់​ដែល​ធ្លាប់​ចាញ់​កន្លង​មក ខណៈ​ដែល​កីឡាករ​ថៃ​ក៏​ប្រា​ថា្ន​ចង់​ឈ្នះ​ដូច​គ្នា ។ កីឡាករ​ថៃ​ត្រូវ​លោក​ប្រកាស​ថា ធ្លាប់​ប្រកួត​៥៧​លើក ឈ្នះ​៥២​លើក ចាញ់​៥​លើក មិន​ដែល​ស្មើ ក្នុង​ពេល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​រហូត​ដល់​១៤១​លើក ឈ្នះ​១២២​លើក ចាញ់​១៨​លើក និង​ស្មើ​១​លើក ។

សម្រាប់​កីឡាករ សុខ សុវណ្ណ មក​ពី​ក្លិប​ក្រសួងការពារជាតិ លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Pravit ក្នុង​លក្ខណៈ​មិត្តភាព​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​នោះ​ដែរ ។ លោក​ថា ឆ្លងកាត់​ការ​ប្រកួត​បាន​ច្រើន​លើក​លោក​ក៏​មិន​ទាន់​ហ៊ាន​ទុកចិត្ត​កីឡាករ​កម្ពុជា​១០០​ភាគរយ​នោះ​ដែរ បើ​ទោះជា​គេ​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន និង​ឡើង​កូដ ។ នោះ​គឺ​ដោយសារ​តែ​កីឡាករ​កម្ពុជា​ក៏​ខ្លាំង​មិនធម្មតា ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៩២​លើក ឈ្នះ​៧៩​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៦៦​លើក ឈ្នះ​៥៣​លើក ចាញ់​១០​លើក និង​ស្មើ​៣​លើក ទើប​លោក​មិន​ហ៊ាន​ទុកចិត្ត​កីឡាករ​កម្ពុជា ៕