ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​៨៧​ខ្នង​ប៉ើង​ដំបូល និង​ដួល​រលំ ហើយ​មនុស្ស​ម្នាក់​ស្លា.ប់​ដោយ​គ្រោះ​ធម្មជាតិ

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​ចោល​ប្រពន្ធ និង​កូន ផ្ទះ​៨៧​ខ្នង ត្រូវ​បាន​ប៉ើង​ដំបូល​និង​ដួល​រលំ ខណៈ​មាន​ទឹកភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​ចោល​ប្រពន្ធ និង​កូន ផ្ទះ​៨៧​ខ្នង ត្រូវ​បាន​ប៉ើង​ដំបូល​និង​ដួល​រលំ ខណៈ​មាន​ទឹកភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ រន្ទះបាញ់​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៥ មេ​សា ២០១៧ ហេតុការណ៍​នេះ​កើតឡើង​ទៅ​លើ​៣​ភូមិ ស្ថិត​ក្នុង​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ធម្មជាតិ​នេះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មេឃ​មាន​កម្តៅ​យ៉ាង​ខ្លាំង​ស្ទើរតែ​អត់ទ្រាំ​មិន​បាន តែ​ក្រោយ​ពី​មាន​កម្តៅ​ស្រាប់តែ​មេឃ​ឡើង​ពពក​ពណ៌​ខៅ​ដុំ​ៗ​ងងឹត ស្រាប់តែ​បន្តិច​ក្រោយមក​មាន​ទឹកភ្លៀង​ធ្លាក់​មួយ​មេ​ធំ លាយឡំ​ដោយ​មាន​ខ្យល់​កន្ត្រាក់ ហើយ​មាន​រន្ទះបាញ់​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ដោយឡែក​ផ្ទះ​ជា​ច្រើន​ខ្នង​រង​ការ​ខូចខាត​។​

លោក អ៊ុ​ង សុ​ភ័​ក្រ អភិបាលក្រុង​សំរោង​បានឱ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​នេះ​បាន​កើតឡើង​ទៅ​លើ​ភូមិ​ចំនួន​៤ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង គឺ​ភូមិ​ខ្ទុ​ម ភូមិ​ថ្នល់​បត់ ភូមិ​តា​ម៉ា​ន និង​ភូមិ​ថ្មី ដែល​រង​ការ​ខូចខាត​៨៧​ខ្នង​ផ្ទះ ខណៈនោះ​ដែរ​ប៉ើង​ដំបូល​៨៣​ផ្ទះ ដួល​រលំ​ដល់​ដី​ខូចខាត​ទាំងស្រុង​២​ខ្នង ធ្លាក់​ពីលើ​ជើង​តាង​២​ខ្នង​ផ្ទះ រួម​ទាំង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ដូច​ជា​គោ​យន្ត​កន្ត្រៃ​២​គ្រឿង​រង​ការ​ខូចខាត ស្រូវ​ចំនួន​២០​បាវ លើស​ពី​នោះ​សម្ភារ​ផ្សេង​ៗ​ទៀត មនុស្ស​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​ឈ្មោះ យ៉ុ​ន មួ​ត ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខ្ទុ​ម សង្កាត់​កូន​គ្រៀល ក្រុង​សំរោង​។

លោក អ៊ុ​ង សុ​ភ័​ក្រ អភិបាលក្រុង​បាន​មាន​ប្រសាសន៍​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ២០១៧ នេះ ក្រុមការងារ​ថ្នាក់​ក្រុង និង​ខេត្ត​បាន​នាំ​យក​ជា​អំណោយ​កាកបាទក្រហមកម្ពុជា​ខេត្តឧត្តរមានជ័យ ចែក​ជូន​ដល់​គ្រួសារ​សព និង​អ្នក​ដែល​រង​ការ​ខូចខាត​លំនៅ​ឋាន​ធ្ងន់​ចំនួន​៤​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ក​ចំនួន​៥០​គីឡូក្រាម មី​មួយ​កេះ ទឹកត្រី​មួយ​យួរ ទឹក​ស៊ី​អី​វ​មួយ​យួរ និង​ថវិកា​មួយ​ចំនួន​ទៀត​។

លោក​បាន​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ទាំង​៨៧​គ្រួសារ​នេះ លោក​បាន​ធ្វើ​ជា​របាយការណ៍​ជូន​ទៅ​ថ្នាក់​ខេត្ត​ហើយ ថ្នាក់​ខេត្ត​នឹង​បន្ត​ទៅ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​នឹង​សង្ឃឹមថា នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ អាច​ក្រុមការងារ​សម្តេច​ពាំនាំ​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ជាក់​ជា​មិន​ខាន​ឡើយ​៕