រាជធានីភ្នំពេញ ៖ សេក គឹមរួន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប និងឆៃ សារ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នៅថ្ងៃទី២២ មេសា ខានស្អែកនេះដល់ថ្ងៃត្រូវជួបកីឡាករថៃនៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ី នៅក្នុងព្រឹត្តិការណ៍ប្រដាល់ដណ្ដើមខ្សែក្រវាត់គោជល់ ។ អ្នកនិយមទស្សនាកីឡាប្រដាល់ភាគច្រើនកំពុងតែទន្ទឹងរង់ចាំមើលថាតើកីឡាករកម្ពុជាទាំងពីររូបនេះក្រោយថ្ងៃចូលឆ្នាំខ្មែរហើយមានសំណាងដូចមុនឬអត់ ខណៈកីឡាករថៃដែលពួកគេត្រូវជួបនាពេលនេះមានសមត្ថភាពមិនសូវខ្លាំងប៉ុន្មានបែបហ្នឹងនោះ ។
សេក គឹមរួន ត្រូវជួបកីឡាករថៃឈ្មោះ ហ្វានិមិត្ត វិរិយៈហ្វាមដែលប្រកួតបាន២លើកឈ្នះ១ ចាញ់១ មាន៤ពិន្ទុ ខណៈ សេក គឹមរួន ប្រកួតបាន២លើកដូចគ្នាឈ្នះទាំង២លើកមាន៦ពិន្ទុ ។ ទោបីយ៉ាងណា សេក គឹមរួន នៅតែត្រូវការឈ្នះដើម្បីពង្រីកឱកាសឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែកីឡាករថៃដែលគេត្រូវជួបក៏ជាជើងខ្លាំងម្នាក់ដែលកំពុងស្រេកឃ្លានជ័យជម្នះខ្លាំងដែរទើបអ្នកគាំទ្រជាងពាក់កណ្ដាលហាក់អល់អែកមិនដឹងថាកីឡាករកម្ពុជារូបនេះមានសំណាងដូចមុនឬអត់ ។
ចំណែក ឆៃ សារ៉ា ហាក់មានសង្ឃឹមច្រើនដោយសារកីឡាករថៃឈ្មោះ ម៉ុងឃុនភេត ណាយ៉ាប៉ៈវិរៈ ដែលគេត្រូវជួបលើកនេះខ្សោយទាំងកម្លាំងនិងក្បាច់គុន ជាក់ស្ដែង២ប្រកួតកន្លងមកកីឡាករថៃរូបនេះមិនទាន់ស្គាល់ពាក្យថាឈ្នះម្ដងណាឡើយក្នុងពេលឆៃ សារ៉ា ប្រកួតបាន២លើកឈ្នះទាំង២លើកមាន៦ពិន្ទុ។
ចាំមើលទាំងអស់គ្នាថាតើ ឆៃ សារ៉ា ពិតជាអាចយកឈ្នះកីឡាករថៃដូចការព្យាករទុកមុនឬអត់?
ក្រៅពីគូដណ្ដើមខ្សែក្រវាត់គោជល់នៅមានគូប្រកួតមិត្តភាពចំនួន២គូទៀតដែលតម្រូវទៅលើកីឡាករ អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានឫទ្ធិ ប្រកួតជាមួយកីឡាករថៃឈ្មោះដេនឡៈអូ លុកឡៈអូ និងកីឡាករ ងឿន វិចិត្រ មកពីក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយកីឡាករ ជ័យ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡា ។
ដោយឡែកនៅថ្ងៃអាទិត្យទី២៣ មេសា សង្វៀនទូរទស្សន៍ដដែលនេះក៏មានរៀបចំកម្មវិធីប្រកួតប្រដាល់អន្តរជាតិរវាងកីឡាករកម្ពុជា-ថៃផងដែរ ។ សម្រាប់គូអន្តរជាតិ កីឡាករម៉ា ឆៃម៉ូវ មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយកីឡាករថៃឈ្មោះ ឆ្លាមដាំ ពៀកខាឃែ ក្នុងប្រភេទទម្ងន់៨៥គីឡូក្រាម និងកីឡាករ ឡុង ជិន មកពីក្លិបខ្លារខិនមានឫទ្ធិ ប្រកួតជាមួយកីឡាករថៃឈ្មោះ វីភេងប៉ ឆ័យសុងក្រាម ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
រីឯគូមិត្តភាពធម្មតាដែលមានចំនួន៤គូទៀតនោះតម្រូវទៅលើកីឡាករ ទីន ណាថៃមកពីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក ប្រកួតជាមួយកីឡាករ ឡាញ់ វិចិត្រ មកពីក្លិបសុភានូមានជ័យ ។ កីឡាករ ឡុង វ៉ៃ មកពីក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយកីឡាករ នួន រ៉ាថេត មកពីក្លិបតាឯកដំបងដែកមានឫទ្ធិ ។ កីឡាករ ប៊ុន គន្ធា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយកីឡាករ រិទ្ធ ប្រាក់ប៊ិន មកពីក្លិបកងពលតូចលេខ៧០ និងគូចុងក្រោយកីឡាករ យឿន ពន្លក មកពីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក ប្រកួតជាមួយកីឡាករ ម៉ៅ យូសែប មកពីក្លិបសម្បត្តិគុនខ្មែរ ៕
ចែករំលែកព័តមាននេះ