ជាតិ » ព្រឹត្តិការណ៍សង្គម

ពលករជាង​100​នាក់​ប្រុង​ចំណាកស្រុក​ខុសច្បាប់​

ដោយ ៖ ម៉ុត សារុន    

ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១៦:៤៨   (21-04-2017 16:48)

ខេត្ដបន្ទាយមានជ័យ ៖ ពលករ​ចំណាកស្រុក​ជាង​១០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់​ និង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ប៉ុស្តិ៍​ជោគជ័យ និង​ប៉ុស្តិ៍​អូរ​បី​ជាន់ បាន​បើក​ប្រតិបត្តិការ​ទប់ស្កាត់​ទាន់​ពេល​វេលា ​ខណៈ​ពលករ​ទាំងនោះ​ប្រុង​ឆ្លង​ដែន​ខុសច្បាប់​តាម​ច្រករបៀង​នៅ​បន្ទាត់​ព្រំដែន​ក្នុង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ នៅ​ថ្ងៃ​ទី​២០ មេ​សា ចូល​ទៅ​ប្រទេស​ថៃ​ទាំង​ប្រថុយ​ប្រថាន ។

ពលករ​ទាំង​ជាង​១០០​នាក់​ក្នុង​នោះ​ស្ដ្រី​ជិត​៤០​នាក់​និង​កុមារ​ជាង​១០​នាក់​មក​ពី​ខេត្តកំពង់ធំ​និង​សៀមរាប​ច្រើន​ជាងគេ ។ ការ​ទប់ស្កាត់​ពលករ​ប្រុង​ឆ្លង​ដែន​ខុសច្បាប់​ទាំង​នោះ នៅ​ខណៈ​ពេល​ពួក​គេ​កំពុង​ជិះ​រថយន្ត​ឆ្ពោះទៅ​ច្រករបៀង​ជោគជ័យ ស្ថិត​ក្នុងភូមិ​ជោគជ័យ​ដែល​នៅ​ទីនោះ​គ្រប់គ្រង​ដោយ​កង​កម្លាំងយោធា ។

ជុំវិញ​ករណី​នេះ​លោក​អនុសេនីយ៍ឯក អោ​ក សំ​ណុ​ក នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​នៅ​កន្លែង​កើតហេតុ​ថា ការ​ចុះ​ទប់ស្កាត់​ពលករ​ចំណាកស្រុក​នេះ គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ចង្អុលបង្ហាញ ។

លោក​បន្ត​ថា វិធានការ​ទប់ស្កាត់​នេះ​ជា​គោលការណ៍ គឺ​អប់រំ​ក្រុម​ពលករ​ទាំងនោះ​មិន​ឲ្យ​ឆ្លង​ដែន​ទាំង​ប្រថុយប្រថាន​ឡើយ ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ និង​ធ្វើការ​ណែនាំ​ឲ្យ​ពួក​គេ​ងាក​ទៅ​រក​ការ​បំពេញបែបបទ​ស្របច្បាប់​ឆ្លង​ដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ​វិញ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ ។

លោក​បន្ត​ថា ពលករ​ទាំងនេះ​ត្រូវ​បាន​ធ្វើការ​អប់រំ​ណែនាំ​អំពី​ហានិភ័យ​ផ្សេង​ៗ ចំណែក​ម្ចាស់​យានយន្ត​ដឹក​ជញ្ជូន​ក្រុម​ពលករ​ចំនួន​៩​នាក់ តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​នៅ​នឹង​កន្លែង​ដោយ​មិន​យក​ប្រាក់​មួយ​រៀល​ឡើយ ហើយ​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​រៀង​ៗ​ខ្លួន ។

ដោយឡែក​ក្រុម​ពលករ​ស្របច្បាប់​វិញ គេ​ឃើ​ញ​នៅ​កកកុញ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ភាគ​ច្រើ​ន​រអ៊ូរទាំ​ថា ឈប់​សំចត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​៣​យប់​ហើយ​មិន​ទាន់​បាន​ឆ្លង​ព្រំដែន​ទៀត ព្រោះ​ទីតាំង​បំពេញបែបបទ​ខាង​ដី​ថៃ​មហា​សែន​ចង្អៀត​ដោយសារ​តែ​ពលករ​ច្រើន​ពេក ។ លើស​ពី​នេះ​ទៅ​ទៀត​ពួក​គេ​ប្រាប់​ថា បើ​ចង់​លឿន​ត្រូវ​ចំណាយ​ប្រាក់​ទិញ​លេខ​រៀង​ក្នុង​តម្លៃ​តាម​លេខ​រៀង​តិច​ឬ​ច្រើ​ន ។

ជុំវិញ​បញ្ហា​ខាង​លលើ​លោក ហ៊ុន សា​រឿ​ន អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​មិន​ចូល ។

ដោយឡែក​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​កោះសន្តិភាព​ថា ការ​កកស្ទះ​នេះ​វា​ពិតជា​កើ​ត​មាន​មែន ប៉ុន្តែ​ថា​ដោយសារ​ខាង​ភាគី​ថៃ​ផ្នែក​ខាង​ទទួល​បែបបទ​ចូល​ប្រទេស (Border pass) គេ​តម្រូវ​សុំ​១​ថ្ងៃ​១០០០​នាក់ តែ​ចំនួន​ពលករ​ប្រើ Border ច្រើន​ពេក​មាន​ន័យ​ថា ពលករ​ខុសច្បាប់​បាន​ងាក​មក​រក​ឯកសារ​ស្របច្បាប់​ដេើម្បី​ឆ្លង​ដែន​ច្រើន​ពេក ​ទើប​មានការ​កកស្ទះ​យ៉ាង​ដូច្នេះ ៕