ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​ច្រើន​កន្លែង ខ្យល់​កន្ត្រា​ក់បំ​ផ្លាញ​លំនៅ​ឋាន ភ្លៀង​ធ្លាក់​ទឹកកក​និង​រន្ទះបា.ញ់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ភូមិ​កូប​តូច ឃុំ​គុត្ត​សត ស្រុក​អូរ​ជ្រៅ បណ្តាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង​សាលារៀន​១​ខ្នង

ខ្យល់​កន្ត្រាក់​បង្ក​មហន្តរាយ​ផ្ទះ សាលារៀន និង​មណ្ឌល​សុខភាព

ខេត្តបន្ទាយមានជ័យ ៖ ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ភូមិ​កូប​តូច ឃុំ​គុត្ត​សត ស្រុក​អូរ​ជ្រៅ បណ្តាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង​សាលារៀន​១​ខ្នង ត្រូវ​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ មេ​សា ។

បើ​តាម​សេចក្តីរាយការណ៍​របស់​លោក​មេឃុំ​គុត្ត​សត បាន​បង្ហាញ​ថា ខ្យល់​កន្ត្រាក់​នេះ​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង ក្នុង​នោះ​មាន​១​ខ្នង​ដួល​រលំ​ខូចខាត​ទាំងស្រុង និង​៥​ខ្នង​ទៀត​របើក​ដំបូល និង​មាន​សាលា​បឋម​សិក្សា​កូប​តូច​១​ខ្នង​ត្រូវ​ដើម​ព្រីង​រលំ​ដួល​សង្កត់​លើ ។ ទោះបីជា​បែប​ណា ខ្យល់​កន្ត្រាក់​នេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​សត្វ​រងគ្រោះថ្នាក់​នោះ​ឡើយ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជាក់​ថា ដោយ​បានការ​យកចិត្តទុកដាក់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ បាន​ណែនាំ​ដល់​លោក​ឲ្យ​នាំ​យក​ស័ង្កសី  និង​កងកម្លាំង​នគរបាល​ចុះ​ទៅ​ជួយ​រុះរើ និង​ធ្វើ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ ដូច្នេះ​លោក​បាន​នាំ​យក​ស័ង្កសី​ចំនួន​១០០​សន្លឹក​ទៅ​ចែក​ជូន​តាម​ទំហំ​នៃ​ការ​ខូចខាត ។ ដោយឡែក​ប្រជាពលរដ្ឋ​១​គ្រួសារ​រស់នៅ​ម្នាក់ឯង ជា​បុរស​ពោះម៉ាយ ត្រូវ​ផ្ទះ​រលំ​ខូចខាត​ទាំងស្រុង​នោះ ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ជួយ​ផ្ដល់​ជា​ថវិកា​ចំនួន​២០០​ដុល្លារ​ថែម​ទៀត ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២១ ខែមេសា ខ្យល់​កន្ត្រាក់​ក៏​បាន​បក់​កួច​បណ្តាល​ឲ្យ​ដួល​រលំ​ដើម​ស្នួល​ដ៏​ធំ​១​ដើម​បាក់​សង្កត់​លើ​អគារ​មណ្ឌល​សុខភាព ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ បណ្តាល​ឲ្យ​ខូចខាត​ផង​ដែរ ។

មុន​នេះ ខ្យល់​កន្ត្រាក់​បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​១២​ខ្នង​នៅ​អំឡុង​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ មេ​សា នៅ​ក្នុងស្រុក​មង្គលបុរី និង​ក្រុង​សិរី​សោភ័ណ ។

មន្ត្រី​សាលាខេត្ត​បានឱ្យ​ដឹង​ថា យោង​តាម​របាយការណ៍​ទទួល​បាន​គឺ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះសម្បែង​អស់​១២​ខ្នង​មាននៅ​ស្រុក​មង្គលបុរី​ចំនួន​១០​ខ្នង និង​ក្រុង​សិរី​សោភ័ណ​ចំនួន​២​ខ្នង ដែល​ខ្លះ​ដួល​រលំ​និង​ខ្លះ​ប៉ើង​ដំបូល ។

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បាន​ប្រាប់​ថា នៅ​ពេល​មាន​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ខណៈ​ធ្លាក់​ភ្លៀង គឺ​ផ្ទះ​ខ្លះ​រលំ​ទាំងស្រុង​និង​ខ្លះ​ទៀត​ប៉ើង​ដំបូល​រប៉ាត់រប៉ាយ ។
មន្ត្រី​សាលាខេត្ត​រូប​នោះ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​របាយការណ៍​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ហើយ ក៏​រាយការណ៍​បន្ត​ទៅ​សាខា​កាកបាទក្រហមកម្ពុជា និង​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ឱ្យទាន់​ពេលវេលា ។

ភ្លៀង​កក់ខែ​ដ៏​ខ្លាំង​ធ្លាក់​ដុំ​ទឹកកក​រន្ទះបាញ់​ស្លាប់​យុវជន​ម្នាក់

ខេត្ដរតនគិរី ៖ យុវជន​ម្នាក់​បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​លើ​រុ​ឺ​ម៉ក​ម៉ូតូ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៣ ខែមេសា នៅ​ចំណុច​ដំរី​លើកជើង ស្ថិត​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ជន​រង​គ្រោះ​ឈ្មោះ អែម ភិ​រៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​កម្មករ​តាម​រុ​ឺ​ម៉ក រស់នៅ​ក្នុងភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង មានស្រុក​កំណើត​នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ជា​ក្មេង​កំព្រា​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា ។

បើ​តាម​ព័ត៌មាន​ពី​អ្នក​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ជាមួយ​គ្នា​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រ៉ឺ​ម៉ក​ម៉ូតូ​កំពុង​បើក​ដឹក​ជន​រង​គ្រោះ​ជូន​មក​ផ្ទះ ដោយ​មាន​អ្នក​ជិះ​លើ​រ៉ឺ​ម៉ក​៤​នាក់​គិត​ទាំង​ម្ចាស់​រ៉ឺម៉ក​ផង ។ ស្រាប់តែ​ខណៈនោះ រន្ទះ​បាន​បាញ់​ជន​រង​គ្រោះ​ដែល​អង្គុយ​កណ្តាល បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​តែ​ម្តង ។ តាម​ការ​ពិនិត្យ ជន​រង​គ្រោះ​មាន​ស្នាម​របួស​ផ្នែក​ឆ្អឹងខ្នង និង​កញ្ចឹងក​ជាំ​ខ្មៅ​យ៉ាង​ខ្លាំង ហើយ​រន្ទះបាញ់​ដាច់​ខ្សែ​ក​ជា​២​កំណាត់​ទៀត​ផង ។

គួរ​រំលឹក​ថា នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ មេ​សា នៅ​ក្រុង​បាន​លុង ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​ផ្គរ​រន្ទះ​ខ្លាំង​ៗ​រយៈពេល​ជាង​មួយ​ម៉ោង តែ​អ្វី​ជា​ការ​កត់សម្គាល់​ភ្លៀង​ធ្លាក់​មួយ​មេនេះ​ក៏​បាន​នាំ​មក​នូវ​ដុំ​ទឹកកក​ប៉ុន​ៗ​មេដៃ​មក​ជាមួយ​ផង​ដែរ ។ ក្រៅពី​រន្ទះបាញ់​ស្លាប់​មនុស្ស​ម្នាក់ ទ្រព្យសម្បត្តិ​សាធារណៈ​រួម​មាន​បង្គោល​ភ្លើង​១០​បង្គោល​និង​របង​ស័ង្កសី​ផ្សារ​រាត្រី​របើក​ដួល​រាប​និង​រលំ​ប៉ាណូ​ចំនួន​២​អម​នៅ​សងខាង​ផ្លូវ​មុខ​សាលាខេត្ត ។

លោក ញ៉ែ​ម សំ​អឿ​ន អភិបាលរង​ខេត្ត​និង​អ្នកនាំពាក្យ​សាលាខេត្ត បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ថា បញ្ហា​រឿង​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តរតនគិរី​អត់​មាន​ទេ ។

រន្ទះបាញ់់​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​ពេល​កំពុង​ជិះ​ម៉ូតូ

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាម​នៅ​លើ​ម៉ូតូ ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ពេល​មេឃ​កំពុង​មាន​ភ្លៀងរលឹម កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា នៅ​ចន្លោះ​ភូមិ​រោទ៍ និង​ភូមិ​ព្រៃ​ចំណារ ឃុំ​ញរ ស្រុក​កំពង់​រោទ៍ ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​កលេខ ភ្នំពេញ ១K-២៧០៧ ម្នាក់ឯង​តាម​ដងផ្លូវ ហើយ​នា​រសៀល​ថ្ងៃ​នោះ​នៅ​ក្នុងភូមិ​ខាងលើ មាន​ភ្លៀងរលឹម​បើក​ថ្ងៃ លាយឡំ​នឹង​ខ្យល់​តិច​ៗ​ផង​។ ខណៈ​ជិះ​ម៉ូតូ​ផុត​ផ្ទះ​អ្នកស្រុក​ដល់​កណ្តាលវាល ស្រាប់តែ​មាន​ផ្លេកបន្ទោរ និង​រន្ទះបាញ់​លាន់​កក្រើក​ដី ។ ក្រោយមក​ក៏​ឃើញ​ជន​រង​គ្រោះ​ដួល​ដេក​នៅ​លើ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ទើប​មានការ​ឆោឡោ​ឡើង ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា បុរស​ដែល​ស្លាប់​នេះ​ឈ្មោះ ពៅ សំ​អុល អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ស្មាច់ ឃុំ​ខ្សែ​ត្រ ស្រុ​ុ​ក​កំពង់​រោទ៍ ។ ក្រោយ​ពេល​កើតហេតុ អ្នក​ភូមិ​បាន​ស្គាល់​ជន​រង​គ្រោះ​ព្រោះ​ធ្លាប់​មក​ទិញ​ស្រូវ​នៅ​ក្នុងភូមិ ហើយ​សមត្ថកិច្ច​បាន​ធ្វើ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ទៅ​រក​បងប្អូន​សាច់ញាតិ​ឲ្យ​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ ។
សមត្ថកិច្ច​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​សព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ត្រូវ​រន្ទះបាញ់​ស្លាប់​ប្រាកដ​មែន ។

ខ្យល់​កន្ត្រាក់​បំផ្លាញ​លំនៅ​ឋាន​ពលរដ្ឋ​២០​ខ្នង​នៅ​ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រោះ​ធម្មជាតិ​បាន​កើតឡើង​នៅ​ស្រុក​ចំការលើ​និង​ស្រុក​ជើងព្រៃ ដោយ​បាន​បំផ្លាញ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​អស់​ប្រមាណ​ជា​២០​ខ្នង តែ​សំណាងល្អ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ កាលពី​រសៀល​ថ្ងៃ​ទី​២២ មេ​សា ។

លោក​ឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សេនាធិការ​បានឱ្យ​ដឹង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី​២២ មេ​សា គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​លើ​ស្រុក​ចំនួន​២​គឺ ស្រុក​ចំការលើ​ខូចខាត​៦​ខ្នង និង​នៅ​ស្រុក​ជើងព្រៃ​បណ្តាល​ឱ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១៤​ខ្នង ត្រូវ​រង​ការ​ខូចខាត​តែ​មិន​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​រង​គ្រោះ​ក្នុ​ឧប្បត្តិហេតុ​នោះ​ទេ ។

ករណី​កើត​មាន​គ្រោះ​ធម្មជាតិ​ទាំង​ពីរ​ស្រុក​នេះ កម្លាំង​ជំនាញ​បាន​រាយការណ៍​ទៅ​កាកបាទក្រហម​ស្រុក​នីមួយ​ៗ​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​មើល​ទំហំ​នៃ​ការ​ខូចខាត ដើម្បី​ត្រៀម​និង​ចែក​អំណោយ ប្រសិនបើ​ផ្ទះ​ណា​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ។

ផ្ទះ​ជាង​១០​ខ្នង​រង​ការ​ខូចខាត​រន្ទះបាញ់​ស្លាប់​ម្នាក់​និង​របើក​ដំបូល​សាលារៀន

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​ធម្មជាតិ​បាន​វាយប្រហារ​មក​លើ​ក្រុង​សួង​បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​៣​ខ្នង​និង​របើក​ដំបូល​សា​សា​រៀន និង​នៅ​ស្រុក​ត្បូងឃ្មុំ​ខូចខាត​ផ្ទះ​៨​ខ្នង កាលពី​រសៀល​ថ្ងៃ​ទី​២៣ មេ​សា​ដោយសារ​ភ្លៀង​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់ និង​បង្ក​ជា​រន្ទះបាញ់​ស្លាប់​ស្ត្រី​ម្នាក់​នៅ​ក្រុង​សួង ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា កម្លាំង​នគរបាល​បាន​ចេញ​តាម​គោលដៅ​ជា​ច្រើន​កន្លែង ជួយ​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ទាំងនោះ ។

លោក សុខ សោម អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​វាល​កណ្តៀង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ខណៈ​ដែល​រូប​លោក​នៅ​ក្នុង​រោង​ដែក កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២៣ មេ​សា ស្រាប់តែ​មេឃ​ប្រែជា​ពណ៌​ខ្មៅ​ងងឹត​និង​មាន​ភ្លៀង​ធ្លាក់​មក​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​រូប​គាត់​និង​ប្រពន្ធ​បាន​រត់​ចេញ​ទៅ​ជ្រកកោន​ក្រោមផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ។ មិន​បាន​ប៉ុន្មាន​នាទី​ផង ក៏​បាន​ធ្វើ​ឱ្យ​រោង​របស់​គាត់​ត្រូវ​ខ្យល់​បោក​កាច់​ដួល​រំលំ របើក​ទាំង​គ្រឹះ​សង្កត់​បែក​ទូរទស្សន៍ ព្រមទាំង​សម្ភារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ គាត់​ថា កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​រោង​របស់​គាត់​ដែល​ធ្វើ​ទៅ​ម្ខាង​ផ្លូវជាតិ​លេខ​៧ ក៏​ធ្លាប់​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បំ​ប៉ើង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង​ផង​ដែរ លុះ​មក​ដល់​ឆ្នាំ​២០១៧​នេះ​ខ្យល់​បាន​តាម​ព្យាបាទ​បន្ត​ទៀត សំណូមពរ​ដល់​អាជ្ញាធរ​ជួយ​ដល់​រូប​គាត់​ផង ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​ថ្លែង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ជួប​គ្រោះ​ធម្មជាតិ​ខាងលើ​គឺ​នៅ​ក្រុង​សួង និង​ស្រុក​ត្បូងឃ្មុំ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា រូប​លោក​បាន​ចាត់​ឱ្យ​កម្លាំង​អន្តរាគមន៍​នៅ​តាម​អធិការដ្ឋាន​នគរបាល​ក្រុង​សួង និង​ស្រុក​ត្បូងឃ្មុំ ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​រលំ​ផ្ទះ​សហការ​ជាមួយ​អាជ្ញាធរ ។ កម្លាំង​សមត្ថកិច្ច​តាម​បណ្តា​ស្រុក​ផ្សេង​ៗ​ទៀត​ក៏​នឹង​ត្រៀម​នូវ​លក្ខណ​ស​ម្ប​តិ្ត​គ្រប់​បែប​យ៉ាង ដើម្បី​ជួយ​ដល់​ពលរដ្ឋ​នូវ​ពេល​ដែល​មាន​គ្រោះ​ធម្មជាតិ​កើតឡើង​នៅ​កន្លែង​ណាមួយ ហើយ​ក៏​មាន​កង​អន្តរាគមន៍​ពិសេស​១២០​នាក់​ផង​ដែរ ៕