ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្ម ៖ ការ ចូល​មក​ដល់​នៃ​រដូវវស្សា​លឿន​បង្ក​ការ​ព្រួយបារម្ភ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន ថ្លែង​ថា ការ​ចូល​មក​ដល់​នៃ​រដូវវស្សា​លឿន​ឆ្នាំ​នេះ​អាច​បង្កក្តី​បារម្ភ​មួយ​ចំនួន​ដល់​កសិករ ដែល​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក ប្រសិនបើ​

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន ថ្លែង​ថា ការ​ចូល​មក​ដល់​នៃ​រដូវវស្សា​លឿន​ឆ្នាំ​នេះ​អាច​បង្កក្តី​បារម្ភ​មួយ​ចំនួន​ដល់​កសិករ ដែល​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក ប្រសិនបើ​ជួប​ភាពរាំងស្ងួត​ក្រោយ​ពេល​ដាំ​ដុះ ។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា​ថា ក្រសួង​បារម្ភ​ពី​ការ​ធ្លាក់​ភ្លៀង​ដើមរដូវ ហើយ​អាច​ប្រឈម​នឹង​ភាពរាំងស្ងួត​នៅ​ពេល​ក្រោយ ដែល​ធ្វើ​ឲ្យ​ស្រូវ​នៅ​តាម​តំបន់​គ្មាន​ប្រភព​ទឹក​គ្រប់គ្រាន់​សម្រាប់​សង្គ្រោះ​ស្រូវ ។ លោក​បន្ត​ថា ជាមួយនឹង​ការ​មក​ដល់​នៃ​រដូវវស្សា​ឆ្នាំ​នេះ ក្រសួង​បាន​ត្រៀម​ពូជ​មួយ​ចំនួន​ចែក​ជូន​កសិករ​រួច​ហើយ ហើយ​ការ​ចែក​បាន​ចាប់ផ្តើម​ជា​បណ្តើរ​ៗ​នៅ​តាម​បណ្តា​ខេត្ត​នានា ។

ពូជស្រូវ​ដែល​បាន​និង​កំពុង​ចែក​ជូន​កសិករ មាន​ដូច​ជា ស្រូវ​ក្រអូប អីុ​អ៊ែ​រ​៦៦ ផ្ការំដួល និង​ប្រភេទ​ស្រូវប្រាំង​៥០៤ ។

លោក វេ​ង សា​ខុន បន្ត​ថា ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​នៅ​កម្ពុជា មាន​ទំហំ​៣,១​លាន​ហិ​កតា ដែល​កសិករ​បាន​និង​កំពុង​ញាប់ដៃ​ញាប់​ជើង​សាបព្រោះ​បណ្តើរ​ៗ​ហើយ ។ កាលពី​ឆ្នាំ​មុន កម្ពុជា​ប្រមូល​ផល​ស្រូវ​បាន​ចំនួន​ជាង​៩​លាន​តោន​នៅ​ទូ​ទាំង​ប្រទេស កើនឡើង​៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ដែល​មាន​កំណើន​០,២៤%​ប៉ុណ្ណោះ​ធៀប​នឹង​ឆ្នាំ​២០១៤ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ផ្ទៃដី​៦០%​នៅ​កម្ពុជា មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្របដណ្តប់​រួច​ហើយ ។

ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្លែង​ថា ផ្ទៃដី​គ្របដណ្តប់​ដោយ​ប្រព័ន្ធ​ធារាសាស្ត្រ មិន​ទាន់​សម្រេច​ជា​សក្តានុពល​៦០%​នៅឡើយ​ទេ ព្រោះ​គម្រោង​ខ្លះ​មិន​ទាន់​ធ្វើ​ចប់​ចុង ចប់​ដើម​នៅឡើយ ។

លោក ឆឹង វិ​ច្ច​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង ថ្លែង​ថា អ្វី​ដែល​មន្ទីរ​បាន​និង​កំពុង​ធ្វើ គឺ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​កសិករ​ដាំ​ដុះ​ពូជ​សុទ្ធ និង​មានគុណ​ភាព​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ ព្រមទាំង​បណ្តុះបណ្តាល​កសិករ​ពី​ការ​ដាំ​ដុះ ការ​ប្រើប្រាស់​ជី ការ​រក្សា​ទឹក​ទុក​ក្នុង​ស្រែ និង​ការ​ប្រមូល​ផល​តាំងពី​ដើមរដូវ រហូត​ដល់​ក្រោយ​ពេល​ប្រមូល​ផល ។

ខេត្តបាត់ដំបង​មាន​ផ្ទៃដី​ធ្វើស្រែ​វស្សា​ចំនួន​២៧​ម៉ឺន​ហិ​កតា និង​ផ្ទៃដី​ស្រែប្រាំង​ប្រមាណ​១​ម៉ឺន​៧​ពាន់​ហិ​កតា ។

លោក ឆឹង វិ​ច្ច​រ៉ា បន្ត​ថា រហូត​មក​ទល់​ពេល​នេះ កសិករ​មិន​ទាន់​ចាប់ផ្តើម​ដាំ​ដុះ​នៅឡើយ​ទេ គឺ​ពួក​គេ​កំពុង​ភ្ជួរ​រាស់​ដាស់ដី ដើម្បី​ចាប់ផ្តើម​ដាំ​ដុះ​ពេល​ទឹកភ្លៀង​ធ្លាក់​ជោកជាំ​មក​ដល់ ។

លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​សម្ព័ន្ធ​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា និង​ជា​អគ្គនាយក​ធនាគារ​ស្រូវ ថ្លែង​ថា លោក​កំពុង​ចាប់ផ្តើម​ចុះ​តាម​ឃុំ​មួយ​ចំនួន​រៀបចំ​ប្រជុំ​ជាមួយ​កសិករ ដើម្បី​ធ្វើការ​ងារ​លើ​គម្រោង​ចុះ​កិច្ចសន្យា​ទិញ​ស្រូវ ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​ពេញចិត្ត​នឹង​គម្រោង​នេះ ដោយសារ​ពួក​គេ​មិន​បារម្ភ​ពី​កង្វះ​ទីផ្សារ​ស្រូវ​នៅ​ពេល​ប្រមូល​ផល ។

លោក​បន្ត​ថា ការ​ចុះ​កិច្ចសន្យា​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ នឹង​ធ្វើ​នៅ​ខេត្តពោធិ៍សាត់ និង​បាត់ដំបង មុន​ធ្វើ​នៅ​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត ។ លោក​ថា ៖ « ការ​ធ្វើស្រែ​តាម​កិច្ចសន្យា នឹង​ធ្វើ​ឲ្យ​កសិករ​មាន​ទំនុកចិត្ត​ក្នុង​ការ​លក់​ផលិតផល​របស់​ពួក​គេ ហើយ​គោលការណ៍​នេះ ស្រប​តាម​គោលនយោបាយ​របស់​ក្រសួងកសិកម្ម » ៕