ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​នាវាមុជទឹក​កូរ៉េ​ខាងជើង កំពុងគំរាមកំហែង​ដល់​អា​មេរិ​ក

7 ឆ្នាំ មុន

ទស្សនាវដ្តី​អា​មេ​រិ​ក THE NATIONAL INTEREST វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២០ មេ​សា ថា សហរដ្ឋ​អា​មេ​រិ​ក​ពុំ​ត្រូវ​មើល​ស្រាល​ដល់​កងទ័ព​កូរ៉េ​ខាងជើង​ឡើយ ពិសេស​កង​នាវាមុជទឹក​របស់​ប្រទេស​នេះ ដែល

ទស្សនាវដ្តី​អា​មេ​រិ​ក THE NATIONAL INTEREST វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២០ មេ​សា ថា សហរដ្ឋ​អា​មេ​រិ​ក​ពុំ​ត្រូវ​មើល​ស្រាល​ដល់​កងទ័ព​កូរ៉េ​ខាងជើង​ឡើយ ពិសេស​កង​នាវាមុជទឹក​របស់​ប្រទេស​នេះ ដែល​ក្នុង​ករណី​ផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ កង​នាវាមុជទឹក​នេះ​អាច​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​បំផុត​ដល់​បណ្តា​នាវាចម្បាំង​អា​មេ​រិ​ក និង​កូរ៉េ​ខាង​ត្បូង ។

បណ្តា​អ្នក​ជំនាញការ​ពេល THE NATIONAL INTEREST សាកសួរ​ពី​រឿង​នេះ​បាន​ព្រមាន​ថា ប្រសិនបើ​សង្គ្រាម​ផ្ទុះ​នៅ​ឧបទ្វីប​កូរ៉េ​នោះ បណ្តា​នាវាចម្បាំង​សហរដ្ឋ​អា​មេ​រិ​ក និង​របស់​បណ្តា​សម្ព័ន្ធមិត្ត​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​ឧបទ្វីប​កូរ៉េ បើ​ពុំ​ដូច្នោះ​ទេ នាវា​ទាំងនេះ​អាច​ត្រូវ​ពន្លិច​ដោយ​បណ្តា​នាវាមុជទឹក​កូរ៉េ​ខាងជើង ។

ក្រៅពី​នាវាមុជទឹក​តូច​ៗ ដែល​តំណាង​ឱ្យ​ការ​គំរាមកំហែង​ធំ​បំផុត​មួយ​សម្រាប់​កង​ម៉ា​រី​ន​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង ក្រុង​ព្យុ​ង​យ៉ាង​នៅ​មាន​នាវាមុជទឹក​ធំ​ៗ​ដែល​ក៏​គ្រោះថ្នាក់​ខ្លាំង​ដែរ​សម្រាប់​បណ្តា​នាវាចម្បាំង​របស់​ពួក​សត្រូវ ។

យោង​តាម​របាយការណ៍​ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៤ ដោយ​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ថា កង​នាវាមុជទឹក​កូរ៉េ​ខាងជើង​មាន​នាវាមុជទឹក​តូច​-​ធំ​ជិត​៧០​គ្រឿង ក្នុង​នោះ​ប្រមាណ​៣០​គ្រឿង​ជា​នាវាមុជទឹក​សូ​វៀត​ប្រើ​ប្រេងម៉ាស៊ូត ដែល​គេ​និយម​ហៅ​ថា «​ប្រហោង​ខ្មៅ​» ។

ចំណែក​អ្នក​ជំនាញការ​យោធា​រុ​ស្ស៊ី​ម្នាក់ លោក​ឌី​មី​ទ្រី លី​តូ​វ​គី​ន និយាយ​ថា ទោះបី​យ៉ាងណា បណ្តា​នាវាមុជទឹក​កូរ៉េ​ខាងជើង​ពិតជា​ធ្វើ​ឱ្យ​សហរដ្ឋ​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​ព្រួយបារម្ភ​ម្យ៉ាង ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ការ​តាំងចិត្ត ឬ​ទឹកចិត្ត​របស់​ប្រជាជន​ប្រទេស​នេះ ។ លោក​ថា គេ​ត្រូវ​និយាយ​ពី​ការ​តាំងចិត្ត​របស់​មនុស្ស​ពុំ​មែន​ពី​កង​នាវា​ខ្លាំង​គួរ​ឱ្យ​បារម្ភ​មួយ​ឡើយ ។ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន កូរ៉េ​ខាងជើង​រៀបចំ​ខ្លួន​ប្រឆាំង​នឹង​អ្វី​ដែល​គេ​ហៅ​ថា ភេរវកម្ម​អន្តរជាតិ​តំណាង​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ។ ការ​វាយ​ប្រហារ​មួយ ប្រឆាំង​ប្រទេស​របស់​ពួក​គេ​នឹង​គឺជា​កាដូ​ធំ​បំផុត​មួយ​សម្រាប់​ពលរដ្ឋ​កូរ៉េ​ខាងជើង​ទៅ​វិញ​ទេ ។ នោះ​វា​នឹង​ផ្តល់​អត្ថន័យ​មួយ​ដល់​ជីវិត​ពួក​គេ ។ អាស្រ័យ​ហេតុ​នេះ​បានជា​កម្រិត​នៃ​ការ​បណ្តុះបណ្តាល និង​ការ​តាំងចិត្ត​របស់​ប្រជាជន​កូរ៉េ​ខាងជើង​អាច​ឱ្យ​ពួក​គេ​ក្លាយជា​គូប្រកួត​ប្រជែង​គួរ​ឱ្យ​ខ្លាច ។ មនុស្ស​ទាំងនេះ​តាំងចិត្ត​តស៊ូ​លុះ​ក្ស័យ ។

ចំណែក​បណ្តាសារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២០ មេ​សា បាន​ព្រមាន​ជា​ថ្មី​ដល់​សហរដ្ឋ​អា​​មេ​រិ​ក​ពី​ការ​វាយប្រហារ​បង្ការ​យ៉ាង​ខ្លាំងក្លា​បំផុត​មួយ ក្រោយ​សេច​ក្តីថ្លែងការណ៍​នានា​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON ដែល​គូសបញ្ជាក់​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​សិក្សា​ពី​មធ្យោបាយ​នានា ដើម្បី​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ។

កាសែត RODONG SINMUN របស់​បក្ស​ពលករ​កូរ៉េ​សរសេរ​ថា ប្រសិនបើ​មានការ​វាយប្រហារ​បង្ការ​ខ្លាំងក្លា​បំផុត​របស់​យើង​នោះ​ការ​វាយប្រហារ​នេះ​នឹង​កម្ទេច​ទាំងស្រុង និង​ក្នុង​ពេល​ដំណាលគ្នា​ពុំ​ត្រឹមតែ​កងកម្លាំង​ឈ្លានពាន​ចក្រពត្តិនិយម​អាមេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង និង​នៅ​តំបន់​ជុំវិញ​នេះ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ដល់​ដែនដី​អា​មេ​រិ​ក​ទៀត​ផង ហើយ​អ្វី​ៗ​ត្រូវ​ប្រែ​ក្លាយទៅជា​ផេះ​ផង់ ៕