ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងអលង្ការ​សម័យ​អង្គរវិល​ត្រលប់​មក​មាតុភូមិ​វិញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧ ស្តី​ពី​ការ​ទទួល​មក​វិញ​នូវ​ឈុត​គ្រឿងអលង្ការ​មាស​របស់
ខ្មែរ​នា​សម័យ​អង្គរ បានឱ្យ​ដឹង

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧ ស្តី​ពី​ការ​ទទួល​មក​វិញ​នូវ​ឈុត​គ្រឿងអលង្ការ​មាស​របស់​ខ្មែរ​នា​សម័យ​អង្គរ បានឱ្យ​ដឹង នា​ថ្ងៃ​ទី​២០ ខែមេ​សា កន្លង​មកនេះ ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​Johnathan Tucker Antonia Tozer Asian Art បាន​ស្ម័គ្រចិត្ត​ប្រគល់​ឈុត​គ្រឿងអលង្ការ​មាស​សម្រាប់​លម្អរូប​ចម្លាក់​ថ្ម ដែល​មាន​អាយុកាល​ក្នុង​សម័យ​អង្គរ ជូន​មក​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​វិញ តាម​រយៈ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស នាទី​ក្រុង​ឡុ​ង ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ចក្រភព​អង់គ្លេស និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី​Kaltherine McGinn មន្ត្រី​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​ប្រចាំ​ប្រទេស​កម្ពុជា ឡាវ សិង្ហ​បុរី អាស៊ាន និង​ASEM នៃ​ក្រសួងការបរទេស​និង The Commonwealth​នៃ​ចក្រភព​អង់គ្លេស លោកស្រី​DC Sophie V.Hayes​ទទួល​បន្ទុក​កិច្ចការ​សិល្បៈ និង​បុរាណវត្ថុ​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ឡុ​ង នាយកដ្ឋាន​វប្បធម៌​ផ្សព្វផ្សាយ និង​កីឡា និង​លោក Neil F.Perry អ្នកជំនាញ​អភិរក្ស តំណាង​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art ។

តាម​សេចក្តី​ជូន​ព័ត៌មាន​បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទទួល​ព័ត៌មាន​ថា ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art បាន​ប្រកាស​ដាក់​តាំង​លក់​វត្ថុ​បុរាណ​ឥណ្ឌា និង​អា​ស៊ី​អាគ្នេយ៍ នៅ​ស្នាក់​ការ​របស់​ខ្លួន​នាទី​ក្រុង​ឡុ​ង អាសយដ្ឋាន​៣៧ Bury Street,St.James’s,London,SW1Y 6AU​ចាប់ពី​ថ្ងៃ​ទី​៣ ដល់ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​ក្នុង​នេះ​មាន​ឈុត​គ្រឿងអលង្ការ​មាស​សម្រាប់​លម្អរូប​ចម្លាក់​ថ្ម ដែល​វត្ថុ​បុរាណ​នេះ​ធ្លាប់​បាន​ផ្សព្វផ្សាយ​ក្នុង​សៀវភៅ Khmer Gold:Gifts for the Gods និពន្ធ​រួម​ដោយ​លោកស្រី Emma C.Bunker​និង​លោក​Douglas A.J .Latchford នា​ឆ្នាំ​២០០៨ ។

ទទួល​បាន​ដំណឹង​នេះ​ភ្លាម ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជូនដំណឹង​ដល់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ទទួល​បាន​សេចក្តីណែនាំ​ជា​បន្ទាន់​មួយ ដើម្បី​ធ្វើការ​ទាមទារ​សុំ​ឱ្យ​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art ដក​ចេញពី​បញ្ជី​លក់ និង​សម្របសម្រួល​បញ្ជូន​មក​កម្ពុជា​វិញ ដោយ​ភាគី​កម្ពុជា​បាន​ផ្តល់​សក្ខីកម្ម​យ៉ាង​ច្បាស់​ថា វត្ថុ​បុរាណ​នេះ​ជា​កម្មសិទ្ធិ​តែ​មួយ​គត់​របស់​កម្ពុជា តាម​រយៈ​ក្បូរ​ក្បាច់រចនា​ដែល​មាន​តែ​ក្នុង​រចនាបថ​សិល្បៈ​ខ្មែរ​មួយ​គត់ ហើយ​ដែល​ត្រូវ​បាន​យក​ចេញ​ដោយ​ខុសច្បាប់​ពី​កម្ពុជា ។

រាជរដ្ឋាភិបាល​កម្ពុជា សូម​សម្តែង​ការ​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស​ដែល​បាន​ខ្នះខ្នែង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា  ក្នុង​ការ​ទាមទារ​វត្ថុ​បុរាណ​នេះ​មក​ឱ្យ​កម្ពុជា​វិញ និង​សូម​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art ដែល​មាន​សុច្ឆន្ទៈ និង​សហការ​បាន​ល្អ​ប្រសើរ​ជាមួយ​អាជ្ញាធរ ក្នុង​ការ​សម្របសម្រួល​ប្រគល់​វត្ថុ​បុរាណ​នេះ​ជូន​មក​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​វិញ ។

ក្នុង​ឱកាស​នេះ លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំណាប់អារម្មណ៍​ថា​៖ ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​នាំ​ត្រឡប់​មក​វិញ​នូវ​រតនវត្ថុ​របស់​ជាតិ​នា​ពេល​នេះ គឺជា​មង្គល​ដ៏​ឧត្តម​មួយ​របស់​ប្រទេស ក៏​ដូច​ជា​ចំណងដៃ​មួយ​ដ៏​ថ្លៃថ្លា​ជូន​ប្រជាជន​កម្ពុជា​ទាំងមូល​នា​ឱកាស​ឆ្នាំ​ថ្មី​នេះ​ដែរ ។ ការ​ប្រគល់​ត្រឡប់​មក​វិញ​ដោយ​ការ​ស្ម័គ្រចិត្ត​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​លើក​តម្លៃ​សម្បត្តិ​វប្បធម៌​កម្ពុជា និង​ក្រមសីលធម៌​នៃ​អ្នក​ធ្វើ​សមុច្ច័យ​វត្ថុ​បុរាណ​មានការ​ប្រសើរ​ឡើង និង​សូម​លើកទឹកចិត្ត​ដល់​បុគ្គល​ដល់​សារ​មន្ទីរ ក្រុមហ៊ុន ក៏​ដូច​ស្ថាប័ន​នានា​លើ​សកលលោក ដែល​កំពុង​តាំង​បង្ហាញ និង​រក្សា​ទុក​វត្ថុ​បុរាណ​របស់​កម្ពុជា សូម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ  ក៏​ដូច​ជាតា​មរយៈ​ស្ថានទូត​កម្ពុជា​នៅ​តាម​ប្រទេស​នីមួយ​ៗ ក្នុង​ការ​ស្ម័គ្រចិត្ត​ប្រគល់​វត្ថុ​បុរាណ​ទាំងនោះ​មក​កម្ពុជា​វិញ ។

កម្ពុជា​ចាត់​ទុក​ថា ទ​ង្វើ​ដ៏​ថ្លៃថ្លា​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​ចូលរួម​លើក​តម្លៃ​ដល់​វប្បធម៌​នៃ​ជាតិ​សាសន៍​មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ចូលរួម​ចំណែក​ដ៏​ឧត្តុង្គឧត្តម​ក្នុង​ការ​ផ្សះផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ប្រជាជន​កម្ពុជា ដែល​ឆ្លងកាត់​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ និង​រង​គ្រោះ​ពី​សោកនាដកម្ម និង​ទារុណកម្ម​នៃ​អំពើ​ប្រល័យពូជសាសន៍​ខ្មែរក្រហម ៕