ជំងឺអំបៅអំបែកត្រចៀកត្រូវប្រជាជនកម្ពុជាចាត់ទុកជាជំងឺសាមញ្ញមួយប្រភេទ បណ្តាលមកពីទឹកចូលក្នុងត្រចៀក ។ ឪពុកម្តាយមួយចំនួនតូចមិនសូវជាយកចិត្ដទុកដាក់ក្នុងការព្យាបាលប៉ុន្មានទេ ដោយគិតថាជាជំងឺសាមញ្ញ ដែលតាមពិតទៅជំងឺនេះជាជំងឺដែលមិនគួរនឹងមើលស្រាលទ្បើយ បើលោកអ្នកធ្វេសប្រហែសក្នុងការព្យាបាលនោះ ប្រាកដជាមានគ្រោះថ្នាក់មិនខានទេ ។
បើតាមលោកវេជ្ជបណ្ឌិត អ៊ុង នរិន្ទ ជាអនុប្រធានត្រចៀក ច្រមុះបំពងក E3(អគារទី៣) នៃមន្ទីរពេទ្យព្រះអង្គឌួង និងជាសមាជិកសមាគមត្រចៀកច្រមុះ បំពង់ក ក្បាលកម្ពុជា បានរៀបរាប់ប្រាប់កោះសន្តិភាពឲ្យដឹងថា អំបៅអំបែក ជាពាក្យហៅធម្មតារបស់ប្រជាពលរដ្ឋសាមញ្ញ ដែលគ្រូពេទ្យហៅតាមពាក្យបច្ចេកទេសថាជំងឺរលាកត្រចៀក ។ អំបៅអំបែកជាជំងឺរលាកភ្នាសមុយកឺ (ស្បែកស្ដើងគ្របពីលើ)របស់ត្រចៀកផ្នែកកណ្ដាល ។ ការរលាកនៃត្រចៀកខាងក្រៅអាចរីករាលដាលដល់ត្រចៀកខាងក្នុងដែរ ។
ជំងឺនេះមិនមែនបណ្តាលមកពីទឹកចូលក្នុងត្រចៀកទេ គឺបណ្តាលមកពីការឆ្លងចូលរបស់ពពួកមេរោគមួយចំនួនដូចជា៖
-បាក់តេរី និងពពួកផ្សិត ដោយមេរោគទាំងនេះចូលតាមត្រចៀកតាមរយៈកង្វះអនាម័យការត្បារ ការខ្វេះ ការកាយអាចម៍ត្រចៀក ជាមួយសម្ភារដែលមានមេរោគទាំងនោះ ។
-កុមារដែលតែងតែកើតមានជំងឺរលាកច្រមុះ បំពង់កញឹកញាប់ក៏ជាមូលហេតុនាំឲ្យកើតមានជំងឺរលាកត្រចៀកនេះដែរ ។
លោកវេជ្ជបណ្ឌិតដដែលបន្តទៀតថា រលាកត្រចៀកចាប់ពី៣ខែឡើងទៅ ហើយមានខ្ទុះហូរចេញមក គេហៅថាជំងឺអំបៅអំបែក ។ បន្ទាប់ពីកើតមានជំងឺនេះហើយ បើមិនបានព្យាបាល ចេះតែបណ្តោយទុកលើពី៣ខែឡើងទៅ ការព្យាបាលគ្មានប្រសិទ្ធភាពទេ និងនាំឲ្យមេរោគស៊ីក្រដាសត្រចៀក រហូតដល់ដាច់អស់ ហើយការព្យាបាលមានតែវះកាត់ប៉ុណ្ណោះ ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ក្រៅពីមេរោគស៊ីក្រដាសត្រចៀកហើយនោះ ជំងឺនេះអាចបណ្តាលឲ្យកើតមានបញ្ហា ងាប់មួយចំហៀងមុខ បាត់ក្លិន វៀចមាត់ និងកើតជំងឺរលាកស្រោមខួរក្បាល ដែលនាំឱ្យអ្នកជំងឺប្រកាច់ ហើយស្លាប់បាន ។ ក្នុងដំណាក់កាលនេះ ការព្យាបាលដោយការវះកាត់គឺមានតែការវះកាត់យកសាច់ រលួយៗចេញ និងប៉ះក្រដាសត្រចៀកឡើងវិញ ។ ដូច្នេះលោកអ្នកមិនគួរមើលរំលងជំងឺនេះទេ គួរតែព្យាបាលឲ្យបានទាន់ពេលវេលាទើបជាការប្រសើរ ៕
ចែករំលែកព័តមាននេះ