ខេត្តបាត់ដំបង ៖ បន្ទាប់ពីតម្លៃបន្លែក៏ដូចជាកសិផលនៅក្នុងស្រុកដាំក្បាលចុះយ៉ាងគំហុកមួយរយៈចុងក្រោយនេះ ធ្វើឱ្យប្រជាកសិករមួយចំនួនធំជំពាក់បំណុលគេស្ទើរវ័ណ្ឌក ។ ប៉ុន្តែពេលនេះ កសិករដែលមានមុខរបរដាំបន្លែមួយចំនួននៅជាយក្រុងបាត់ដំបង បានបង្ហាញទឹកមុខរីករាយវិញហើយ ដោយសារតម្លៃបន្លែសាឡាត់បានហក់ឡើងខ្ពស់លើសពីការស្មាន ក្នុងតម្លៃពី៥០០រៀល ដល់៤.០០០រៀលក្នុង១គីឡូក្រាម ។
លោក ឃឹម ពៅ អាយុ៥៥ឆ្នាំ កសិករនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានឱ្យដឹងថា គាត់ត្រេកអរយ៉ាងខ្លាំងដែលបន្លែសាឡាត់បានថ្លៃខ្ពស់ ស្របពេលដំណាំសាឡាត់របស់គាត់កំពុងប្រមូលផល ។
តម្លៃបន្លែសាឡាត់ បានហក់ឡើងខ្ពស់ពី៥០០រៀលដល់៤.០០០រៀលក្នុង១គីឡូក្រាម ចាប់តាំងពីមុនបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះ ។
គាត់បញ្ជាក់ថា កន្លងទៅតម្លៃសាឡាត់ត្រឹម៤០០រៀលទៅ៥០០រៀលក្នុង១គីឡូក្រាម ជាហេតុធ្វើឱ្យកសិករមួយចំនួនធំបោះបង់ចោលការដាំដំណាំនេះ ព្រមទាំងជំពាក់បំណុលគេ រួចធ្វើចំណាកស្រុក ។ ម្យ៉ាងទៀត មុនបុណ្យចូលឆ្នាំថ្មី ឈ្មួញហាក់ផ្អាកការនាំចូលបន្លែពីប្រទេសជិតខាងផង ដូច្នេះហើយទើបបន្លែសាឡាត់ឡើងថ្លៃ ។
អ្នកស្រី និល ប៊ុនម៉ា ជាកសិករដាំបន្លែសាឡាត់មួយរូបដែរ បាននិយាយទាំងទឹកមុខរីករាយថា គាត់ត្រេកអរណាស់ដែលដាំសាឡាត់លក់បានថ្លៃ ។ កសិករអាយុ៥៨ឆ្នាំរូបនេះ និយាយទៀតថា កាលពីខែមុនតម្លៃសាឡាត់ត្រឹមតែ៤០០រៀលទៅ៥០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម តែមុនបុណ្យចូលឆ្នាំថ្មីប៉ុន្មានថ្ងៃ តម្លៃបន្លែសាឡាត់បានស្ទុះឡើងខ្លាំងដល់៤.០០០រៀលរហូតមកដល់ពេលនេះ ។ គាត់សំណូមពរសូមឱ្យអាជ្ញាធរ ក៏ដូចរាជរដ្ឋាភិបាលជួយទប់ស្កាត់ការនាំចូលបន្លែពីប្រទេសជិតខាង ដើម្បីជួយរក្សាតម្លៃបន្លែរបស់កសិករនៅក្នុងស្រុកឱ្យនៅថេរ ។
សូមបញ្ជាក់ថា តម្លៃបន្លែក៏ដូចជាកសិផលក្នុងស្រុកគ្រប់ប្រភេទ ហាក់បានដាំក្បាលចុះយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យកសិករមួយចំនួនធំជំពាក់បំណុលធនាគារស្ទើរវ័ណ្ឌក រហូតកសិករខ្លះបង្ខំចិត្តធ្វើចំណាកស្រុកចោលក្រុមគ្រួសារនិងផ្ទះសម្បែងទៀតផង ។
ពួកគាត់ស្ដីបន្ទោសថា កត្តានេះដោយសារតែការអនុញ្ញាតឱ្យឈ្មួញនាំចូលបន្លែពីប្រទេសជិតខាងច្រើនលើសលប់ពេក ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ទីផ្សារបន្លែមួយចំនួនហាក់ឡើងថ្លៃបន្តិច ដោយសារឈ្មួញផ្អាកនាំចូលបន្លែមួយរយៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងការបោះបង់ការដាំដុះរបស់កសិករមួយចំនួននាពេលកន្លងមក ។ នេះបើតាមការអះអាងរបស់កសិករ។
កសិករដាំបន្លែគ្រប់មុខនៅភូមិចំការរោង២ សង្កាត់ចំការសំរោង អ្នកស្រី ឆន សារីន និយាយថា គាត់បានជួលដីគេទំហំ២រ៉ៃ(១រ៉ៃ=៤០ម៉ែត្រx៤០ម៉ែត្រ) ដាំបន្លែគ្រប់មុខ ហើយ
ខាតបង់ស្ទើររាល់រដូវប្រមូលផល តែពេលនេះបន្លែសាឡាត់ហាក់បានថ្លៃខ្ពស់គួរសម ។
គាត់បន្តថា គាត់តស៊ូខ្ចីបំណុលអង្គការដើម្បីធ្វើជាទុនក្នុងការដាំដំណាំវិលជុំនេះដោយសារតែគាត់គ្មានមុខរបរផ្សេង និងមិនចង់ធ្វើចំណាកស្រុក ។ កសិកររូបនេះបន្តថា តម្លៃសាឡាត់បានឡើងថ្លៃពី៥០០រៀលដល់៤.០០០រៀលក្នុង១គីឡូក្រាម ចាប់តាំងពីថ្ងៃមុនបុណ្យចូលឆ្នាំថ្មីរហូតមកដល់ពេលនេះ ។ បើតម្លៃបន្លែសាឡាត់រក្សាបានថេរត្រឹម៤.០០០រៀលក្នុង១គីឡូក្រាមឬក្រោមនេះបន្តិច កសិករអាចរស់បានយ៉ាងស្រួល ហើយថែមទាំងអាចសល់លុយរំដោះបំណុលអង្គការបាន មិនចាំបាច់ធ្វើចំណាកស្រុកទេ ៕
ចែករំលែកព័តមាននេះ