ឧបការីរងអាមេរិក ផ្តល់សម្ភាសន៍ជាមួយ «កោះសន្តិភាព» ពីជំហររដ្ឋបាលលោក ដូណាល់ ត្រាំ ចំពោះកម្ពុជា
រាជធានីភ្នំពេញ ៖ លោក Patrick Murphy ឧបការីរងក្រសួងការបរទេសអាមេរិកនៃរដ្ឋបាលថ្មីដឹកនាំដោយលោកប្រធានាធិបតីដូណាល់ ត្រាំ
រាជធានីភ្នំពេញ ៖ លោក Patrick Murphy ឧបការីរងក្រសួងការបរទេសអាមេរិកនៃរដ្ឋបាលថ្មីដឹកនាំដោយលោកប្រធានាធិបតីដូណាល់ ត្រាំ
រាជធានីភ្នំពេញ ៖ លោក Patrick Murphy ឧបការីរងក្រសួងការបរទេសអាមេរិកនៃរដ្ឋបាលថ្មីដឹកនាំដោយលោកប្រធានាធិបតីដូណាល់ ត្រាំ បានចំណាយពេលមួយថ្ងៃនៅកម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងបានជួបប្រជុំជាមួយមន្ត្រីរាជរដ្ឋាភិបាល គណបក្សនយោបាយ និងសង្គមស៊ីវិលនៅកម្ពុជា ។ មុនពេលចាកចេញពីរាជធានីភ្នំពេញនិងបន្ទាប់ពីបញ្ចប់ទស្សនកិច្ចនេះ លោក Patrick Murphy ឧបការីរងក្រសួងការបរទេសអាមេរិកបានផ្តល់បទសម្ភាសន៍ផ្ទាល់ជាមួយកាសែត«កោះសន្តិភាព»នៅគេហដ្ឋានរបស់លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ។
លោក Patrick Murphy បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាអ្វីដែលលោកបានលើកឡើងគឺតំណាងឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ។ លោកបានជួបជាមួយលោកទេសរដ្ឋមន្រី្តប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស គណបក្សនយោបាយ សង្គមស៊ីវិល និងយុវជនជាដើម ។ លោកបានបញ្ជាក់ថា ការងាររបស់លោកទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងកើត ។
លោក Patrick Murphy បានលើកឡើងថា លោកបានមកកម្ពុជាលើកដំបូងក្នុងនាមជាឧបការីរងនៃរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនាពេលនេះតំណាងឱ្យរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ។ ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកបានអញ្ជើញលោកប្រាក់ សុខុន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិកនៅពេលខាងមុខនេះនៅទីក្រុងវ៉ាស៊ីនតោន ។
នៅពេលសួរថា តើលោកយល់យ៉ាងណាដែរចំពោះបញ្ហាទូទៅនិងស្ថានភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា គណបក្សនយោបាយ និងសង្គមស៊ីវិល ?
លោក Patrick Murphy បានថ្លែងថា សហរដ្ឋអាមេរិកយល់ថា ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ត្រូវបានយកចិត្តទុកដាក់ចំពោះប្រទេសប្រកាន់របបប្រជាធិបតេយ្យនៅក្នុងពិភពលោកមិនមែនតែកម្ពុជាទេ ។ លោកថា«លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានភាពក្មេងខ្ចីនៅឡើយ» ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកជាប្រទេសគំរូផ្នែកប្រជាធិបតេយ្យនៅតែមានការខុសឆ្គងមិនថាប្រទេសដទៃទេ តែអ្វីដែលសំខាន់ត្រូវខិតខំពង្រឹងទាំងអស់គ្នាបន្ថែមទៀត ។
លោក Patrick Murphy បន្តថា លោកបានទំនាក់ទំនងជាមួយប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់ជាយូរហើយ តែពេលនេះជាលើកដំបូងដែលលោកបានមកកម្ពុជាក្នុងនាមតំណាងឱ្យលោករដ្ឋមន្ត្រីក្រសួងការបរទេសនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ។ លោកមានប្រសាសន៍ថា ចំពោះទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ជាពិសេសអាស៊ាន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះរដ្ឋមន្ត្រីការបរទេសអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិកនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ សប្តាហ៍ក្រោយនៅទីក្រុងវ៉ាស៊ីនតោន ។
លោក Patrick Murphy បានថ្លែងថា កន្លងមកសហរដ្ឋអាមេរិកមានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជាលើគ្រប់វិស័យក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ ។ ចំពោះបញ្ហាស្ថានភាពទូទៅទាក់ទងនឹងនយោបាយនៅកម្ពុជាវិញ លោកបានបញ្ជាក់ថាក្នុងពេលបំពេញទស្សនកិច្ចនេះលោកបានពិភាក្សាលើការងាររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ(កម្ពុជា-អាមេរិក) ។
លោក Patrick Murphy បានបញ្ជាក់ទៀតថា ក្នុងនាមលោកតំណាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោកបានជួបពិភាក្សារយៈពេលវែងជាមួយលោកទេសរដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ។ ក្នុងជំនួបនោះលោកបានលើកឡើងពីភាពវិជ្ជមាន និងអវិជ្ជមានក្នុងតំបន់ដោយទ្វេភាគីត្រង់ទៅត្រង់មក ។
សំណួរបន្តទៅកាន់លោក Patrick Murphyទៀតថា ចំពោះករណីរឿងបន្លំចូលពន្ធនាគារព្រៃសដែលអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីម្នាក់គឺលោកជុន ច័ន្ទបុត្រ កាលពីថ្ងៃទី១៩ មេសាកន្លងទៅនេះត្រូវបានតុលាការកោះហៅចូលបំភ្លឺ តើលោកបានលើកឡើងពីបញ្ហានេះជាមួយភាគីដែលលោកបានជួបពិភាក្សាដែរឬទេ ?
លោក Patrick Murphy ថ្លែងថា វិទ្យុអាស៊ីសេរីជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ តែលោកមិនអាចអត្ថាធិប្បាយចំពោះបញ្ហានេះច្បាស់បានទេ ដោយលោកបានបង្វែរសំណួរនេះទៅលោកវីល្លៀម ហីត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាវិញ ។ ចំពោះលោកឯកអគ្គរដ្ឋទូតថ្លែងថា៖ «ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយបានទេ ។ ចំពោះថាបុរសនោះយ៉ាងម៉េចនោះ គួរសួរទៅអ្នកគ្រប់គ្រងរបស់គាត់ទៅ» ។
លោក Patrick Murphy ថ្លែងថា «ក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិកដោយផ្នែកលើការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យយើងចែករំលែកនូវលទ្ធិប្រជាធិបតេយ្យជាពិសេសប្រទេសកម្ពុជា តែចំពោះទស្សនៈរបស់សហរដ្ឋអាមេរិកមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ ។ យើងមានការពិភាក្សាស្មើមុខគ្នាជាមួយគណបក្សនយោបាយ ។ លោកបញ្ជាក់ថា សហរដ្ឋអាមេរិកមិនលូកដៃចូលក្នុងការងារកម្ពុជាទេ ។ ចំពោះសំណួរដែលទាក់ទងនឹងការ បោះឆ្នោតនៅកម្ពុជានៅពេលខាងមុខវិញសហរដ្ឋអាមេរិកយល់យ៉ាងណាដែរ ? លោក Patrick Murphyថ្លែងថា លោកគោរពលើអាជ្ញាធរកម្ពុជា និងប្រជាជនកម្ពុជាមិនផ្តោតលើកថាតើអ្នកណាជាប់ឆ្នោតឬអ្នកណាឈរឈ្មោះបោះឆ្នោតនោះទេ ។ សំខាន់អ្វីដែលយើងលើកឡើងដដែលថា សហរដ្ឋអាមេរិកបានចែករំលែកលទ្ធិប្រជាធិបតេយ្យដល់កម្ពុជា និងមិនលូកដៃចូលក្នុងកិច្ចការកម្ពុជាទេ ។
ចំណែកបញ្ហាទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិកវិញ លោក Patrick Murphy បានលើកឡើងថា ពាណិជ្ជកម្មមានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិកជាយូរយារណាស់មកហើយ ។ នៅអាស៊ីប៉ាស៊ីហ្វិកត្រូវបានជ្រើសរើសជាដៃគូពាណិជ្ជកម្មដ៏មានសារៈសំខាន់របស់អាមេរិក ។
លោក Patrick Murphy ថ្លែងថា ចំពោះប្រទេសកម្ពុជាវិញ ទំនាក់ទំនងពាណិជ្ជកម្មត្រូវបានអនុគ្រោះពន្ធនាំចូលអាមេរិក និងបង្កើនផលិតផលទៅកាន់អាមេរិក ។ លោកបន្តថា«យើងរីករាយនឹងឃើញទំនិញបន្ថែមទៀតទៅកាន់អាមេរិក» ។ លោកថា រដ្ឋាភិបាលថ្មីអាមេរិក នៅតែមានទំនាក់ទំនង ពាណិជ្ជកម្មនៅក្នុងតំបន់ ។
ចំពោះបំណុលដែលកម្ពុជាជំពាក់អាមេរិកនោះតើរដ្ឋាភិបាលលោកត្រាំនឹងគិតគូរយ៉ាងណានៅពេលដែលកម្ពុជាសុំលុបបំណុលចាស់ទាំងនោះ ? លោក Patrick Murphy ថ្លែងថាចំពោះបំណុលនោះវាមានភាពស្មុគស្មាញណាស់ ។ លោកថា បញ្ហាដំបូងរវាងកម្ពុជានិងអាមេរិកកាលពីពេលកន្លងទៅជាយូរមកហើយ មិនដែលមានបញ្ហាស្មុគស្មាញទេ ។ លោកថា៖ «ខ្ញុំយល់ថា បញ្ហានេះផ្អែកទៅលើការពិភាក្សាគ្នាជាចម្បង ។ សហរដ្ឋអាមេរិកបើកចំហការពិភាក្សាជាមួយប្រទេសកម្ពុជាចំពោះបញ្ហាបំណុលនេះ» ។
លោក Patrick Murphy ថ្លែងទៀតថា គេមានការចាប់អារម្មណ៍បញ្ហាបំណុលនេះ ចំពោះការលើកឡើងបញ្ហានេះ ទោះបីលោកមិនមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុក្តី ក៏លោកគិតថា គ្មានប្រទេសណាដែលមិនជាប់បំណុលគេនោះទេ ។ ការពិភាក្សាលម្អិតនឹងត្រូវធ្វើឡើងចំពោះបញ្ហានេះ ហើយជាទូទៅលោកយល់ថារដ្ឋាភិបាលអាមេរិកមិនអាចលុបចោលបំណុលម្តងណាទេ ។
យោងតាមការប្រកាសរបស់ក្រសួងការបរទេសក្នុងជំនួបរវាងលោកទេសរដ្ឋមន្ត្រីប្រាក់ សុខុន និងលោក Patrick Murphy នាថ្ងៃទី ២៥ មេសា នៅទីស្តីការក្រសួង លោកទេសរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក ហើយនិងមនោសញ្ចេតនារីករាយក្នុងការជួបពិភាក្សាការងារលើកដំបូងជាមួយឧត្តមមន្ត្រីនៃរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ។
លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកឧបការីរង អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការសហការជាមួយរដ្ឋាភិបាលអាមេរិកថ្មី ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរនិងបានចាត់ទុកទស្សនកិច្ចរបស់លោកឧបការីរងថា ជាឱកាសដែលរដ្ឋាភិបាលប្រទេសទាំងពីរពិភាក្សាផ្លាស់ប្តូរយោបល់លើទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ។
ក្នុងការពិភាក្សាលើបញ្ហាឧបទ្វីបកូរ៉េ លោកទេសរដ្ឋមន្ត្រី បានជម្រាបពីជំហរបស់កម្ពុជាចាត់ទុកការបាញ់មីស៊ីល និងការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងថាជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ហើយក្នុងនាមជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញា ស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ កម្ពុជាមានជំហរចង់ឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ ពិសេសនៅឧបទ្វីបកូរ៉េដោយសន្តិវិធី ។
លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គោរពតាមរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហើយក្នុងស្មារតីនេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនព័ត៌មានទៅដល់គ្រប់ស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់អនុវត្តឱ្យបានពេញលេញទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ។
លោក Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះជំហររបស់កម្ពុជាលើបញ្ហាឧបទ្វីបកូរ៉េ ហើយនិងការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តទៅតាមសេចក្តីសម្រេចចិត្តទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ។
ក្នុងការពិភាក្សានៅលើបញ្ហាសមុទ្រចិនខាងត្បូង លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីជំហរជាគោលការណ៍របស់កម្ពុជាដែលជាប្រទេសពុំមានការពាក់ព័ន្ធផ្ទាល់ក្នុងជម្លោះទឹកដី ចង់ឱ្យមានការចៀសវាងនូវសកម្មភាពដែលអាចបង្កភាពតានតឹងបន្ថែមទៀតដល់សភាពការណ៍នៅសមុទ្រចិនខាងត្បូង និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងអាស៊ាន-ចិន ហើយនិងការខិតខំកន្លងមករបស់កម្ពុជា ក្នុងការសម្របសម្រួលរវាងអាស៊ាន-ចិន ។
លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនលោក Patrick Murphy អំពីការវិវត្តជាវិជ្ជមានមួយចំនួនដូចជា ការតាំងចិត្តរបស់អាស៊ាន និងចិនក្នុងការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ (DOC) ការបង្កើតទំនាក់ទំនង Hotline រវាងក្រសួងការបរទេសអាស៊ាន-ចិន ការសន្ទនាប្រកបដោយវិជ្ជមាន រវាងប្រទេសចិន-ប្រទេសអាស៊ាន ដែលមានជម្លោះទឹកដីផ្ទាល់ ព្រមទាំងការប្តេជ្ញារបស់ប្រទេសអាស៊ាន និងចិនក្នុងការសម្រេចឱ្យបាននូវក្របខ័ណ្ឌនៃក្រមប្រតិបត្តិ (COC)នៅពាក់កណ្តាលឆ្នាំ២០១៧នេះ ដែលជាឯកសារគោលសម្រាប់ឈានដល់ការតាក់តែងក្រមប្រតិបត្តិ(COC) ។
ចំពោះទំនាក់ទំនងទ្វេភាគីលោក Patrick Murphy បានលើកសរសើរចំពោះសមិទ្ធផលនិងការអភិវឌ្ឍដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជាង២ទសវត្សកន្លងមកនេះ ហើយលោកក៏បានសម្តែងពីភាពរីករាយចំពោះស្ថានភាពដ៏ល្អនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ ។ លោក Patrick Murphy បានគូសបញ្ជាក់ពីបំណងរបស់រដ្ឋាភិបាលអាមេរិក ចង់ពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីនេះឱ្យកាន់តែល្អប្រសើរថែមទៀត ។ លោកឧបការីរង ក៏បានបញ្ជាក់ពីជំហររបស់អាមេរិក គោរពដោយពេញលេញចំពោះអធិបតេយ្យភាព និងមិនជ្រៀតជ្រែតចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ ។
លើបញ្ហាកិច្ចព្រមព្រៀងបញ្ជូនត្រឡប់មកកម្ពុជាវិញនូវពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា កន្លងមកមានការទិតៀនពីសំណាក់ពលរដ្ឋខ្មែរនៅក្នុងប្រទេស និងសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក ព្រមទាំងពីសាមីខ្លួន ដែលត្រូវបានបញ្ជូនមកកម្ពុជាផ្ទាល់ ដែលបានលើកឡើងពី«ទណ្ឌកម្មទ្វេដង»ដែលពួកគេត្រូវទទួល ទី១គឺការជាប់ទោសរួចទៅហើយនៅសហរដ្ឋអាមេរិក និងទី២ គឺការដែលត្រូវបានបញ្ជូនមកកម្ពុជាដែលពួកគេត្រូវឃ្លាតឆ្ងាយពីគ្រួសារ និងត្រូវប្រឈមនឹងការលំបាកជាច្រើនក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងសង្គមថ្មីមួយសម្រាប់ពួកគេ ។ លោកទេសរដ្ឋមន្ត្រី ក៏បានលើកយោបល់ឱ្យមានការគិតពិចារណាពីគោលការណ៍ស្ម័គ្រចិត្តការកំណត់ច្បាស់លាស់នូវលក្ខណៈវិនិច្ឆ័យសម្រាប់បុគ្គលដែលនឹងត្រូវបញ្ជូន ការផ្តល់សិទ្ធិឱ្យពួកគេធ្វើដំណើរទៅសួរសុខទុក្ខគ្រួសារនៅសហរដ្ឋអាមេរិកជាដើម ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងខាងលើ ដើម្បីធានាបាននូវទិដ្ឋភាពពីរគឺ ទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌ និងបានជម្រាបលោកឧបការីរងថា កម្ពុជាកំពុងបញ្ចប់នូវការតាក់តែងសេចក្តីព្រាងកម្រងវិសោធនកម្មនេះ ហើយនឹងប្រគល់ជូនស្ថានទូតអាមេរិកក្នុងពេលដ៏ឆាប់ខាងមុខនេះដើម្បីចាប់ផ្តើមការជួបពិភាក្សារវាងភាគីទាំងពីរលើសេចក្តីព្រាងនេះ ។
លោកទេសរដ្ឋមន្ត្រី បានអះអាងពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តទទួលយកនិងសហការជាមួយសហរដ្ឋអាមេរិក ដោះស្រាយបញ្ហាការបញ្ជូនពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជានេះ ។ ថ្មីៗនេះពលរដ្ឋខ្មែរចំនួន៨នាក់បានមកដល់កម្ពុជាហើយ រីឯចំនួន២៦នាក់ទៀតនឹងត្រូវមកកម្ពុជាជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ