ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ដាក់​បញ្ចូល​ទឹក​នាវា​ផ្ទុក​យន្តហោះ​ទី​2​របស់​ខ្លួន

6 ឆ្នាំ មុន

ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៦ មេ​សា បាន​ដាក់​បញ្ចូល​ទឹក​នាវា​ផ្ទុក​យន្តហោះ​ទី​២​របស់​ខ្លួន​កសាង​ដោយ​ខ្លួនឯង​ផ្ទាល់ ពេល​យក្ស​អាស៊ី​នេះ​បោះទុន​វិនិយោគ​យ៉ាង​ធំ​សម្បើម​ក្នុង​កងទ័ព ដើម្បី​រក្សា​លក្ខន្តិកៈ​របស់​ខ្លួន​ជា​មហាអំណាច​

ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៦ មេ​សា បាន​ដាក់​បញ្ចូល​ទឹក​នាវា​ផ្ទុក​យន្តហោះ​ទី​២​របស់​ខ្លួន​កសាង​ដោយ​ខ្លួនឯង​ផ្ទាល់ ពេល​យក្ស​អាស៊ី​នេះ​បោះទុន​វិនិយោគ​យ៉ាង​ធំ​សម្បើម​ក្នុង​កងទ័ព ដើម្បី​រក្សា​លក្ខន្តិកៈ​របស់​ខ្លួន​ជា​មហាអំណាច​ដែល​អាច​ប៉ះ​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក ។

នាវា​ផ្ទុក​យន្តហោះ​ថ្មី​នេះ​ដែល​ពុំ​ទាន់​ដាក់​ឈ្មោះ​នៅឡើយ​ដាក់​បញ្ចូល​ទឹក​នៅ​ឯ​ការដ្ឋាន​នាវា DALIAN ភាគ​ឦសាន​ចិន ។

លោកស្រី JULIETTE GENEVAZ អ្នកឯកទេស​ខាង​ចិន​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​នៃ​សាលា​យោធា​បារាំង​និយាយ​ថា ការ​កសាង​នាវា​ផ្ទុក​យន្តហោះ​ដោយ​ចិន​ខ្លួនឯង​ផ្ទាល់​ទាំងស្រុង ពិត​ណាស់​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ព្រោះ​វា​អាច​លើកកម្ពស់​ចិន​ចូល​ក្នុង​ជួរ​មហាអំណាច​យោធា​ពិភពលោក​រួម​ជាមួយ​សហរដ្ឋ​អា​េ​ម​រិ​ក រុ​ស្ស៊ី អង់គ្លេស បារាំង អីុ​តា​លី និង​អេ​ស្ប៉ា​ញ ។

លោកស្រី​ធ្វើការ​កត់​សម្គាល់ថា គេ​អាច​និយាយ​ពី​ការ​ហក់លោត​ខាង​បច្ចេកវិទ្យា​មួយ​របស់​ចិន ព្រោះ​ជានា​វា​ផ្ទុក​យន្តហោះ​ដំបូង​ផលិត​ដោយ​ចិន​ខ្លួនឯង​សុទ្ធសាធ ។

ក្រុង​ប៉េ​កាំ​ង​មាន​នាវា​ផ្ទុក​យន្តហោះ​មួយ​រួច​ហើយ​ឈ្មោះ LIAONING ដែល​សម្បក​នាវា​នេះ​ផលិត​នៅ​អតីត​សហភាព​សូ​វៀត កាលពី​ជាង​២៥​ឆ្នាំ​មុន ។ នាវា LIAONING ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ឆ្នាំ​២០១២ ហើយ​ទើប​កាលពី​ដំណាច់ឆ្នាំ​មុន ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​ខ្លួន ហើយ​ចេញ​ទៅ​កាន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ជា​លើក​ដំបូង ។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ ពុំ​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ដាក់​ឱ្យ​ប្រើ​នាវា​ផ្ទុក​យន្តហោះ​ថ្មី​នេះ​ឡើយ ។ គេ​ត្រូវការ​ពេលវេលា​ប្រមាណ​២​ឆ្នាំ​ទៀត ដើម្បី​ឱ្យ​នាវា​នេះ​អាច​បំពាក់​រាល់​ឧបករណ៍ ហើយ​ចេញ​ធ្វើការ​សាកល្បង​ត្រួតពិនិត្យ​ក្នុង​សមុទ្រ ។

មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី​២​នៃ​ពិភពលោក​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុនប៉ង​ធ្វើ​ឱ្យ​ទំនើប​ដល់​កងទ័ព​របស់​ខ្លួន ពិសេស​កង​ម៉ា​រី​ន​សម្រាប់​ទ្រទ្រង់​សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​តំបន់​ទាមទារ​អធិបតេយ្យភាព​ដោយ​ប្រទេស​ជា​ច្រើន ៕