ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាច់ត្រីមាស​ទី​1 តម្រូវការ​អគារ​ការិយាល័យ​មាន​កំណើន​តិចតួច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រក​ឃើញ​ថា តម្រូវការ​អគារ​ការិយាល័យ​នៅ​ដំណាច់ត្រីមាស​ទី​១​ឆ្នាំ​នេះ​មាន​កំណើន​តិចតួច បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។​

រាជធានី​ភ្នំពេញ ៖ ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រក​ឃើញ​ថា តម្រូវការ​អគារ​ការិយាល័យ​នៅ​ដំណាច់ត្រីមាស​ទី​១​ឆ្នាំ​នេះ​មាន​កំណើន​តិចតួច បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។​

យោង​តាម​របាយការណ៍​នៃ​ការ​សិក្សា​បឋម​របស់​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រៀល​ធី​គ្រុប ដែល​ទើបបាន​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ​រក​ឃើញ​ថា តម្រូវការ​អគារ​ការិយាល័យ​នៅ​ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​នេះ កើនឡើង​២%​ប៉ុណ្ណោះ ហើយ​អត្រា​ប្រើប្រាស់​អគារ​ការិយាល័យ​សរុប​កើន​ពី​១៨ ទៅ​២០% ។ តម្លៃ​ជួល​ស្ថិត​ក្នុង​សភាព​ទ្រឹង ដោយ​អគារ​ការិយាល័យ​កម្រិត A មាន​តម្លៃ​ចាប់ពី​១៨ ដល់​២៨​ដុល្លារ​, អគារ​កម្រិត B ចន្លោះ​ពី​១២ ដល់​១៥​ដុល្លារ និង​អគារ​ការិយាល័យ​កម្រិត C ចាប់ពី​៨ ដល់​១០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។

ការ​សិក្សា​ដដែល​រក​ឃើញ​ថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១​ឆ្នាំ​នេះ នៅ​ទីក្រុង​ភ្នំពេញ មាន​អគារ​ការិយាល័យ​សរុប​ចំនួន​៥៨​អគារ ដែល​បាន​និង​កំពុង​ដាក់​ដំណើរការ កំពុង​សាងសង់ និង​គម្រោង​ខ្លះ​ពន្យារពេល​សាងសង់ ។ នៅ​ឆ្នាំ​នេះ មាន​តែ​អគារ​ការិយាល័យ​ពីរ​ប៉ុណ្ណោះ​បាន​ដាក់​ឲ្យ​ដំណើរការ គឺ​អគារ VTRUST TOWER និង Royal One ។
លោក ប៉ែន សុខ​គា នាយក​គ្រប់គ្រង​ផ្នែក​វាយតម្លៃ​នៃ​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រៀល​ធី​គ្រុប ថ្លែង​ថា ៖ « ក្នុង​ស្ថានភាព​បែប​នេះ វា​ជា​សញ្ញា​គួរ​ឲ្យ​ព្រួយបារម្ភ​ផង​ដែរ ដោយសារ​តម្រូវការ​នៅ​មាន​កម្រិត ដែល​ធ្វើ​ឲ្យ​គម្រោង​ចន្លោះ​ពី​២០ ទៅ​៣០% បាន​ពន្យារពេល​សាងសង់ » ។

លោក​បន្ត​ថា ៖ « អ្នក​វិនិយោគ​លើ​អគារ​ការិយាល័យ ពួក​គេ​កំពុង​រង់ចាំ​មើល​ស្ថានភាព​នៃ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ថា មាន​ភាព​រស់​រវើក​កម្រិត​ណា​មុន​ចាប់ផ្តើម​សាងសង់ និង​វិនិយោគ​បន្ថែម » ។

នាយក​ផ្នែក​គ្រប់គ្រង​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន VTRUST Property លោក ហុ​ន ម៉េ​ង​ហៀ​ង ថ្លែង​ថា ក្នុង​អំឡុង​ត្រីមាស​ទី​១​ដើមឆ្នាំ​នេះ តម្រូវការ​អគារ​ការិយាល័យ​ពិតជា​មិនសូវ​ប្រែប្រួល​ច្រើន​ទេ ប៉ុន្តែ​លោក​រំពឹង​ថា នៅ​ត្រីមាស​ទី​២​ឆ្នាំ​នេះ អត្រា​ជួល​នឹង​កើនឡើង ដោយសារ​ពេល​នេះ ក្រុមហ៊ុន​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ចង់​ជួល​អគារ​នេះ​១​ជាន់​តែ​ម្តង ។

លោក​បន្ត​ថា បច្ចុប្បន្ន ការ​ប្រើប្រាស់​អគារ​VTRUST TOWER គ្របដណ្តប់​ចន្លោះ​ពី​៦៥​ទៅ​៧០% ខណៈ​តម្លៃ​ជួល​បាន​កើនឡើង​ចន្លោះ​ពី​១៦​ដុល្លារ​កាលពី​ឆ្នាំ​មុន ដល់​១៨​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ បូក​ទាំង​តម្លៃ​គ្រប់គ្រង​៤​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​បន្ថែម​ទៀត ។

លោក លឹ​ម ភូ​ស៊ី ថា​វរិ​ទ្ធ មន្ត្រី​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ជួល​នៃ​អគារ​វិមាន​វឌ្ឍនៈ បាន​ថ្លែង​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​ថា បើ​ធៀប​នឹង​ត្រីមាស​ទី​១​ឆ្នាំ​មុន តម្រូវការ​អគារ​ការិយាល័យ​មិន​កើន​ដូច​ឆ្នាំ​មុន​ទេ ដោយសារ​ក្រុមហ៊ុន​ខ្លះ​កំពុង​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​របស់​ខ្លួន ប៉ុន្តែ​លោក​រំពឹង​ថា​នៅ​ត្រីមាស​ទី​២​ឆ្នាំ​នេះ តម្រូវការ​ការិយាល័យ​នឹង​កើនឡើង​ខ្ពស់ ព្រោះ​ពេល​នេះ ក្រុមហ៊ុន​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ដែល​គ្រោង​ចូល​មក​ជួល​អគារ​នេះ ។

អគារ​ការិយាល័យ VATANAC TOWER បាន​ចាប់ផ្តើម​ពី​ជាន់​ទី​១ ដល់​ជាន់​ទី​២៣ នៃ​អគារ​កម្ពស់​៣៩​ជាន់ ហើយ​តម្លៃ​ជួល​ចាប់ពី​២៨​ដុល្លារ បូក​៥​ដុល្លារ​ឡើង​ទៅ ។

លោក ភូ​ស៊ី ថា​វរិ​ទ្ធ បន្ត​ថា ៖ « រហូត​មក​ទល់​ពេល​នេះ អត្រា​គ្របដណ្តប់​ការ​ប្រើប្រាស់​សរុប​បាន​កើនឡើង​ជាង​៦០% នៃ​ផ្ទៃក្រឡា​សរុប​របស់​អគារ និង​រំពឹង​កើនឡើង​ច្រើន​បន្ថែម​ទៀត​នៅ​ចុងឆ្នាំ​នេះ » ៕