ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ែ​ង​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ត្រកាល​ទាក់ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ កាលពី​ថ្ងែ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​ប្រតិភូ និង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​(CATA)​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ

ខេត្តកោះកុង ៖ កាលពី​ថ្ងែ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​ប្រតិភូ និង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​(CATA)​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សហគមន៍​អេកូ​ទេសចរណ៍​អា​រ៉ែ​ង ។ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​សហគមន៍​អេកូ​ទេសចរណ៍ ដែល​ទើប​កើត​ថ្មី​មួយ​នេះ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​ស្តង់ដា​ជាតិ និង​អាស៊ាន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យទៅ​ទស្សនា​កាន់តែ​ច្រើន​ឡើង ។

នា​ឱកាស​នោះ​មានការ​ចូលរួម​ពី​លោក​ប៊ុ​ន លឺ​ត អភិបាលខេត្ត​កោះកុង លោកហាស់ សា​រ៉េ​ត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម លោក​សូ​ខន ឫទ្ធិ​គុណ អនុ​រដ្ឋ​លេខា​ក្រសួង​បរិស្ថាន កញ្ញា Suwanna Gauntlet ប្រធាន​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ លោកស្រី​ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​(CATA)​លោក​អភិបាលស្រុក​ថ្ម​បាំង មេឃុំ រួម​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​ជាង​២០០​នាក់ ដែល​រស់នៅ​ក្នុង​ឃុំ​ចំនួន​៣​ឃុំ នៃ​ស្រុក​ថ្ម​បាំង ខេត្តកោះកុង ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ឱ្យ​សហគមន៍​អេកូ​ទេសចរណ៍​អា​រ៉ែ​ង អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ស្រប​តាម​ស្តង់ដា​សហគមន៍​ទេសចរណ៍​កម្ពុជា​និង​អាស៊ាន ។

ចំពោះ​ការ​ខ្វះខាត​អគ្គិសនី សេវា​ទូរស័ព្ទ អុ​ី​ន​ធើ​រ​ណេ​ត ការ​គ្រប់គ្រង​កែ​ច្នៃ​កាក​សំណល់ ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត​នឹង​សហការ​ដោះស្រាយ​ជា​បន្តបន្ទាប់​ទៀត ។

លោក​ថោ​ង ខុន បាន​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​អំពី​ផលប្រយោជន៍​នៃ​សហគមន៍​ទេសចរណ៍ ដែល​នាំ​មក​ដល់​ប្រជាជន​សហ​គម៍​មូលដ្ឋាន តាម​រយៈ​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ជា​ដំណើរ និង​សកម្មភាព​ទេសចរណ៍​មួយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​ទស្សនា​កម្សាន្ត​ផង និង​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិ​ផង ។ លោក​ក៏​បាន​ប្រាប់​ប្រជាពលរដ្ឋ អំពី​តួនាទី​របស់​ភាគី​ទាំង​៤(Public,Partnership,Private, People)​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សហគមន៍​អេកូ​ទេសចរណ៍​មាន​ភាគី​សាធារណៈ​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ស្ថាបនា​ផ្លូវថ្នល់​ដែល​បច្ចុប្បន្ន​កំពុង​ស្ថាបនា​កសាង​ដោយ​កង​វិស្វកម្ម នៃ​អគ្គ​បញ្ជាការដ្ឋាន​ក្រសួងការពារជាតិ ដែល​ជា​ប្រតិបត្តិ​ករ​ស្ថាបនា​ធ្វើ​ជិត​រួចរាល់​ហើយ និង​ការ​ទទួលស្គាល់​ផ្លូវច្បាប់​របស់​ក្រសួង​ពាក់ព័ន្ធ ពី​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ រួម​មាន​ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ។
ចំពោះ​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ​គឺជា​ដៃគូ​មួយ​ដ៏​ល្អ​កំពុង​ជួយ​រៀបចំ​រចនាសម្ព័ន្ធ​សហគមន៍​ផ្តល់​បទ​ពិសោធន៍​នានា​ក្នុង​ដំណើរការ​អភិវឌ្ឍ​សហគមន៍ ។

ចំណែក​ភាគី​ឯកជន​មិន​អាច​ខ្វះ​បាន​ក៏​នឹង​ជួយ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ​ទាំង​ជាតិ អន្តរជាតិ និង​ពិចារណា​តាម​ការ​ចាំបាច់​នាំ​មក​នូវ​អ្នក​វិនិយោគទុន​ខ្នាត​តូច ដែល​មាន​ពិសោធន៍​ក្នុង​កិច្ចការពារបរិស្ថាន ។

ភាគី​ទី​៤ គឺ​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន ដែល​ចាំបាច់​ត្រូវ​មានការ​យល់​ដឹង​ច្បាស់លាស់ អំពី​អនាម័យ កិច្ចការពារបរិស្ថាន និង​ការ​រៀនសូត្រ​អំពី​ជំនាញ​វិ​ជា្ជ​ជីវៈ​ទេសចរណ៍ ដូច​ជា​ផ្នែក​បដិសណ្ឋារកិច្ច ភាសា​ទាក់ទង ផ្ទះ​ស្នាក់ ម​គ្គុ​ទ្ទេស​ទេសចរណ៍​សហគមន៍ សេវា​ដឹក​ជញ្ជូន សេវា​ម្ហូបអាហារ ដែល​ការងារ​នេះ​ក្រសួងទេសចរណ៍ នឹង​ជួយ​បណ្តុះបណ្តាល​បង្ហាត់បង្រៀន ។

តំបន់​សហគមន៍​អេកូ​ទេសចរណ៍​អា​រ៉ែ​ង ស្ថិត​នៅ​ចម្ងាយ​៣៤០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ និង​៨០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កោះកុង ។ អា​រ៉ែ​ង​សម្បូរ​ទៅ​ដោយ​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ល្អ​ឯក មាន​គោលដៅ​ទេសចរណ៍​ជាង​៦០​ដែល​គួរ​ទៅ​ទស្សនា ដូច​ជា​តំបន់​ទឹកធ្លាក់​ឆាយ​អា​រ៉ែ​ង ឆាយ​ហ៊ីង អូរ​ពោធិ៍​ប្រាំបួន តំបន់​ដើរ​ផ្សងព្រេង (Trekking) តំបន់​មើល​ថ្ងៃ​លិច ជម្រក​សត្វ​ក្រពើ​ភ្នំ ជម្រក​ត្រី​នាគ តំបន់​ពាង​ក្រឡ​បុរាណ តំបន់​ជនជាតិភាគតិច​កំពុង​រស់នៅ ។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ផ្តល់​ប្រាក់ និង​អំណោយ​សម្ភារ ថ្នាំពេទ្យ​មួយ​ចំនួន​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន យោធា​តំបន់សឹករង​ស្រុក​ថ្ម​បាំង និង​បាន​ឧបត្ថម្ភ​ទោចក្រយាន​២០​គ្រឿង​ដល់​សហគមន៍​អេកូ​ទេសចរណ៍​អា​រ៉ែ​ង ៕