ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រី​ដេ​នី ក្វា​ន់ ចំអក​ការដាក់​ពិន័យ​លើ​ប្អូនស្រី​ខ្លួន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បងស្រី​របស់​តារា​សម្តែង​នាង​ដេ​នី ក្វា​ន់ គឺ​នាង​ចោម ចាន់ ឬ​ចោម ក្វា​ន់ ព្រមទាំង​ក្រុម​គ្រួសារ​ចង់​ឲ្យ​ប្អូនស្រី​របស់​ខ្លួន​បញ្ចប់​អាជីព​សិល្បៈ ក្នុង​ពេល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដាក់​ពិន័យ​ឱ្យ​

រាជធានី​ភ្នំពេញ ៖ បងស្រី​របស់​តារា​សម្តែង​នាង​ដេ​នី ក្វា​ន់ គឺ​នាង​ចោម ចាន់ ឬ​ចោម ក្វា​ន់ ព្រមទាំង​ក្រុម​គ្រួសារ​ចង់​ឲ្យ​ប្អូនស្រី​របស់​ខ្លួន​បញ្ចប់​អាជីព​សិល្បៈ ក្នុង​ពេល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដាក់​ពិន័យ​ឱ្យ​នាង​ផ្អាក​អាជីព​សិល្បៈ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ។

នាង​ចោម ចាន់ បាន​ចាត់​ទុក​ការ​ពិន័យ​របស់​ក្រសួង​វប្បធម៌​លើ​ប្អូនស្រី​របស់​ខ្លួន​ជា​ចំណាត់ការ​មួយ​គាបសង្កត់​លើ​បុគ្គល​តែ​ម្នាក់ និង​ស្នើ​ឲ្យ​ក្រសួង​ចាត់វិធានការ​បែប​នេះ​គ្រប់់​អ្នកសិល្បៈ​ដូច​គ្នា ។
នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នា​ថ្ងៃ​ទី​២៦ មេ​សា ២០១៧ នាង​ចោម ចាន់ ដែល​និយម​ភាព​សិច​ស៊ី​ដែរ​នោះ​សរសេរ​ថា «​ត្រូវ​ចាំ​ទុក​ផង​ថា ទោះ​ដេ​នី​ឈប់​ពី​សិល្បៈ​ក៏​នាង​មិន​ក្រញាញ់​ខួរក្បាល​ដែរ មិនមែន​យក​សិល្បៈ​ជា​ខែល​ទេ ។

អាជីវកម្ម​នាង​មាន មុខរបរ​ក្នុង​ដៃ​នោះ​ក៏​ច្រើន ហេតុ​ដូចនេះ​ហើយ នេះ​ជា​បំណង​គ្រួសារ​ខ្ញុំ​ផង​ដែរ គឺ​ចង់ឱ្យ​នាង​លាឈប់​ពី​សិល្បៈ​តាំងពី​យូរ​មក​ម្ល៉េះ ។

សិល្បៈ​ពោរពេញ​ដោយ​បក្សពួក សិល្បៈ​ពោរពេញ​ដោយ​ភាព​ច្រណែនឈ្នានីស សិល្បៈ​មិន​ឱ្យ​តម្លៃ​សិល្បៈ ។

សូម​អស់លោក​ក្រសួង​ការ​ចាត់វិធានការ​នេះ​ឱ្យ​បាន​បែប​នេះ​រហូត សូមកុំ​កៀបសង្កត់​តែ​លើ​បុគ្គល ម្នាក់​ៗ​ទៅ​តាម​អ្វី​ដែល​លោក​នឹកឃើញ​ពេក ខ្ញុំ​ជឿ​ថា​ភ្នែក​អស់លោក​នៅ​ភ្លឺ​អាច​មើលឃើញ​នៅ​ទ្បើ​យ ។

ខ្ញុំ​និយាយ​មិនមែន​ខ្ញុំ​មិន​ឱ្យ​តម្លៃ​ទៅ​លើ​សិល្បៈ​ខ្មែរ​ទេ ក៏​ប៉ុន្តែ​ការ​ស្លៀកពាក់​នៅ​ខាងក្រៅ​សោះ ក៏​តាម​ប្រមាញ់​ដូច​អ្នកទោស អាក្រក់​ហួសហើយ​»​។

ប្រតិកម្ម​របស់​នាង​ចោម ចាន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​សម្រេច​ដាក់​ពិន័យ​លើ​នាង​ដេ​នី ក្វា​ន់ ដែល​បង្ហាញ​ភាព​សិច​ស៊ី​ហួសហេតុ​មិន​ស្តាប់​ការ​ណែនាំ ។ ការ​ប្រតិកម្ម​របស់​ចោម ចាន់ នេះ​ហាក់បីដូចជា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​ដេ​នី ក្វា​ន់ អះអាង​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​ថា នាង​ព្រម​ទទួលយក​អ្វី​ដែល​ក្រសួង​បាន​ដាក់​ពិន័យ ហើយ​នាង​សន្យា​នឹង​កែប្រែ និង​អរគុណ​ក្រសួង​ដែល​បាន​អនុញ្ញាត​ឲ្យ​ស្នាដៃ​សិល្បៈ​របស់​នាង​ថត​រួច​ហើយ​នោះ​អាច​ចាក់​បញ្ចាំង​ជា​ធម្មតា ។

ការ​ពិន័យ​របស់​ក្រសួង​វប្បធម៌​ទៅ​លើ​ដេ​នី ក្វា​ន់​នេះ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច និយាយ​ថា «​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​សាមីខ្លួន ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​ត្រូវ​ទទួលយក​ពី​អ្វី​ដែល​យើង​បាន​ធ្វើ ហើយ​ទទួលកំហុស និង​ខិតខំ​កែប្រែ ។

នេះ​គឺជា​គំរូ​មួយ​ល្អ​ទៅ​ដល់​សិល្បករ សិល្ប​ការិនី​ដទៃ​ដែល​គាត់​ភ្លេចខ្លួន និង​បាន​ប្រព្រឹត្ត​អំពើ​អ្វី​ដែល​ប្រាសចាក​ពី​ក្រមសីលធម៌​សិល្បៈ វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​យើង ក្នុង​នោះ​មាន​អ្នកសិល្បៈ​ប្រហែលជា​១០​រូប​ទៀត​ដែល​គេ​កំពុង​តែ​ស៊ើបអង្កេត ប្រសិនបើ​គេ​សង្កេត​ឃើញ​នៅ​តែ​ប្រព្រឹត្ត​បែប​នេះ​ទៀត​នោះ គេ​នឹង​ធ្វើការ​ពិន័យ​ដូច​ជា​ដេ​នី ក្វា​ន់​ដូច​គ្នា​» ។

លោក​សុះ ម៉ាច ចាត់​ទុក​ថា ចំណាត់ការ​របស់​ក្រសួង​វប្បធម៌ គឺជា​ការ​ផ្តល់ និង​ការពារ​តម្លៃ​នាង​ដេ​នី ក្វា​ន់ ទៅ​វិញ​ទេ ព្រោះ​ប្រសិនបើ​នាង​ប្រព្រឹត្ត​អ្វី​ដែល​ខុសឆ្គង​នោះ អ្វី​ដែល​នាង​ទទួល​បាន​មក​វិញ​គឺ​មាន​តែ​ការ​ប្រមាថ និង​ការ​រិះគន់​ពី​មហាជន​ប៉ុណ្ណោះ​។ ដូច្នេះ​ប្រសិនបើ​នាង​ស្ថិត​នៅ​ក្នុង​ដែន​នៃ​ក្រមសីលធម៌​នោះ​នាង​នឹង​មិន​ធ្វើ​អ្វី​ឲ្យ​ខុស​ទៀត​ឡើយ ៕