ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដណ្តឹងកូនក្រមុំ​មិន​បាន​ប្រហារ​មេបា អ្នក​ភូមិ​សម្លា.ប់​វិញ

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ថ្លើមខ្មៅ​ម្នាក់​ដែល​លែងលះ​ប្រពន្ធ​ពីរ​នាក់​រួច​មក​ហើយ​បាន​ព្យាយាម​ក្រសោប​យក​បេះដូង​ក្រពុំ​មួយទៀត តែ​នរណា គេ​មិនដឹង​ថា

ខេត្តកណ្តាល ៖ បុរស​ថ្លើមខ្មៅ​ម្នាក់​ដែល​លែងលះ​ប្រពន្ធ​ពីរ​នាក់​រួច​មក​ហើយ​បាន​ព្យាយាម​ក្រសោប​យក​បេះដូង​ក្រពុំ​មួយទៀត តែ​នរណា គេ​មិនដឹង​ថា ជន​គម្រក់​នេះ​ជា​មនុស្ស​កំពូល​ខូច​ក៏​ត្រូវ​បាន​មេបា​នាង​ក្រមុំ​បដិសេធ ។ ព្រោះតែដណ្តឹងកូនក្រមុំ​មិន​ព្រម​លើក​ឱ្យ​បែប​នេះ​ក៏​បាន​យក​ដាវ​សា​ម៉ូ​រ៉ៃ​ទៅ​កាប់​ប្រហារ​ឪពុក​ម្តាយកូន​ក្រមុំ​ដល់​ផ្ទះ បណ្តាល​ឱ្យ​បុរស​ជា​ឪពុក​ត្រូវ​របួស​ជា​ច្រើន​កន្លែង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ ចំណែក​ម្តាយ​ត្រូវ​ច្រើន​កន្លែង រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។

ពេល​កើតហេតុ​នោះ អ្នក​ភូមិ​ក៏​បាន​គោះ​ជួង​វាយ​ប៉ោត វាយ​ធុង ប្រកាស​អាសន្ន​ក្នុងភូមិ នាំ​គ្នា​មក​ចោម​វាយប្រហារ លើ​បុរស​ថ្លើមខ្មៅ​នោះ​វិញ​ដោយ​កាប់សម្លាប់​ដេក​ដួល​ក្នុង​ថ្លុកឈាម​នៅ​កន្លែង​កើតហេតុ​វិញ​ដែរ ។

ហេតុការណ៍​ដ៏​ឃោរឃៅ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ មេ​សា នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។
មន្ត្រី​នគរបាល​ស្រុក​កណ្តាលស្ទឹង​បានឱ្យ​ដឹង​ថា អំពើ​សាហាវព្រៃផ្សៃ​នេះ​បាន​ផ្តើម​ឡើង​ដោយ​គំនុំ ដែល​ជន​ថ្លើមខ្មៅ​ខឹង​ស្តីដណ្តឹង​កូនក្រមុំ​មក​ធ្វើ​ជា​គូគាប់​មិន​ឱ្យ ។ ជន​ឈាមខ្មៅ​ដែល​ត្រូវ​អ្នក​ភូមិ​ព្រួត​គ្នា​កាត់ទោស​ដោយ​កាប់​ប្រហារ​វិញ​ឈ្មោះ សួន ឧត្តរា អាយុ​៣៥​ឆ្នាំ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​លេខ​៤៩ ផ្លូវលំ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ ជាង​ម៉ាស៊ីនដេរ​ក្នុង​រោងចក្រ ។ ជន​នេះ​បាន​យក​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​នឹង​ចាក់​ទៅ​លើ​ជន​រង​គ្រោះជា​ឪពុក​ម្តាយកូន​ក្រមុំ​ឈ្មោះ ឡូញ លន់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​រកា បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង រីឯ​ប្រពន្ធ​ដែល​អង្គុយ​នៅ​ក្បែរ​នោះ​ដែរ​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​អ្នក​ជិតខាង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះ​អាយុជីវិត ។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា ជន​ឈាមខ្មៅ​បង្ក​សោកនាដកម្ម​គួរ​ឱ្យ​ថ្កោលទោស​ឈ្មោះ សួន ឧត្តរា ធ្លាប់​មាន​ប្រពន្ធ​២​នាក់​រួច​មក​ហើយ និង​បាន​លែងលះ​ជាមួយ​ប្រពន្ធ​ទាំង​២​ជា​បន្តបន្ទាប់ ។ ពេល​ថ្មី​ៗ​នេះ​ជន​គំរក់​នេះ​ក៏​មាន​ទំនាក់ទំនង​ស្គាល់​នារី​ជា​កូនក្រមុំ​ជន​រង​គ្រោះ​ឈ្មោះ លន់ ណេ​ន អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​កាត់ដេរ ។ ហើយ​កន្លង​ទៅ​នេះ ជន​នេះ​បាន​មក​សាកសួរ​ចូល​ស្តីដណ្តឹង​កូនស្រី​ជន​រង​គ្រោះ​មួយ​លើក​ជា​ពីរ​លើក តែ​ជន​រង​គ្រោះជា​មេបា​កូនក្រមុំ​មិន​ព្រមឱ្យ​ទេ ដោយ​ដឹង​ថា ជន​នេះ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន និង​មាន​ប្រពន្ធ​ច្រើន​ទៀត​ផង ជា​មនុស្ស​កំណាច​ឃោរឃៅ ។

នៅ​ល្ងាច​ថ្ងៃ​២៣ មេ​សា ជន​ឈាមខ្មៅ​នេះ​បាន​ទូរស័ព្ទ​មក​សួរ​ឪពុក​ម្តាយ​ខាង​ស្រី​រឿង​ស្តីដណ្តឹង​កូនស្រី​មិន​ឱ្យ​ខ្លួន ។ ពេល​នោះ​ក៏​បាន​ទាស់​ពាក្យ​សម្តី​គ្នា​តឹងសរសៃក តាម​ទូរស័ព្ទ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា លុះដល់​ម៉ោងជាង​១១​យប់ ពេល​ដែល​ជន​រង​គ្រោះ​នៅ​អង្គុយ​ក្នុង​រោង​ក្បែរ​ផ្ទះ​ធំ ដែល​កំពុង​ធ្វើ​នោះ ស្រាប់តែ​ជន​កំណាច​នេះ​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ មក​កាប់​ទៅ​លើ​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ជា​ឪពុក​ម្តាយ​ខាង​ស្រី​មិន​ប្រណី​ត្រូវ​ចំ​ប្តី​ច្រើន​កន្លែង ដាច់​កដៃ​ធ្លាយ​ពោះ ចំ​ក្បាល ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ ចំណែក​ប្រពន្ធ​កាប់​ត្រូវ​ច្រើន​កន្លែង​ដែរ រង​របួសធ្ងន់ និង​បាន​ស្រែក​ឆោឡោ​ហៅ​អ្នក​ជិតខាង​ឱ្យ​ជួយ ។

ចំណែក​កូនស្រី​ជន​រង​គ្រោះ នៅ​រោង​មួយ​ផ្សេង ក៏​បាន​ស្រែក​ឆោឡោ​ហៅ​គេឯង​ឱ្យ​ជួយ​ដែរ ។ ពេល​អ្នក​ភូមិ​បានឮ​ក៏​បាន​គោះ​ជួង វាយ​ប៉ោត ប្រកាស​អាសន្ន និង​បាន​នាំ​គ្នា​ខ្លះ​កាន់ដំបង ខ្លះ​កាំបិត​មក​ផ្ទះ​ជន​រង​គ្រោះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម និង​ឃើញ​ជន​ឈាមខ្មៅ​នៅ​កន្លែង​កើតហេតុ កាន់​ដាវ​ប្រលាក់​ដោយ​ឈាម​គំរាម​កាប់​អ្នក​ភូមិ​ទៀត ទើប​អ្នក​ភូមិ​បាន​ផ្ទុះ​កំហឹង នាំ​គ្នា​សម្រុកចូល វាយ​កាប់​លើ​ជន​រូប​នេះ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​ក្នុង​ពេល​នោះ​តែ​ម្តង ។

នេះ​ជា​អំពើ​យង់ឃ្នង​មួយទៀត​ដែល​បាន​កើតឡើង​ដោយសារ​តែ​ដណ្តឹងកូនក្រមុំ​គេ​មិន​បាន​ក៏​មានការ​តាម​ព្យាបាទ​បង្ក​សោកនាដកម្ម​លើ​ឪពុក​ម្តាយ​ខាង​ស្រី ។
មុន​នេះ​កាលពី​ថ្ងៃ​១៤ មេ​សា ខណៈ​ក្រោយ​ការ​ប្រកាសទេវតា​ឆ្នាំ​ថ្មី​តែ​ប៉ុន្មាន​នាទី​សោះការ​បាញ់​រះ​ចូល​ផ្ទះ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ស្លាប់​៣​នាក់ និង​របួស​ម្នាក់​បាន​កើតឡើង​នៅ​ឯ​ខេត្តបន្ទាយមានជ័យ ដែល​ការ​បាញ់ប្រហារ​នេះ គឺ​បណ្តាល​មក​ពី​ការ​ស្តីដណ្តឹង​កូនក្រមុំ​មិន​ឱ្យ​ដែរ​ពី​សំណាក់​យោធា​ម្នាក់​នៅ​ភ្នំ​ឆត្រ ។ រហូត​មក​ដល់​ថ្ងៃនេះ​នៅ​មិន​ទាន់​ចាប់ខ្លួន​ជន​ដៃដល់​បាន​នៅឡើយ​នោះ​ទេ ៕