ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ផ្ទះ​នៅ​ចិន​មាន​ស្ថិរភាព ខណៈ​ការ​រឹត​បន្តឹង​កំពុង​បន្ត

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ បទ​ប្បញ្ញត្តិ​រឹត​បន្តឹង​ទីផ្សារ​អចលនទ្រព្យ​របស់​ចិន ដើម្បី​ទប់ស្កាត់​កំណើន​តម្លៃ​ផ្ទះ​បាន​ចាប់ផ្តើម​មាន​លទ្ធផល ខណៈ​តម្លៃ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​ធំ​ៗ​បន្ត​មាន​ស្ថិរភាព។

ប្រទេស​ចិន ៖ បទ​ប្បញ្ញត្តិ​រឹត​បន្តឹង​ទីផ្សារ​អចលនទ្រព្យ​របស់​ចិន ដើម្បី​ទប់ស្កាត់​កំណើន​តម្លៃ​ផ្ទះ​បាន​ចាប់ផ្តើម​មាន​លទ្ធផល ខណៈ​តម្លៃ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​ធំ​ៗ​បន្ត​មាន​ស្ថិរភាព។

ការិយាល័យ​ស្ថិតិ​ជាតិ​បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​ថា ក្នុង​ចំណោម​ការ​អង្កេត​លើ​ទីក្រុង​ធំ និង​មធ្យម​ចំនួន​៧០​បង្ហាញ​ថា តម្លៃ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ចំនួន​២៤ បាន​កើនឡើង​យឺត​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ នៅ​ខែមីនា ។

តម្លៃ​ផ្ទះ​ថ្មី​ជា​មធ្យម​បាន​កើនឡើង​យឺត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្នុង​ទីក្រុង​លំដាប់​ទី​១​ទាំង​១៥ និង​ទីក្រុង​លំដាប់​ទី​២ ។ ការ​ដំឡើង​ថ្លៃ​របស់​ពួក​គេ​ស្ថិត​ក្នុង​ចន្លោះ​ពី​០,២% និង​០,៦% ទាប​ជាង​ខែកុម្ភៈ ។

ការិយាល័យ​នេះ​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​តម្លៃ​ប្រចាំខែ​នៃ​អចលនទ្រព្យ​នៅ​ទីក្រុង​៦​ក្នុង​ចំណោម​១៥ បាន​ធ្លាក់​ចុះ​ពី​ខែកុម្ភៈ ខណៈ​ទីក្រុង​៦​ទៀត​ដំឡើង​ថ្លៃ​ក្រោម​០,៥% ។
លោក Liu Jianwei អ្នក​ស្ថិតិ​ជាន់ខ្ពស់​របស់​ការិយាល័យ​នេះ​និយាយ​ថា ៖ « ខែមីនា គឺជា​រដូវ​កាល​លក់ដាច់​ខ្លាំង ហើយ​តម្លៃ​ផ្ទះ​ថ្មី​ក្នុង​ទីក្រុង​លំដាប់​ទី​១​ទាំង​១៥ និង​លំដាប់​ទី​២ បាន​កើនឡើង​យឺត ស្រប​តាម​វិធានការ​ទប់ស្កាត់​តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​នានា » ។

តម្លៃ​ផ្ទះ​ថ្មី​នៅ​ទីក្រុង​ប៉េ​កាំ​ង​បាន​កើនឡើង​០,៤%​កាលពី​ខែមីនា ខណៈ​តម្លៃ​ក្នុង​ទីក្រុង​សៀង​ហៃ ធ្លាក់​ចុះ​០,១% និង​ទីក្រុង Shenzhen ធ្លាក់​ចុះ​០,៣% ។

ការ​លក់​អចលនទ្រព្យ​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​២០១៦ គឺ​កើនឡើង​២២,៥%​ប្រចាំឆ្នាំ ដោយសារ​ការ​បន្ធូរបន្ថយ​គោលនយោបាយ​រយៈពេល​២​ឆ្នាំ និង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ។

ចាប់ពី​ខែតុលា រដ្ឋាភិបាល​ចិន​បាន​អនុវត្ត​វិធានការ​ដើម្បី​បញ្ចុះតម្លៃ​ផ្ទះ​ដែល​កើនឡើង​កាន់តែ​ខ្ពស់ រួម​មាន រឹត​បន្តឹង​ការ​ទិញ និង​បង្កើន​ការ​បង់ប្រាក់​មុន​ពេល​ទិញ​ផ្ទះ ។

ទន្ទឹម​នឹង​នេះ ធនាគារកណ្តាល​ចិន​បាន​ជំរុញ​ឱ្យ​ធនាគារ​ផ្សេង​ៗ​ពង្រឹង​ការ​គ្រប់គ្រង​ហានិភ័យ​លើ​ប្រាក់​កម្ចី​ទិញ​ផ្ទះ និង​បង្ក្រាប​ភាព​មិន​ប្រក្រតី​ទីផ្សារ​ដូច​ជា ការ​លែងលះ​ក្លែងក្លាយ​ដើម្បី​គេច​ពី​ការ​បង់ប្រាក់​ខ្ពស់​មុន​ទិញ​ផ្ទះ ។

« ទោះបីជា​មាន​បទ​ប្បញ្ញត្តិ​លំនៅ​ឋាន​ដ៏​តឹង​រ៉ឹ​ង​ក្តី ក៏​តម្លៃ​ផ្ទះ​នៅ​ទីក្រុង​មួយ​ចំនួន​នៅ​តែ​មាន​កំណើន​ខ្ពស់​ក្នុង​ខែមីនា ដែល​បង្ហាញ​ថា បទ​ប្បញ្ញត្តិ​លំនៅ​ស្ថាន​នេះ​ត្រូវ​រឹត​បន្តឹងបន្ថែម​ទៀត​»​។ នេះ​បើ​តាម​លោក Xia Dan អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​ធនាគារ Communications ។

លោក Xia និយាយ​ថា ៖ « វិធានការ​ត្រួតពិនិត្យ​លើ​តម្លៃ​ផ្ទះ​នៅ​តែ​មាន ដរាបណា​មានការ​ដំឡើង​ថ្លៃ ។ តម្លៃ​ផ្ទះ​ក្នុង​បណ្តា​ទីក្រុង​បាន​កើនឡើង​លឿន ទំនងជា​នឹង​រឹត​បន្តឹង​វិធានការ​នេះ​បន្ថែម​ទៀត » ។

ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​ការិយាល័យ​ស្ថិតិ លោក Mao Shengyong ទទួលស្គាល់​ថា ឥទ្ធិពល​នៃ​ការ​គ្រប់គ្រង​អចលនទ្រព្យ​នឹង​បង្ហាញ​លទ្ធផល​នៅ​ខែមេសា និង​ខែ​ក្រោយ​ៗ​ទៀត ។

លោក​បន្ត​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ប្រទេស​ចិន​នឹង​បង្កើត​យន្តការ​តម្រង់​ទិស​ទីផ្សារ​រយៈពេល​វែង ដើម្បី​កាត់​បន្ថយ​បញ្ហា​អចលនទ្រព្យ និង​ទប់ស្កាត់​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ធំ​ៗ ៕