ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា -​វៀតណាម ភាគី​ទាំង​2​បាន​សម្រេច​ចុះហត្ថលេខា​លើ​ពិធីសារ​ចំនួន​4

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៥ ខែមេសា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៥ ខែមេសា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជា​ផ្លូវការ​ជាមួយ លោក ង្វៀ​ន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​វិមាន​សន្តិភាព ។

លោក ង្វៀ​ន សួន​ហ្វ៊ុ​ក បាន​ចាត់​ទុក​ទស្សនកិច្ច​នេះ ជា​ការ​រឹត​បន្តឹងបន្ថែម​ទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​ដែល​មាន​រយៈពេល​៥០​ឆ្នាំ​មក​ហើយ ហើយ​ដែល​ត្រូវ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ក្នុង​កម្រិត​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ជា​បន្ត​ទៀត ។ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​អបអរសាទរ និង​កោតសរសើរ​ការ​រីក​ចម្រើន​របស់​កម្ពុជា រួម​មាន​កំណើនសេដ្ឋកិច្ច ស្ថិរភាព​សង្គម សន្តិភាព និង​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

ពាក់ព័ន្ធ​នឹង​ការងារ​ព្រំដែន រដ្ឋាភិបាល​ប្រទេស​ទាំង​២​បាន​ឯកភាព​គ្នា ដោយ​អនុញ្ញាត​ឱ្យ​គណៈកម្មការ​ព្រំដែន​បន្ត​ធ្វើការ​ជាមួយ​គ្នា ក្នុង​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​នឹង​បន្ត​កសាង​ស្ពាន​នៅ​តំបន់​ផ្សេង​ទៀត ដើម្បី​ផលប្រយោជន៍ នៃ​ប្រជាជន​ប្រទេស​ទាំង​សងខាង​។ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​ផ្តល់​ថវិកា​២​លាន​ដុល្លារ​សម្រាប់​សាងសង់​ផ្សារ​ដា​នៅ​ខេត្ត​ត្បូងឃ្មុំ ជា​ផ្សារ​មួយ​ដ៏​សំខាន់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​រកស៊ី​តាម​ព្រំដែន ដែល​នឹង​ចាប់​កសាង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កោតសរសើរ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​វៀតណាម និង​ទំហំ​ពាណិជ្ជកម្ម​ដែល​វៀតណាម​បាន​នាំ​ចេញ ។ សេដ្ឋកិច្ច​វៀតណាម​រីក​លូតលាស់​ពេល​នេះ ក៏​បាន​រួមចំណែក​ជួយ​ដល់​កម្ពុជា​ផង​ដែរ តាម​រយៈ​ក្រុមហ៊ុន​វៀតណាម​មួយ​ចំនួន​មក​បណ្តាក់ទុន​នៅ​កម្ពុជា ។ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ បាន​ប្តេជ្ញា​បន្ត​ជំរុញ​ឱ្យ​ទំហំ​សេដ្ឋកិច្ច​បាន​កើនឡើង​ដល់​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ពេល​ខាង​មុខ ។

សម្តេច​តេ​ជោ បាន​ជំរុញ​ឱ្យ​នាយក​រដ្ឋមន្ត្រី​វៀតណាម ធ្វើ​យ៉ាងណា​ឱ្យ​ពាណិជ្ជកម្ម​តាម​ព្រំដែន​មាន​ភាព​រលូន ដើម្បី​ឱ្យ​ប្រជាជន ដែល​កំពុង​រក​ទទួលទាន​តាម​ព្រំដែន​កាន់តែ​ងាយស្រួល ។

សម្តេច​តេ​ជោ បន្ត​ខិតខំ​កសាង​ធ្វើ​ឱ្យ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​មាន​សុខ​សន្តិភាព និង​រីក​ចម្រើន​ក្នុង​នាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ ។ ចំពោះ​វិស័យ​ទេសចរណ៍ សម្តេច​តេ​ជោ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​វៀតណាម បន្ត​មក​ទស្សនា​និង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ខណៈ​ដែល​ភ្ញៀវ​ទេសចរ​វៀតណាម​មក​កម្ពុជា​ក្នុង​១​ឆ្នាំ​ជាង​១​លាន​នាក់​។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​ក៏​បាន​អរគុណ​រដ្ឋាភិបាល​វៀតណាម ដែល​កន្លង​មក​បាន​ផ្តល់​អាហារូបករណ៍​មួយ​ចំនួន​ដល់​និស្សិត​កម្ពុជា​បាន​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​ផង​ដែរ ។

ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​ផ្លូវការ​ហើយ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​២ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​(MOU)​ចំនួន​៤​រួម​មាន ៖
១-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា អំពី​ការ​សិក្សា​រួម​ស្តី​ពី​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត និង​ផ្លូវ​ល្បឿន​លឿន​ហូ​ជី​មិ​ញ​-​ម៉ុ​ក​បៃ ដែល​ចុះហត្ថលេខា​ដោយ​លោក ទ្រឿ​ង ក្វា​ង​ង្វៀ​ង រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​វៀតណាម និង​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កម្ពុជា ។

២-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​អំពី​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ផ្តល់​សេវា​ដោយ​ស្ម័គ្រចិត្ត និង​ផ្អែក​លើ​សហគមន៍​ដល់​អ្នក​ញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះ​សីហ​នុ  ដែល​ចុះហត្ថលេខា​ដោយ​លោក ង្វៀ​ន ជុង​ដាម អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ យុទ្ធ​ជន​ពិការ និង​កិច្ចការ​សង្គម វៀតណាម និង​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​កម្ពុជា ។

៣-​អនុស្សរណៈ​បន្ត​សុពលភាព​នៃ​អនុស្សរណៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ជលផល ដែល​ចុះហត្ថលេខា​ដោយ​លោក ឡេ គួ​ក​ហ្ស័​ញ អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម និង​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា ។

៤-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​អំពី​ការ​គាំទ្រ​ការ​សាងសង់​មហាវិថី​មិត្តភាព​ភ្នំពេញ -​ហាណូយ ដែល​ចុះហត្ថលេខា​ដោយ​លោក ងូ វ៉ា​ន់​ហ្វី អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ និង​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​កិច្ចប្រជុំ​ផ្លូវការ និង​ពិធី​ចុះហត្ថលេខា​នា​ព្រឹក​នេះ​រួច​មក សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​ផ្តល់​កិត្តិយស​រៀបចំ​ពិធី​លៀង​សាយភោជន៍​ជូន​ដល់​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម និង​លោក​ជំទាវ ព្រមទាំង​គណៈប្រតិភូ​វៀតណាម​នៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃ​ដដែល ៕