ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មន្ត្រី CDC ម្នាក់​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស ជាប់ចោទ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​.​ប​.​ព​) កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា ២០១៧ បាន​បញ្ជូន​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​.​ប​.​ព​) កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា ២០១៧ បាន​បញ្ជូន​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ទាមទារ និង​ទទួល​ប្រាក់​ខុសច្បាប់ ព្រមទាំង​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ននៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ​ដែរ ។

មន្ត្រី​រូប​នោះ​មានឈ្មោះ ឈឹ​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខងារ​ជា​ជំនួយការ​លោក​អគ្គលេខាធិការ​រង​ម្នាក់ បម្រើ​ការងារ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។
សំណុំ​រឿង​នេះ​ត្រូវ​បាន​លោក កុ​ល បុ​ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ធ្វើការ​សាកសួរ ។ ក្រោយ​ពី​សាកសួរ​តំណាង​អយ្យការ​បាន​ពិនិត្យ​រក​ឃើញ​ថា ជនសង្ស័យ​ពិតជា​មាន​កំហុស និង​ជាប់​ពាក់ព័ន្ធ​បទល្មើស​អាច​ដាក់បន្ទុក​បាន ក៏​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ បញ្ជូន​ទៅ​ចៅក្រម​ស៊ើ​ប​សួរ បន្តនិ​តិ​វិធី​នៅ​ល្ងាច​ដដែល​នោះ ក្រោម​បទ​.​វិ​តិ​ក្រម តាម​មាត្រា​៥៩៤.៥៩៥ និង​មាត្រា​៣២ ច្បាប់​ស្តី​ពី​ប្រឆាំង​អំពើ​ពុក​រលួយ ព្រមទាំង​បាន​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ល្ងាច​ថ្ងៃ​ដដែល ។

គួរ​បញ្ជាក់​ថា នៅ​ពេល​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ឃាត់ខ្លួន​មន្ត្រី (CDC) ម្នាក់​នោះ​ជា​ផ្លូវការ​តាម​បណ្តាញ​សារ​អេ​ឡិច​ត្រូ​និ​ច​របស់​អង្គភាព (.​អ​.​ប​.​ព​) ដូច​មាន​ភ្ជាប់​ជាមួយ​នេះ​ផង​ដែរ ។

សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ករណី​ទាមទារ និង​ទទួល​ប្រាក់​ខុសច្បាប់​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) (​ជនសង្ស័យ ឈឹ​ម ពិសិដ្ឋ មុខងារ​ជំនួយការ​ឯកឧត្តម​អគ្គលេខាធិការ​រង​១​រូប​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៧)

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​.​ប​.​ព​) នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណ​មតិ​ជ្រាប​ថា អ​.​ប​.​ព បាន​ទទួល​ព័ត៌មាន​ជា​បន្តបន្ទាប់​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​បង្ក​ការ​លំបាក​ដល់​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ ក្នុង​គោលបំណង​ទាមទារ ឬ​ទទួល​ប្រាក់​បន្ថែម​ពី​ការ​ផ្តល់​សេវា​នានា​។ ដូច​ករណី​លោក ឈឹ​ម ពិសិដ្ឋ ជាដើម ទាល់តែ​បាន​ទទួល​ប្រាក់ ទើប​ឯកសារ ដែល​គាត់​តែងតែ​បដិសេធ​ខុស​នេះ ខុស​នោះ​មិន​ចេះ​ចប់ ត្រូវ​បាន​ទទួលស្គាល់​ថា​ត្រឹមត្រូវ​ភ្លាម និង​យល់ព្រម​បោះត្រា​ឱ្យ ។

ទ​ង្វើ​នេះ​ធ្វើ​ឱ្យ​មតិ​សាធារណ​ជាតិ និង​អន្តរជាតិ​ថ្នាំងថ្នាក់ រិះគន់ និង​ស្អប់​ដល់​ស្ថាប័ន​រាជរដ្ឋាភិបាល និង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេល​ដែល​ប្រធាន​ស្ថាប័ន (​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​) ដែល​តែងតែ​អប់រំ​ណែនាំ និង​ព្រមាន​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ៗ​របស់​ខ្លួន កុំឱ្យ​ប្រព្រឹត្ត​អំពើ​ផ្ទុយ​នឹង​ច្បាប់ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​អប់រំ និង​ទប់ស្កាត់ កុំឱ្យ​មន្ត្រីរាជការ​សាធារណៈ បង្ក​ការ​លំបាក​ដល់​អ្នក​វិនិយោគ​យ៉ាងណា​ក្តី តែ​ត្រូវ​រង​នូវ​ការ​ដៀល​ត្នេះ​មិន​ឈប់​ឈរ ដោយសារ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន ។

សេចក្តី​ប្រកាស​ព័ត៌មាន​ចែង​ទៀត​ថា អ​.​ប​.​ព សូម​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​ដល់​មន្ត្រី​សាធារណៈ​នៅ CDC ឱ្យ​ស្តាប់​ការ​អប់រំ និង​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ការ​ណែនាំ​របស់​ប្រធាន​ស្ថាប័ន​ខ្លួន ហើយ​ក៏​សូម​អំពាវនាវ​ដល់​មន្ត្រីរាជការ​សាធារណៈ​នៅ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ត្រូវ​គិតគូ​បំពេញភារកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន និង​រាជរដ្ឋាភិបាល​ផង​ដែរ ។

នៅ​ចុងបញ្ចប់​ចែង​ថា អំពើ​របស់​ជនសង្ស័យ​រូប​នេះ ពាក់ព័ន្ធ​នឹង​បទល្មើស​វីតិក្រម ដែល​ក្នុង​នាមខ្លួន​ជា​មន្ត្រី​សាធារណៈ​បាន​ទាមទារ និង​ទទួល​ជា​ប្រាក់ ជា​សិទ្ធិ ដែល​ច្បាប់​មិន​អនុញ្ញាត​ហើយ​ដែល​ទ​ង្វើ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស កិត្យានុភាព​របស់​ស្ថាប័ន​ជាតិ ជា​ពិសេស​ធ្វើ​ឱ្យ​សាធារណ​មតិ​ជាតិ​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែមាន​ឆន្ទៈ និង​មាន​សកម្មភាព​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាងណា​ក៏​ដោយ​។ អំពើ​របស់​បុគ្គល ឈឹ​ម ពិសិដ្ឋ នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មន្ត្រី​សាធារណៈ​ដទៃ​ទៀត ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន និង​មហាជន​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​យ៉ាងធ្ងន់ធ្ងរ ៕
រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ មេ​សា ២០១៧