ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​មានការ​យល់​ដឹង​តិចតួច​ពី​ច្បាប់​ចរាចរណ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​អប់រំ​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អប់រំ​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ចែក​កូនសៀវភៅ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក បិទ​ស្ទីក​គ័​រ​អប់រំ​ចរាចរណ៍ ស្ទីក​គ័​រ​ចំណាំង​ប្លាត​រាប់​ម៉ឺន​សន្លឹក និង​ផ្តល់​មួក​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៦ ដែល​ជា​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ ។

ការ​ចែក​ផ្សាយ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ចាប់ផ្តើម​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ស្រុក​កំណើត​តាម​បណ្តា​ខេត្ត​នានា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។

លោកស្រី បុ​ផ្ផា ផា​នី អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​ចែក​ផ្សាយ​ខិតប័ណ្ណ​អប់រំ​ច្បាប់​ចរាចរណ៍​នា​ពេល​នេះ ជា​គោលការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សំដៅ​ដាស់​ស្មារតី​អ្នកបើកបរ​ទាំងឡាយ​ឲ្យ​បើកបរ​ម៉ូតូ​ត្រូវ​ពាក់មួក​សុ​វ​តិ្ថ​ភាព ឯ​អ្នកបើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវាត់ បើកបរ​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​បើកបរ​ត្រូវ​មានការ​យោគយល់​គ្នា ដើម្បី​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច ។

ក្នុង​ពេល​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ចរាចរណ៍​នោះ មានការ​រៀបចំ​សំណួរ​-​ចម្លើយ​ដើម្បី​ទទួល​រង្វាន់​មួក​សុវត្ថិភាព ។ តាម​រយៈ​ការ​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍ គឺ​នៅ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន​ហាក់​មិន​បាន​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​នៅឡើយ​ទេ ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​នា​ពេល​នេះ គឺ​ដើម្បី​បង្កើន​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជា​បញ្ហា​ប្រឈម ។ លោក​បន្ត​ថា ជា​រៀង​រាល់​ឆ្នាំ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​ដែល​ចាក​ចេញពី​រាជធានី ទៅ​ស្រុក​កំណើត​តាម​បណ្តា​ខេត្ត​នានា តែង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន ហេតុនេះ​ហើយ អាជ្ញាធ​រាជធានី​ភ្នំពេញ បាន​ចុះ​អប់រំ​ណែនាំ​អំពី​ច្បាប់​ចរាចរណ៍ បិទ​ស្ទីក​គ័​រ
អប់រំ​ច្បាប់​ចរាចរណ៍ និង​ស្ទីក​គ័​រ​ចំណាំង​ប្លាត ដើម្បី​ជួយ​ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បើកបរ ៕