ទស្សនាវដ្តី«ស្វែងរកការពិត»ពិពណ៌នាថា ផ្សារធំថ្មីរចនាប្លង់ និងសាងសង់ដោយស្ថាបត្យករជាតិបារាំងនៅឆ្នាំ១៩៣៧ ក្នុង អំឡុងពេលដែលប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំង។ អំឡុងពេលនោះផ្សារធំថ្មី គឺជាផ្សារដ៏ធំបំផុតមួយក្នុងចំណោមផ្សារទាំងឡាយនៅតំបន់អាស៊ីភាគអាគ្នេយ៍។ ដោយរចនាលំនាំតាមផ្សារមួយនៅប្រទេសបារាំង ផ្សារធំថ្មីតែងតែបំពេញមុខងាររបស់ខ្លួនជាផ្សារលក់ដូរពហុទំនិញជារៀងរហូតមកសម្រាប់សាធារណជនទូទៅ លើកលែងតែក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមប៉ុណ្ណោះ ដោយពេលនោះផ្សារធំថ្មីបានបើកលក់ម្ហូបអាហារក្នុងលក្ខណៈទ្រង់ទ្រាយតូចសម្រាប់បម្រើដល់មន្ត្រីទូតបរទេសប្រចាំរបបកម្ពុជាប្រជាធិបតេយ្យ និងកម្មាភិបាលជាន់ខ្ពស់តែប៉ុណ្ណោះ ។
សព្វថ្ងៃផ្សារធំថ្មីគឺជាអគារប្រវត្តិសាស្ត្រ និងជាទីតាំងទាក់ទាញទេសចរមួយនៅរាជធានីភ្នំពេញ ។ សូមបង្ហាញជូនប្រិយមិត្តអ្នកអានពីរូបភាពនៃផ្សាធំថ្មីក្នុងសម័យកាលបួនផ្សេងគ្នា៖
១-ផ្សារធំថ្មីកាលពីអំឡុងសម័យទសវត្សរ៍ឆ្នាំ៦០ ឬ៧០ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបរទេសជាន់ខ្ពស់មកប្រទេសកម្ពុជា ។
២-ផ្សារធំថ្មីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ កាលនោះផ្សារធំថ្មីត្រូវបានបិទទ្វារលែងមានការលក់ដូរសម្រាប់ប្រជាជនធម្មតា ប៉ុន្តែផ្សារថ្មីត្រូវខ្មែរក្រហមប្រែក្លាយទៅជាផ្សារ ពិសេសមួយដែលបើកលក់ម្ហូបអាហារសម្រាប់មន្ត្រីស្ថានទូតបរទេសដោយប្រើប្រាស់រូបិយវត្ថុដុល្លាររបស់សហរដ្ឋអាម៉េរិក ។ កម្មាភិបាលខ្មែរក្រហមបានដាំដើមដូងជុំវិញផ្សារ ។
៣-ក្រោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ ទាហាន និងកម្មាភិបាលរបស់របបសាធារណរដ្ឋប្រជា មានិតកម្ពុជាបានខិតខំបោសសំអាតផ្សារថ្មីឡើងវិញ រួមទាំងកាប់ដើមដូងដែលខ្មែរក្រហមបានដាំផង ។
៤-ផ្សារថ្មីក្នុងខែសីហា ឆ្នាំ២០១៣ ៕
ចែករំលែកព័តមាននេះ