ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​សម្លៀក​បំពាក់​កើនឡើង​ជាង​13​ភាគរយ​ក្នុង​ត្រីមាស​ទី​1

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​ពី​កម្ពុជា​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ​កើនឡើង​ជាង​១៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី​១.៣៧០ ដល់​ជាង​១.៥៥០​លាន​ដុល្លារ​អា​មេ​រិ​ក ។

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​ពី​កម្ពុជា​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ​កើនឡើង​ជាង​១៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី​១.៣៧០ ដល់​ជាង​១.៥៥០​លាន​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បញ្ចេញ​នៅ​ថ្ងៃ​ទី​២០ មេ​សា ឲ្យ​ដឹង​ថា ទីផ្សារ​ធំ​ៗ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ស្បែកជើង និង​សម្លៀក​បំពាក់ មាន​ដូច​ជា ទីផ្សារ​អឺរ៉ុប សហរដ្ឋអាមេរិក កា​ណា​ដា និង​ជប៉ុន​ជាដើម ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​ថា វិស័យ​វាយនភ័ណ្ឌ​កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​កំណើន​យ៉ាង​រឹង​មាំ ទោះជា​សេដ្ឋកិច្ច​ពិភពលោក​ប្រឈម​នឹង​ភាព​មិន​ប្រាកដ​ប្រជា​ក្តី ព្រោះ​រោងចក្រ​កាន់តែ​ច្រើន​បាន​ធ្វើ​ពិពិធ​កម្ម​ផលិតផល​របស់​ពួក​គេ តាម​រយៈ​ការ​ស្វែងរក​តម្លៃបន្ថែម​កាន់តែ​ច្រើន ។ លោក​បន្ត​ថា ៖ « ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា​កាន់តែ​មានការ​ធ្វើ​ពិពិធ​កម្ម​ផង​ដែរ ដោយ​យើង​មិន​ពឹងផ្អែក​តែ​លើ​ទីផ្សារ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ទៀត​ទេ » ។

គិត​ក្នុង​រយៈពេល​ដដែល​នេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចុះបញ្ជី​រោងចក្រ និង​សិប្បកម្ម រួម​ទាំង​អនុម័ត​នូវ​ការ​បង្កើត​រោងចក្រ​ថ្មី​ចំនួន​១៤១​រោងចក្រ និង​បង្កើត​ការងារ​ចំនួន​៦២.៣១២​កន្លែង ហើយ​នៅ​ទូ​ទាំង​វិស័យ​នេះ​មាន​កម្មករ​ធ្វើការ​ជិត​១​លាន​នាក់ ។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិថ្លែង​ថា ការ​ធ្វើ​ការងារ​ជា​ក្រុម​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​វិស័យ​នេះ តាម​រយៈ​ការ​បណ្តុះបណ្តាល​ពី​ម្ចាស់​រោងចក្រ សហគ្រាស​នានា ដែល​ធ្វើ​ឲ្យ​ផលិតភាព​កើនឡើង​ក្នុង​រយៈពេល​នេះ ហើយ​រោងចក្រ​កាត់ដេរ​នានា​បាន​ធ្វើ​ពិពិធ​កម្ម​ផលិតផល​របស់​ខ្លួន ដោយ​ផលិត​ផលិតផល​តម្លៃ​ថោក មក​ផលិត​ផលិតផល​មាន​តម្លៃ​ថ្លៃ និង​ទទួល​បាន​តម្លៃបន្ថែម​កាន់តែ​ច្រើន ។

លោក​មាន​ប្រសាសន៍​ថា ៖ « កម្ពុជា​កំពុង​ចាក​ចេញពី​ឧស្សាហកម្ម​អតិពលកម្ម ទៅ​ជា​ពលកម្ម​ដែល​ប្រើប្រាស់​ជំនាញ និង​ចំណេះដឹង​ខ្ពស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ផលប្រយោជន៍​កាន់តែ​ច្រើន ប៉ុន្តែ​វិស័យ​កាត់ដេរ​នៅ​តែ​ជា​វិស័យ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​»​។ លោក​បន្ត​ថា ៖ « កម្ពុជា​ត្រូវ​តែ​ផ្តោត​ការ​យកចិត្តទុកដាក់ និង​ថែទាំ​វិស័យ​នេះ​ដើម្បី​ធ្វើ​ជា​ឈ្នាន់​ឈាន​ទៅ​វិស័យ​ដទៃ​ទៀត » ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​ថ្មី​ៗ​នេះ​ថា កម្ពុជា​ត្រូវធ្វើ​យ៉ាងណា រក្សា​កំណើនសេដ្ឋកិច្ច​ឲ្យ​បាន​៧% ដើម្បី​រុញ​កម្ពុជា​ចេញពី​ប្រទេស​ក្រីក្រ ទៅ​កាន់​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៣០ តាម​រយៈ​ការ​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដំណើរការ ។

យោង​តាម​ការ​ចាត់​ចំណាត់ថ្នាក់​របស់​ធនាគារពិភពលោក​ឲ្យ​ដឹង​ថា ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ សំដៅលើ​ប្រទេស​ដែល​ប្រជាពលរដ្ឋ​ម្នាក់​មាន​ប្រាក់​ចំណូល​ចន្លោះ​ជាង​៤​ពាន់​ដុល្លារ ដល់​ជាង​១​ម៉ឺន​២​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ ៕