ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្មការយក ជុន ច័ន្ទបុត្រ ចូលពន្ធនាគារព្រៃស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹ​ម សន្តិភាព បាន​ចាត់​ទុក​ថា ករណី លោក ជុន ច័ន្ទ​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹ​ម សន្តិភាព បាន​ចាត់​ទុក​ថា ករណី លោក ជុន ច័ន្ទ​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី ដែល​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ​ព្រៃ​ស​កាលពី​ព្រឹក​ថ្ងៃ​១៩ មេ​សា នោះ នឹង​ឈាន​ដល់​នីតិវិធី​ច្បាប់​ប្រ​សិន​អាជ្ញាធរ​រក​ឃើញ​បទល្មើស​។​   

លោក គឹ​ម សន្តិភាព បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែមេសា តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​បញ្ជាក់​ថា​«​ជា​ធម្មតា​ទេ ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រក​ឃើញ​ថា ការ​ប្រើប្រាស់​មធ្យោបាយ​ដើម្បី​បាន​ចូល​ក្នុង​ពន្ធនាគារ​របស់​លោក ជុន ច័ន្ទ​បុត្រ កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ជា​អំពើ​ល្មើសច្បាប់​ព្រហ្មទណ្ឌ​នោះ ដំណើរការ​នៃ​នីតិវិធី​ព្រហ្មទណ្ឌ​នឹង​ត្រូវ​ប្រកាន់​យក ។ ហេតុនេះ​សាមីខ្លួន​គួរ​សហការ​ជាមួយ​សមត្ថកិច្ច​អោយ​បាន​ល្អ​»​។

ទាក់ទិន​និង​ករណី​របស់​លោក ជុន ច័ន្ទ​បុត្រ​ដែល​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​ថ្លែង​ថា នឹង​ឈប់​ឱ្យ​អ្នកតំណាង​រាស្ត្រ​បក្សប្រឆាំង​ចូល​ជួប​អ្នក​ជាប់​ពន្ធនាគារ​បន្ត​ទៀត​ហើយ ។

យោង​តាម​លោក​ខៀវ សុភ័គ ត្រូវ​បានគេហទំព័រ​ក្នុងស្រុក​ស្រង់​សំដី​ផ្សាយ​ថា ចាប់ពី​ពេល​នេះ​តទៅ​ក្រសួងមហាផ្ទៃ​នឹង​មិន​អនុញ្ញាត​ឱ្យ​តំណាងរាស្ត្រ​របស់​គណបក្សប្រឆាំង​ចូល​សួរសុខទុក្ខ​សកម្មជន ឬ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឃុំ​ទៀត​នោះ​ទេ បន្ទាប់​ពី​មាន​ករណី​តំណាងរាស្ត្រ​បក្ស​នេះ បាន​នាំ​មេ​វិទ្យុ​អាស៊ី​សេរី លោក ជុន ច័ន្ទ​បុត្រ បន្លំ​ខ្លួន​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ។

ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ និង លោក ឡុ​ង រី បាន​នាំ​លោក ជុន ច័ន្ទ​បុត្រ ឬ ហួត វុ​ទ្ធី មេ​វិទ្យុ​អាស៊ី​សេរី ដោយ​បន្លំ​ខ្លួន​ជា​ជំនួយការ​របស់​ពួក​គាត់​ចូល​ទៅ​ពន្ធនាគារ​ព្រៃ​សនា​ព្រឹក​ថ្ងៃ​ទី​១៩  មេ​សា កន្លង​មក ដើម្បី​ចុះ​សួរសុខទុក្ខ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ។

ចំពោះ​ទ​ង្វើ​រ​នោះ​ត្រូវ​បាន​លោក​ខៀវ សុភ័គ បាន​ចាត់​ទុក​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ និង​លោក ឡុ​ង រី មាន​ចេតនា​អ​សីលធម៌ ដោយ​បន្លំ​សមត្ថកិច្ច​ដើម្បី​នាំ​លោក ជុន ច័ន្ទ​បុត្រ ចូល​ទៅ​ពន្ធនាគារ​ព្រៃ​ស ដែល​នេះ​គឺជា​កំហុស​សីលធម៌​មួយ ។

លោក​បាន​ស​ង្គ​ត់​ធ្ងន់​ថា «​លើក​ក្រោយ​យើង​នឹង​លែងឱ្យ​មានការ​ជួប​សួរសុខទុក្ខ​បែប​នេះ​ទៀត​ហើយ ទៅ​ថ្ងៃ​អនាគត ។ យើង​អនុញ្ញាត​ឱ្យ​តែ​មេធាវី​របស់​ជនជាប់ចោទ ឬ​គ្រួសារ​របស់​ជនជាប់ចោទ​តែ​ប៉ុណ្ណោះ ព្រោះថា​គាត់ (​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​) ធ្វើ​បែប​នេះ​ហើយ យើង​លែងឱ្យ​ចូល​ទៀត​ហើយ​»​។

លោក​បន្ត​ថា​លោក ជុន ច័ន្ទ​បុត្រ ប្រាកដជា​សមាជិក​របស់​គណបក្សប្រឆាំង ទើប​អាច​ធ្វើ​ជា​ជំនួយការ​របស់​គណបក្សប្រឆាំង​ចូល​ទៅ​ក្នុង​ពន្ធនាគារ ។ ដូច្នេះ​ព័ត៌មាន​របស់ ជុន ច័ន្ទ​បុត្រ ពី​ថ្ងៃនេះ​ទៅ​ថ្ងៃ​មុខ គឺជា​ព័ត៌មាន​អុជអាល​។ មួយទៀត គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ និង លោក ឡុ​ង រី គាត់​មិន​ស្មោះត្រង់​ជាមួយ​អាជ្ញាធរ មិន​ស្មោះត្រង់​ជាមួយ​រាជរដ្ឋាភិបាល ដែល​មិន​បាន​ប្រាប់​ការ​ពិត​អំពី​រឿង​នេះ ដល់​សមត្ថកិច្ច​បានដឹង​» ។
ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ ទាំង​វិទ្យុ​អាស៊ី​សេរី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ ។

យោង​តាម​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​យប់​ថ្ងៃ​១៩ មេ​សា លោក​ជុន ច័ន្ទ​បុត្រ ដែល​ជា​នាយករង​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសា​ខ្មែរ​បាន​បញ្ជាក់​ថា លោក​មិន​បាន​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ដូច​ការ​ចោទប្រកាន់​របស់​ក្រសួងមហាផ្ទៃ​នោះ​ទេ​។ ការ​ផ្សាយ​នោះ​បាន​ដកស្រង់​សំដី​លោក​ជុន ច័ន្ទ​បុត្រ និយាយ​ថា «​ការ​ពិត​ខ្ញុំ​ទៅ​បន្លំ​គេ​ឯណា​បាន0x017d7 នរណា​ក៏​គេ​ស្គាល់​ខ្ញុំ​ដែរ មន្ត្រី​ប៉ូលិស​ស្គាល់ ហៅ​ឈ្មោះ​ខ្ញុំ (​ជុន ច័ន្ទ​បុត្រ​) ហើយ​គេ​ក៏​ឱ្យ​អ្នក​ចូល​ទាំង​ប៉ុន្មាន​ហ្នឹង​ចុះ​ឈ្មោះ ខ្ញុំ​ក៏​ចុះ​ឈ្មោះ​ដាក់​ឈ្មោះ​ពិត​ទៅ ។
ចូល​ហ្នឹង​គឺ​តាម​របៀប​ហ្នឹង សុំ​គេ​ចូល​ដោយ​ត្រឹមត្រូវ ហើយ​ដើរ​តាម​ក្រោយ​គេ​ទៅ ដូច្នេះ​ខ្ញុំ​មិន​បាន​បន្លំ​ខ្លួន​ចូល​អី​ដូចដែល​ព័ត៌មាន​ខ្លះ​ផ្សាយ​ទេ​»​។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុ​ង រី បាន​នាំ​គ្នា​ចូល​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​ដើម្បី​ចុះ​សួរសុខទុក្ខ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ហើយ​វត្តមាន​លោក​ជុន ច័ន្ទ​បុត្រ ក៏​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​កើតឡើង ។ តាម​ការ​ផ្សាយ​របស់​វិ​ទ្យ​អាស៊ី​សេរី​យប់​ថ្ងៃ​១៩ មេ​សា លោក ជុន ច័ន្ទ​បុត្រ ថា លោក​ទៅ​នោះ​មាន​បំណង​ទៅ​ជួប​លោក​គឹ​ម សុខ តែ​មិន​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ចូល​ជួប​ទេ ក្រៅពី​ប្អូនប្រុស និង​ម្តាយ​ដែល​ទៅ​សួរសុខទុក្ខ ហើយ​ស្រប​ពេល​នោះ​ក៏​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៅ​ដល់​លោក​ក៏​សុំ​គេ​ទៅ​ជាមួយ ។

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​វិទ្យុ​បារាំង​អន្តរជាតិ​ថា មាន​មូលហេតុ​ធំ​ៗ​ចំនួន​២​ដែល​ធ្វើ​ឲ្យ​ក្រសួងមហាផ្ទៃ​សម្រេច​លែង​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សួរសុខទុក្ខ​សកម្មជន​របស់​ខ្លួន​ដូច​សព្វមួយដង​ទៀត ។

ទី​១-​ដោយសារ​តែ​កាលពី​ថ្ងៃ​ពុធ​ទី​១៩ ខែមេសា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្លំ​នាំ​អ្នក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ចូល​សុខទុក្ខ​ជាមួយ​ខ្លួន ។
ទី​២-​ដោយសារ​តែ​ការ​ចូល​សួរសុខទុក្ខ​របស់តំណាងរាស្ត្រ​បក្ស​ប្រឆាំង​កន្លង​មក មិនមែន​ជា​ការ​សួរសុខទុក្ខ​ធម្មតា តែ​ជា​ការ​សួរសុខទុក្ខ​បែប​នយោបាយ ព្រោះថា​បន្ទាប់​ពី​សួរសុខទុក្ខ ក្រុម​តំណាងរាស្ត្រ​តែងតែ​ពាំនាំ​នូវ​សារ​នយោបាយ​របស់​អ្នក​ជាប់​ឃុំ​ប្រាប់​ដល់​ប្រជាពលរដ្ឋ ។

លោក ខៀវ សុភ័គ បាន​ចាត់​ទុក​ទ​ង្វើ​ទាំងនេះ​ថា គឺជា​ការ​មិន​ស្មោះត្រង់​និង​មើល​ស្រាល​មន្ត្រី​ពន្ធនាគារ ។ ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅ មាន​តែ​មេធាវី និង​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ប៉ុណ្ណោះ ដែល​អាច​អនុញ្ញាត​ឲ្យ​ចូល​សុខទុក្ខ​ពួក​គេ​បាន ។

ប្រឈម​នឹង​បញ្ហា​នេះ លោកស្រី មួរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​យោគយល់ និង​បន្ត​ឲ្យ​តំណាងរាស្ត្រ​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​សួរសុខទុក្ខ​សកម្មជន​របស់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ដូច​សព្វមួយដង ។ លោកស្រី​បាន​គូសបញ្ជាក់​ថា រឿងរ៉ាវ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ គឺជា​រឿង​អ​ចេតនា​បំផុត ។ រឿងរ៉ាវ​ដែល​បាន​កើតឡើង​នោះ គឺ​មិនមែន​ជា​ការ​ប៉ុនប៉ង​ឬ​ជា​ការ​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ។ ដូច្នេះ​ហើយ​លោកស្រី​សង្ឃឹមថា ក្រសួងមហាផ្ទៃ​នឹង​មានការ​យោគយល់ និង​មាន​ដំណោះស្រាយ​ចំពោះ​រឿង​នេះ ។

លោក ខៀវ សុភ័គ បាន​លើក​ឡើង​ថា លោក​ទទួលយក​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ប៉ុន្តែ​ដោយសារ​តែ​លោក​មិនមែន​ជា​អ្នក​សម្រេច​លើ​បញ្ហា​នេះ ដូច្នេះ​លោក​មិន​អាច​បញ្ជាក់​បាន​ភា្ល​ម​ៗ​ទេ ថា​តើ​ក្រសួង​នឹង​យោគយល់​ឬ​ក៏​យ៉ាងណា​នោះ ៕