ខេត្តតាកែវ ៖ មន្ទីរកសិកម្មខេត្តតាកែវសហការជាមួយមន្ទីរកសិកម្ម អភិវឌ្ឍន៍ជនបទខេត្តអានយ៉ាង វៀតណាម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១១ រៀបចំពិធីបូកសរុបលទ្ធផលស្រែបង្ហាញដោយប្រើឧបករណ៍ ព្រោះជាជួរនៅភូមិទទឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។ លទ្ធផលបូកសរុបបានបង្ហាញថា ការប្រើប្រាស់ជីអ៊ុយរ៉េហ្វូមីវៀតណាមធ្វើឱ្យទិន្នផលកើនឡើងខ្ពស់គឺជិត៩តោនក្នុងមួយហិកតា។ ពិធីនេះក៏មានការចូលរួមពីលោកអ៊ុក សុខុន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោកលឿង ឡេហ្វឿន អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។
លោកត្រឹន វ៉ាន់ថាំង អនុប្រធានការិយាល័យទទួលបន្ទុកផ្នែកជីនៃសាជីវកម្មជី និងសារជាតិគីមីផេត្រូវៀតណាមបានឱ្យដឹងថា ដីស្រែប្រមាណជាង១៨ហិកតាដែលមន្ទីរកសិកម្មខេត្តតាកែវ និងមន្ទីរកសិកម្មខេត្តអានយ៉ាងប្រទេសវៀតណាមរៀបចំឱ្យប្រជាកសិករភូមិទទឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវធ្វើជាទម្រង់ស្រែបង្ហាញដោយប្រើឧបករណ៍ព្រោះជាជួរ និងប្រើប្រាស់ជីអ៊ុយរ៉េហ្វូមីវៀតណាមនោះ គឺទទួលបានទិន្នផលខ្ពស់ប្រមាណពី៨ទៅ៩តោនក្នុងមួយហិកតា។ លោកបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ តែប្រជាកសិករនៅបណ្តាខេត្តមួយចំនួនដូចជាខេត្តបាត់ដំបង និងកំពង់ឆ្នាំងជាដើម ក៏ផលស្រូវរបស់ពួកគេទទួលបានទិន្នផលខ្ពស់ដូចគ្នាក្នុងពេលដែលអនុវត្តស្រែបង្ហាញ និងប្រើប្រាស់ជីអ៊ុយរ៉េហ្វូមីនេះ។
លោកត្រិន វ៉ាន់ថាំង បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះក្រុមហ៊ុនមានផលិតជីអ៊ុយរ៉េគ្រាប់ថ្លា ហើយក្នុងរយៈពេល២ឆ្នាំខាងមុខក្រុមហ៊ុននឹងមានផលិតជីគ្រាប់ធំដែលកសិករច្រើនហៅថា ជីគ្រាប់ល្អក់ និងជី NPK សម្រាប់ផ្គត់ផ្គង់លើទីផ្សារនៃប្រទេសកម្ពុជា។ សព្វថ្ងៃក្រុមហ៊ុនមានរោងចក្រដែលមានសមត្ថភាពក្នុងការផលិតជីបានចំនួន៨០ម៉ឺនតោនក្នុង១ឆ្នាំ ហើយនៅឆ្នាំ២០១២ ក្រុមហ៊ុននឹងសម្ពោធបើករោងចក្រថ្មីមួយទៀតដែលអាចនឹងផលិតជីអ៊ុយរ៉េគ្រាប់ធំបាន៨០មឺុនតោន និងជី NPK ៤០មឺុនតោនក្នុង១ឆ្នាំផងដែរ។
លោកសង្ឃឹមថា រាល់ផលិតផលជីដែលបានផលិតចេញពីរោងចក្រទាំងនោះនឹងអាចផ្គត់ផ្គង់គ្រប់គ្រាន់ដល់ទីផ្សារនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលជីអ៊ុយរ៉េ ហ្វូមី កំពុងតែចែកចាយ និងទទួលបានការគាំទ្រពីប្រជាកសិករនៅតាមបណ្តាខេត្តដូចជា តាកែវ កណ្តាល បាត់ដំបង និងកំពង់ចាមជាដើម។ លោកបញ្ជាក់ថា ជីអ៊ុយរ៉េហ្វូមីជាប្រភេទជីមានគុណភាពខ្ពស់ និងធ្វើឱ្យដំណាំកសិកម្មគ្រប់ប្រភេទ ជាពិសេសដំណាំស្រូវលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ជាក់ស្តែងដូចជាទិន្នផលក្នុងស្រែបង្ហាញក្នុងឃុំភ្នំដិន ដែលប្រជាកសិករបានប្រើប្រាស់ជីអ៊ុយរ៉េហ្វូមី គឺទទួលទិន្នផលជិត៩តោនក្នុងមួយហិកតា។
លោកត្រិន វ៉ាន់ថាំង បញ្ជាក់ថា ជាធម្មតាការផលិតស្រូវប្រជាកសិករមិនអាចប្រើជីធម្មជាតិឱ្យបានគ្រប់គ្រាន់នោះទេ នៅពេលដែលយើងផលិតលើផ្ទៃដីដ៏ធំទូលាយ។ ដូច្នេះមិនតែនៅប្រទេសកម្ពុជា ឬវៀតណាមនោះទេ គឺទូទាំងពិភពលោកនៅតែចាំបាច់ប្រើប្រាស់គីមី ដើម្បីទទួលបានទិន្នផលច្រើនបំពេញតម្រូវការប្រើប្រាស់។ លោកអំពាវនាវដល់ប្រជាកសិករនៅកម្ពុជាទទួលយកបទពិសោធន៍នៃការធ្វើស្រែបង្ហាញដោយប្រើឧបករណ៍ ព្រោះជាជួរនៅភូមិទទឹង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ដែលទទួលបានទិន្នផលខ្ពស់ រួមជាមួយនឹងការប្រើប្រាស់ជីអ៊ុយរ៉េហ្វូមី។ ជីអ៊ុយរ៉េហ្វូមីមិនបានធ្វើឱ្យប៉ះពាល់ដល់គុណភាពដីប្រជាកសិករនោះទេ។
លោកបន្តថា មុននឹងរៀបចំធ្វើស្រែបង្ហាញនៅខេត្តតាកែវ និងខេត្តមួយចំនួនទៀត ក្រុមហ៊ុនបានរៀបចំបើកវគ្គបំពាក់បំប៉នសមត្ថភាពវិជ្ជាជីវៈដល់អាជីវករធ្វើអាជីវកម្មសំភារកសិកម្ម និងអប់រំណែនាំផ្តល់បទពិសោធន៍ក្នុងការប្រើប្រាស់ និងគុណភាពជីអ៊ុយរ៉េហ្វីមីដល់ប្រជាកសិករតាមបណ្តាខេត្តមួយចំនួនទៀតបានយល់ដឹងផងដែរ។ លោកមានជំនឿថា តាមរយៈបទពិសោធន៍នៃស្រែបង្ហាញនៅខេត្តតាកែវ កំពង់ឆ្នាំង បាត់ដំបង និងខេត្តមួយចំនួនទៀតដែលប្រើប្រាស់ជីអ៊ុយរ៉េហ្វូមី នឹងទទួលបានទិន្នផលពី៨ទៅ៩តោននោះ ប្រជាកសិករកម្ពុជានឹងបានយល់ដឹងកាន់តែច្បាស់អំពីគុណភាពជីអ៊ុយរ៉េហ្វូមី និងចូលរួមគាំទ្រប្រើប្រាស់ជីអ៊ុយរ៉េហ្វូមីនេះជាមិនខាន។
លោកអ៊ិត សុខ អភិបាលរងខេត្តតាកែវមានប្រសាសន៍ថា ដោយមានកិច្ចសហការរវាងមន្ទីរកសិកម្មខេត្តតាកែវ និងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមយើងបានអនុវត្តនូវកម្មវិធីដ៏សំខាន់មួយគឺរៀបចំធ្វើទម្រង់ស្រែបង្ហាញដោយប្រើប្រាស់ឧបករណ៍ ព្រោះជាជួរតាមបែបប្រពលវប្បកម្មជាលើកដំបូងលើផ្ទៃដីប្រមាណ១៨ហិកតានៅភូមិទទឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។ ទម្រង់ស្រែបង្ហាញនេះ គឺក្រុមអ្នកបច្ចេកទេសនៃប្រទេសវៀតណាមរួមជាមួយប្រជាពលរដ្ឋម្ចាស់ដីអនុវត្តដោយផ្ទាល់ និងទទួលបានការសហការគាំទ្រពីក្រុមហ៊ុនការពាររុក្ខជាតិខេត្តអានយ៉ាង និងក្រុមហ៊ុនដាមហ្វូមីវៀតណាម។ លោកបញ្ជាក់ថា ទាំងវិស្វករកសិកម្ម ទាំងកសិករ គឺរួមធ្វើដោយផ្ទាល់លើដីស្រែ។ទម្រង់ស្រែបង្ហាញនេះភាគីវៀតណាមបានផ្គត់ផ្គង់ជាមុននូវពូជស្រូវ ថ្នាំកសិកម្ម និងជីឱ្យបងប្អូនកសិករ ក្នុងនោះគឺក្រុមហ៊ុនជីអ៊ុយរ៉េហ្វូមីដែលបានផ្តល់គោលនយោបាយបន្ថយតម្លៃប្រមាណ២០ភាគរយនៃតម្លៃទីផ្សារសេរី ហើយក្រុមហ៊ុននឹងប្រមូលមកវិញពេលប្រមូលផលចុងរដូវ។ នេះជាទម្រង់ស្រែបង្ហាញដំបូងបំផុតនៅកម្ពុជា ក្រោមកិច្ចសហការរវាងកម្ពុជា និងវៀតណាម។
លោកលឿង ឡេហ្វឿង អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមមានប្រសាសន៍ថា វិស័យកសិកម្មនៅតែជាបញ្ហាសំខាន់សម្រាប់ប្រទេសទាំងពីរកម្ពុជា-វៀត
ណាម។ ដូច្នេះយើងគប្បីត្រូវសហការ និងជួយគ្នាទៅវិញទៅមក ហើយកិច្ចការរួមគ្នានៃគម្រោងធ្វើទម្រង់ស្រែបង្ហាញនៅពេលនេះគឺជាមោទនភាពសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ ខណៈពេលដែលទិន្នផលដែលទទួលបានគឺច្រើនលើសអ្វីដែលយើងបានគិត។ ប៉ុន្តែទម្រង់ស្រែបង្ហាញនេះនៅមានចំនួនតិចតួចនៅឡើយដែលភាគីទាំងពីរត្រូវបន្តអនុវត្តឱ្យបានទូលំទូលាយ។
លោកអ៊ុក សុខុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណដល់ភាគីវៀតណាម សំខាន់អ្នកបច្ចេកទេសវៀតណាមដែលបានចូលមកសហការ និងជួយផ្ទាល់ដល់កសិករកម្ពុជារហូតទទួលបានលទ្ធផលជាទីមោទនភាព។ លោកគិតថា ទិន្នផលដែលទទួលបាននោះគឺច្រើនណាស់បើប្រៀបធៀបនឹងដីស្រែកសិករធម្មតាដែលទទួលបានតែ៣ទៅ៤តោនក្នុង១ហិកតា។ លោកសន្យាថា នឹងរកគ្រប់វិធីដើម្បីផ្សព្វផ្សាយនូវជំនាញ និងបទពិសោធន៍ផ្តើមពីទម្រង់ស្រែបង្ហាញដោយប្រើឧបករណ៍ ព្រោះជាជួរ និងការប្រើប្រាស់ជីអ៊ុយរ៉េហ្វូមីវៀតណាមដែលមានគុណភាព ខ្ពស់នេះជាបន្តបន្ទាប់ និងទូលាយក្នុងទូទាំងប្រទេស។ លោកបញ្ជាក់ថា ទម្រង់ស្រែបង្ហាញដែលទទួលផលរហូតដល់៨ទៅ៩តោននេះ គឺស្របពេលដែលគោលការណ៍រាជរដ្ឋាភិបាលកម្ពុជាអនុវត្តផែនការនាំចេញអង្ករឱ្យបាន១លានតោនក្នុងឆ្នាំ២០១៥ខាងមុខ។ ដូច្នេះលោកគិតថា ការអនុវត្តស្រែបង្ហាញនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តផែនការនាំចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។
តំណាងប្រជាកសិករបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាមដែលបានសហការ និងជួយដោយផ្ទាល់លើផ្ទៃដីស្រូវរបស់ពួកគាត់។ ដំបូងពួកគាត់មិនទាន់ជឿលើការរៀបចំអនុវត្តទម្រង់ស្រែបង្ហាញដោយប្រើឧបករណ៍ព្រោះជាជួរនោះទេ ។ ប៉ុន្តែក្រោយទទួលផលពួកគាត់មិនគ្រាន់តែជឿជាក់ប៉ុណ្ណោះទេ តែថែមទាំងសន្យាបន្តធ្វើរបៀបនេះជារៀងរហូត និងជួយផ្សព្វផ្សាយដល់ប្រជាកសិករឯទៀត ៕
ចែករំលែកព័តមាននេះ