អាមេរិក ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ស្ត្រីអាយុ៣០ឆ្នាំម្នាក់ មកពី Austin រដ្ឋតិចសាស បានជាប់ចំណាត់ថ្នាក់លេខមួយ និងទទួលបានរថយន្តថ្មីស្រឡាងមួយគ្រឿង ម៉ាក KIA Optima LX ឆ្នាំ២០១៧ បន្ទាប់ពីបានថើបរថយន្តនោះអស់ពេលជាង៥០ម៉ោង នៅក្នុងកម្មវិធីប្រកួត “Kiss a KIA”។
ដោយមានការឧបត្ថម្ភពីសំណាក់វិទ្យុ iHeat 96.7FM ការប្រកួត Kiss a KIA បានចាប់ផ្តើមនៅថ្ងៃច័ន្ទពេលព្រឹក ជាមួយនឹងមនុស្ស២០នាក់ចូលរួមប្រកួត ដោយយកមាត់របស់ពួកគេដាក់ឲ្យជាប់ទៅនឹងរថយន្ត ដើម្បីមានឱកាសឈ្នះរថយន្តនោះយកទៅផ្ទះ។ លក្ខខណ្ឌក្នុងការឈ្នះគឺពិតជាសាមញ្ញមែនទែន។ ពោលគឺគ្រាន់តែក្លាយទៅជាបេក្ខជនចុងក្រោយគេ ដែលនៅថើបរថយន្តក្រោយពេល៥០ម៉ោងជាការស្រេច។ តែប្រសិនបើក្រោយពេល៥០ម៉ោងហើយ តែនៅមានបេក្ខជនសល់ច្រើនជាងម្នាក់ គេនឹងដាក់ឈ្មោះធ្វើការចាប់ឆ្នោត។ បេក្ខជនមានពេល១០នាទីក្នុងការសម្រាកទៅបត់ដៃបត់ជើង និង ផឹកទឹកទទួលទានអាហារ ក្រោយពេល១ម៉ោងម្តង។ អ្វីដែលសំខាន់បំផុតគឺ ពួកគេត្រូវដាច់ខាតដាក់មាត់ឲ្យជាប់ទៅនឹងរថយន្តនោះ។ បើហ៊ានតែរបូតចេញ គឺនឹងត្រូវធ្លាក់ចេញពីការប្រកួត។
ក្រោយពេល៥០ម៉ោង ដែលត្រូវនឹងថ្ងៃពុធ ម៉ោង៩ព្រឹក គេឃើញនៅមានបេក្ខជន៧នាក់ នៅមិនទាន់ធ្លាក់ចេញពីការប្រកួត។ ដោយសារតែហេតុនេះហើយ ទើបពួកគេតម្រូវឲ្យចាប់ឆ្នោតផ្សងសំណាង។
ស្ត្រីវ័យ៣០ឆ្នាំ Dilini Jayasuriya គឺជាអ្នកឈ្នះរង្វាន់រថយន្តដ៏ថ្មីស្រឡាងមួយនេះ បន្ទាប់ពីធ្វើការចាប់ឆ្នោតរួបមក។ ចំពោះ៦នាក់ទៀត ក៏ទទួលបានរង្វាន់លើកទឹកចិត្ត ជាសំបុត្រចូលមើលការប្រគុំតន្ត្រី។
Dilini បាននិយាយថា៖ «ខ្ញុំឡើងពងបែកក្នុងមាត់ ហើយច្រមុះរបស់ខ្ញុំឡើងក្រហម។ និយាយទៅគឺពិតជាពិបាកណាស់»៕
ចែករំលែកព័តមាននេះ