រាជធានីភ្នំពេញ ៖ ក្រុមកម្មករ និយោជិតបានសម្តែងក្តីត្រេកអរ និងសាទរទៅលើគម្រោងការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការបើកប្រាក់ខែចំនួន២ដងក្នុងមួយខែ ឬអាចនិយាយថា កន្លះខែ បើកប្រាក់ខែម្តង ដែល គ្រោងចាប់អនុវត្តនៅចុងឆ្នាំនេះ ។
កម្មការិនី ញ៉ែម ចាន់ធឿន បម្រើការងារក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងនៅតាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ បាននិយាយកាលពីចុងសប្តាហ៍មុនថា ការបើកប្រាក់ខែកន្លះខែម្តងនេះ គឺពិតជាល្អណាស់សម្រាប់អ្នកនាង ក៏ដូចជាកម្មករដទៃទៀត ព្រោះថា ពេលខ្លះមានតម្រូវការធ្វើបុណ្យទាន ឬដោះទាល់ម្តងៗនៅពេលមានបញ្ហាក្នុងគ្រួសារ ។
ស្រដៀងគ្នានេះដែរ កម្មការិនី ចាន់ សុខលា ធ្វើការងារខាងផ្នែកដេររួមគ្នាក្នុងរោងចក្រនៅតាមផ្លូវវេងស្រេង ជាតំបន់ប្រមូលផ្តុំរោងចក្ររាប់រយកន្លែងលើកឡើងថា បើសិនជាអនុវត្តពិតមែន គឺល្អសម្រាប់អ្នកខ្វះខាតដោះដូរគ្នាក្នុងលទ្ធភាពអាចផ្តល់ទៅគ្រួសារ ឬសាច់ញាតិជាដើម ។
លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យដឹងថា ការគ្រោងដាក់ឲ្យមានបើកប្រាក់ខែ២ដងក្នុងមួយខែនេះ នឹងអនុវត្តនៅចុងឆ្នាំ២០១៧ ខណៈបច្ចុប្បន្ន ការងារនេះកំពុងស្ថិតក្នុងការពិភាក្សាជាមួយភាគីពាក់ព័ន្ធ ជាពិសេស ខាងផ្នែកនិយោជក សំខាន់ពិភាក្សាអំពីនីតិវិធី និងពេលណាអាចចាប់ផ្តើមទៅបាន ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ដោយសារលោកមិនលើកទូរស័ព្ទ ទោះជាទូរស័ព្ទចូលជាច្រើនដងក្តី ។
បច្ចុប្បន្ន កម្មករនិយោជិតក្នុងវិស័យកាត់ដេរទទួលបានប្រាក់ខែអប្បបរមាចំនួន១៥៣ដុល្លារ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ផ្សេងៗទៀតនៅឡើយ ប៉ុន្តែបើគិតបញ្ចូលអត្ថប្រយោជន៍ផ្សេងៗទៀត ពួកគេទទួលបានប្រាក់ខែចន្លោះពី១៨០ ទៅ២០០ដុល្លារក្នុងមួយខែ ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមនិយោជក សមាគមរោងចក្រកាត់ដេរកម្ពុជា និងសហជីពនានា បានជួបប្រជុំគ្នាកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាពីការដំឡើងប្រាក់ខែបន្ថែមទៀតដល់កម្មករ និយោជិតនៅក្នុងវិស័យនេះ ។
យោងតាមរបាយការណ៍ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងក្នុងរយៈពេលត្រីមាសទី១ឆ្នាំនេះបានកើនឡើង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕
ចែករំលែកព័តមាននេះ