ឧត្តមនាវី HARRY HARRIS JR មេបញ្ជាការកងនាវាចរណ៍អាមេរិកនៅប៉ាស៊ីហ្វិកវាយតម្លៃថា កងទ័ពអាមេរិកអាចការពារបានការវាយប្រហារជាយថាហេតុមួយពីសំណាក់កូរ៉េខាងជើង ។
ឧត្តមនាវីរូបនេះថ្លែងថា បណ្តានាវាចម្បាំងអាមេរិកអាចរុញច្រានការវាយប្រហារដោយមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងក្នុងករណីមានជម្លោះយោធាមួយនៅជិតឧបទ្វីបកូរ៉េ ។ ខ្ញុំប្រាកដក្នុងចិត្ត ហើយលោកបញ្ជាក់ថា ក្រុមនាវាចម្បាំងនាំមុខដោយនាវាផ្ទុកយន្តហោះ USS CARL VINSON អាចពុំត្រឹមតែការពារខ្លួនប៉ុណ្ណោះទេ តែក៏អាចបង្ហាញកម្លាំងយោធារបស់ខ្លួន ប្រសិនបើទទួលបទបញ្ជាបែបនេះពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ។
នៅមុខសភាអាមេរិកលោកគូសបញ្ជាក់ថា យើងមានបណ្តានាវាជាមួយមីស៊ីលបាលីស្ទិកក្នុងសមុទ្រជប៉ុនហៅសមុទ្រខាងកើត ដែលអាចការពារខ្លួន ។ កូរ៉េខាងជើងពុំមានមីស៊ីលបាលីស្ទិកប្រឆាំងនាវាឡើយ ។ វាងាយស្រួលក្នុងកិច្ចការពារខ្លួនប្រឆាំងបណ្តាអាវុធដែលកូរ៉េខាងជើងអាចប្រើប្រាស់ប្រឆាំងកងនាវារបស់យើង ។
រយៈពេលចុងក្រោយនេះ ភាពតានតឹងឡើងខ្លាំងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដោយសារការសាកល្បងមីស៊ីលរបស់កងទ័ពកូរ៉េខាងជើង និងការសង្ស័យពីការសាកល្បងនុយក្លេអ៊ែរថ្មីរបស់ក្រុងព្យុងយ៉ាង ។ កូរ៉េខាងជើងរហូតដល់គំរាមបាញ់ពន្លិចនាវាផ្ទុកយន្តហោះនុយក្លេអ៊ែរ CARL VINSON ទៀតផង ។
មុននេះក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានដាក់ជូនប្រធានាធិបតី លោកត្រាំ នូវរបាយការណ៍មួយពីបណ្តាលទ្ធភាពនៃប្រតិកម្មរបស់សហរដ្ឋអាមេរិកចំពោះការគំរាមកំហែងនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ដែលក្នុងនោះក៏មានលទ្ធភាពដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងត្បូងផងដែរ ។
មានអ្នកវិភាគជាច្រើនធ្វើការទស្សន៍ទាយទាក់ទិននឹងលទ្ធផលនៃភាពតានតឹងរវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោន ។ យោងតាមកាសែត DAILY STAR ថា ការវាយប្រហារនុយក្លេអ៊ែរជាយថាហេតុរបស់កូរ៉េខាងជើងប្រឆាំងសហរដ្ឋអាេមរិកនឹងបណ្តាលឱ្យមានជនរងគ្រោះច្រើនពាន់នាក់ក្នុងចំណោមប្រជាជនអាមេរិក ។ កាសែតនេះគិតថា ក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរលើដែនដីអាមេរិកមនុស្សប្រមាណ៦១.០០០នាក់អាចស្លាប់ ។ យោងតាមកាសែតអង់គ្លេសនេះថា ពលរដ្ឋអាមេរិកអាចស្លាប់ក្នុងភ្លើង ឬស្លាប់ក្រោយការផ្ទុះមួយ ឬពុលស្លាប់ដោយសារវិទ្យុសកម្ម ។ ម្យ៉ាងទៀតមនុស្ស៦៥.០០០នាក់ អាចរងគ្រោះដោយពន្លឺកម្តៅ ដែលអាចឱ្យមានការរលាកខ្លាំង កើតដំបៅធ្ងន់ធ្ងរ ហើយស្លាប់ដោយរបួសធ្ងន់បែបនេះ ៕
ចែករំលែកព័តមាននេះ