រាជធានីភ្នំពេញ ៖ អគ្គនាយកបុរីពិភពថ្មី លោកឧកញ៉ា ហុង ពីវ នឹងវិនិយោគលើលំនៅឋានសម្រាប់ប្រជាពលរដ្ឋមានជីវភាពមធ្យម និងក្រោមមធ្យមថ្មីមួយទៀតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលគ្រោងនឹងអនុវត្តនៅចុងខែនេះ ។
លោក ង៉ែត ពិសិដ្ឋ ជំនួយការផ្ទាល់លោកឧកញ៉ា ហុង ពីវ បានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២១ មេសា ម្សិលមិញថា គម្រោងលំនៅឋានថ្មីនេះ ស្ថិតនៅម្តុំវត្តឈូកវ៉ា មានទីតាំងក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ គម្រោងនេះស្ថិតនៅលើផ្ទៃដី១៦ហិកតាកន្លះ និងគ្រោងសាងសង់ផ្ទះលក់ក្នុងតម្លៃ៣៨.៨០០ដុល្លារអាមេរិក ដែលផ្ទះនីមួយៗមានទំហំ៤ម៉ែត្រ គុណនឹង១២ម៉ែត្រ ដោយមានបន្ទប់គេង២ និងបន្ទប់ទឹក៣ ។
លោកបន្តថា គម្រោងនេះចំណាយទឹកប្រាក់ប្រមាណ១៣លានដុល្លារអាមេរិកលើថ្លៃដី ដោយមិនទាន់គិតបញ្ចូលពីតម្លៃសំណង់នៅឡើយទេ ហើយលោករំពឹងថា គម្រោងនេះនឹងទទួលបានជោគជ័យ ប៉ុន្តែអតិថិជនមានលក្ខខណ្ឌច្រើនដើម្បីធ្វើឲ្យប្រាកដថា អ្នកទិញផ្ទះក្នុងគម្រោងនេះយកមកស្នាក់នៅផ្ទាល់ខ្លួន មិនមែនជាការទិញយកទុកចំណេញ ។
នេះជាគម្រោងលំនៅឋានទី៣ហើយ ដែលវិនិយោគដោយក្រុមហ៊ុនឯកជន និងត្រូវបានទទួលការយល់ព្រមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឆ្លើយតបតាមគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសម្រាប់ប្រជាជនមានប្រាក់ចំណូលទាប និងក្រោមមធ្យម ។
លោក សន សៀប ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Key Realestate ថ្លែងថា ការវិនិយោគបែបនេះនឹងទទួលបានជោគជ័យ ព្រោះតម្លៃដែលបានដាក់ចេញសមរម្យ គួបផ្សំនឹងតំបន់នោះមានមនុស្សរស់នៅច្រើននាពេលបច្ចុប្បន្ន ជាពិសេស ប្រជាជនមានប្រាក់ចំណូលមធ្យមមានចំនួនច្រើន និងជាទីផ្សារធំ ហេតុនេះ វានឹងទទួលបានជោគជ័យ ។ លោកបន្តថា ៖ «ក្នុងប្រទេសយើង អ្នកមាន តិចជាងអ្នកមធ្យម ហើយអ្នកមធ្យម តិចជាងអ្នកក្រីក្រ ។ ហេតុនេះ ការផ្តោតលើប្រជាជនមានប្រាក់ចំណូលមធ្យម នឹងមានតម្រូវការច្រើន » ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា ជាគោលការណ៍ ក្រសួងគាំទ្រ និងលើកទឹកចិត្តចំពោះក្រុមហ៊ុនឯកជននានា ដើម្បីវិនិយោគលើលំនៅឋានសម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលក្រោមមធ្យម ឬថ្នាក់មធ្យមអាចមានលទ្ធភាពទិញបាន ។ លោកបន្តថា ក្រសួងកំពុងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីព្រាងគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជន តាមរយៈផ្តល់ជូននូវការតភ្ជាប់ផ្លូវ ភ្លើង និងបន្ធូរបន្ថយពន្ធប្រថាប់ត្រាដល់ក្រុមហ៊ុនឯកជនដែលបានវិនិយោគគម្រោងបែបនេះ ។
លោកបន្ថែមថា ក្រុមហ៊ុនឯកជនបានស្នើសុំមកក្រសួងជួយបន្ធូរបន្ថយពន្ធប្រថាប់ត្រា ដើម្បីធ្វើយ៉ាងណា ឲ្យតម្លៃលំនៅឋានមានភាពសមស្របសម្រាប់ប្រជាជនមានប្រាក់ចំណូលទាប និងមធ្យម ។ សេចក្តីព្រាងគោលនយោបាយនេះ កំពុងរៀបចំដោយមន្ត្រីជំនាញ និងគ្រោងបញ្ចប់នៅពេលឆាប់ៗនេះ ដើម្បីដាក់ស្នើសុំការអនុម័ត និងសម្រេចពីប្រមុខរាជរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ