ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​ទៅ​ណា​រួច! ទោះ​សម្ងំ​លាក់​ខ្លួន​ក៏​​ចាប់​បាន​ដែរ ​មេ​អណ្តើត​ទាំង​២

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេអណ្តើក​ប្រុស​ស្រី២​នាក់ បាន​ត្រូវ​នគរបាល​នាយកដ្ឋាន​ប្រឆាំងការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ស្រាវជ្រាវ​និង​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេអណ្តើក​ប្រុស​ស្រី២​នាក់ បាន​ត្រូវ​នគរបាល​នាយកដ្ឋាន​ប្រឆាំងការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ស្រាវជ្រាវ​និង​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នាំ​នារី​ខ្មែរ​ទៅ​រៀប​ការ​ប្តី​ជនជាតិ​ចិន​ដោយ​មិន​ស្របច្បាប់ ។ 

មេអណ្តើក​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ស្រាប់ លី​អេ​ង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ ជឿ​ង ថា​ន់​ឡុ​ង ភេទ​ប្រុស ។ ពួក​គេ​នៅ​បន្ទប់​ជួល​លេខ​២៦ ផ្លូវលំ ក្បែរ​សួន​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ស្ត្រី​ខាងលើ​ជា​មេខ្លោង​ជួញដូរ​មនុស្ស​នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀប​ការ​នៅ​ប្រទេស​ចិន ហើយ​ត្រូវ​បែកធ្លាយ​បន្ទាប់​ពី​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ចិន បាន​បញ្ជូន​នារី​រង​គ្រោះ​វិល​មក​ប្រទេស​ខ្មែរ​វិញ កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លង​មក ហើយ​នារី​រង​គ្រោះ​ក៏​បាន​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ​ឱ្យ​ចាត់​វិធានការ​ស្រាវជ្រាវ​ចាប់​មេ​ខ្លោង ។ ក្រោយមក​ក្រោម​ការ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ស៊ូ វ៉ា​ន់​ឌី អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន កម្លាំង​នគរបាល​ក្រសួង​មហា​ផ្ទៃ​បាន​ចុះ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ស្ត្រី​មេខ្លោង​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ដោយ​ស្ត្រី​រូប​នេះ​សម្ងំ​លាក់ខ្លួន​ក្នុង​បន្ទប់​ជួល​ក្បែរ​សួន​កា​ណា​ឌី​យ៉ា ។

បើ​តាម​ប្រភព​ផ្សេង​មួយទៀត​ឱ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​មេខ្លោង​ជួញដូរ​មនុស្ស បាន​នាំ​នារី​ម្នាក់​អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ទៅ​រៀប​ការ​ជាមួយ​ជនជាតិ​ចិន នៅ​ប្រទេស​ចិន កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៦ និង​បាន​ផ្តល់​ឲ្យ​នាង​ចំនួន​១.៥០០​ដុល្លារ​សម្រាប់​ទុក​ជាប់​នឹង​ខ្លួន ។ ដោយសារ​អត់​មាន​លិខិតឆ្លងដែន ពេល​ទៅ​ដល់​ប្រទេស​ចិន​ក៏​បែកធ្លាយ​រឿងរ៉ាវ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នារី​រង​គ្រោះ​បញ្ជូន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ នារី​រង​គ្រោះ ត្រូវ​បាន​ជនសង្ស័យ​ជា​មេខ្លោង​បន្ត​នាំ​យក​ទៅ​លាក់ខ្លួន​នៅផ្ទះ​សំណាក់​រហូត​បែកធ្លាយ​រឿង ទើប​កម្លាំង​នគរបាល​ក្រ​សួង​មហាផ្ទៃ ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ស្ត្រី​មេខ្យល់
បាន​តែ​ម្តង ។

ក្រោយ​ពី​ឃាត់ខ្លួន ស្ត្រី​សង្ស័យ​ជា​មេខ្លោង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ផ្លូវច្បាប់ ៕