ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​ណាស់ ម្តាយក្មេក​មិន​ស្គាល់​ភូមិ​ស្រុក​អនាគត​កូនប្រសា បាត់​កូនស្រី​ប្តឹង​ប៉ូលិស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​កាន់​រូបថត​កូនស្រី​ទាំង​អារម្មណ៍​ក្តុកក្តួល មក​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៨ ខែមេសា

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​កាន់​រូបថត​កូនស្រី​ទាំង​អារម្មណ៍​ក្តុកក្តួល មក​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៨ ខែមេសា ដើម្បី​សុំ​ឱ្យ​នគរបាល​ជួយ​អន្តរា គម​ន៍រក​កូនស្រី​គាត់ ដែល​នាង​បាន​ទៅ​លេង​ស្រុកកំណើត​ខាង​គូ​ដណ្ដឹង​អស់​រយៈពេល​ជាង​១០​ថ្ងៃ​ហើយ មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​សោះ ។

ចំណែក​រូប​គាត់​ជា​ម្ដាយ​មិន​ដែល​បាន​ស្គាល់​ស្រុក​កំណើត​អនាគត​កូនប្រសា​ទេ គឺ​ដឹង​ត្រឹមតែ​នៅ​ក្នុង​ខេត្តព្រៃវែង​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បានដឹង​ថា​នៅ​ក្នុងភូមិ ឃុំ និង​ស្រុក​ណា​ឡើយ ទើប​មិន​អាច​ទៅ​តាម​រក​ដល់ទី​នោះ​បាន ។ ម្យ៉ាងទៀត​កូនស្រី​សំណព្វចិត្ត​ក៏​បាន​បិទ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​ទៀត ទើប​ធ្វើ​ឱ្យ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​កូនស្រី ហើយ​ក៏​បានរ​ត់រក​នគរបាល​ឱ្យ​ជួយ​តែ​ម្ដង ។

ស្ត្រី​ជា​ម្ដាយ​រូប​នេះ​ឈ្មោះ ម៉ា ចាន់ អាយុ​៤៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ភូមិ​ខ្នាច ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមាន​ជ័យ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ គាត់​មានកូន​ជាមួយ​ប្ដី​មុន​២​នាក់​ចំណែក​កូនស្រី​ដែល​បាត់​ខ្លួន​ឈ្មោះ អ៊​ន ស្រី​ចម អាយុ​១៨​ឆ្នាំ ជា​កូន​ប្តី​មុន និង​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ដែរ ។ ក្រោយ​ពេល​បែកបាក់​ជាមួយ​ប្ដី​មុន គាត់​បាន​យកប្តី​ក្រោយ​ទៀត ឈ្មោះ​ឡេ​ង សេង បច្ចុប្បន្ន​អាយុ​៤៨​ឆ្នាំ និង​មានកូន​ជាមួយ​ប្ដី​ក្រោយ​នេះ​២​នាក់​ទៀត ។ ដោយឡែក គូ​ដណ្ដឹង​កូនស្រី​និង​ជា​អនាគត​កូនប្រសា​គាត់​នោះ​ឈ្មោះ ពិសិដ្ឋ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។

នៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ស្ត្រី​ដែល​បាត់​កូនស្រី​រូប​នេះ​បាន​ប្រាប់​នគរបាល​ថា គាត់​និង​ក្រុម​គ្រួ​សារបាន​ចាក​ចេញពី​ស្រុក​កំណើត មក​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​ខាងលើ​ដើម្បី​ធ្វើ​ជា​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ។ ឯ​កូនស្រី​គាត់​បាន​ទទួល​ការ​ស្រឡាញ់​ពី​យុវជន​ឈ្មោះ ពិសិដ្ឋដោយ​យុវជន​រូប​នេះ បានឱ្យ​ចាស់ទុំ​ចូល​ចែចូវ​ស្ដីដណ្ដឹង​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ កាលពី​អំឡុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ ។

ក្រោយ​ពេល​ចូល​ស្ដីដណ្ដឹង​និង​ភ្ជាប់ពាក្យ​រួចរាល់​ហើយ ក៏​បាន​កំណត់​ថ្ងៃ​រៀប​អា​ពា​ហ៍ពិពាហ៍​នៅ​ក្នុង​ខែសីហា ឆ្នាំ​២០១៧ គឺ​៤​ខែ​ខាង​មុខ​នេះ ដោយ​ខាង​ប្រុស​បាន​ព្រម​ជូន​ថ្លៃទឹកដោះ​ចំនួន​១.៥០០​ដុល្លារ ។ ទោះជា​បែប​នេះ​ក្ដី ការ​ចូល​ស្ដីដណ្ដឹង​និង​ការ​ភ្ជាប់ពាក្យ​ធ្វើ​ឡើង​នៅផ្ទះ​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ តែ​ប៉ុណ្ណោះ មិន​បាន​ទៅ​ធ្វើ​នៅ​ឯ​ស្រុក​កំណើត​នោះ​ទេ ។ ចំណែក​រូប​គាត់​ក៏​មិន​ដែល​បាន​ស្គាល់​ស្រុក​កំណើត​ខាង​អនាគត​កូនប្រសា​នោះ​ដែរ  គឺ​មាន​តែ​កូនស្រី​គាត់​ដែល​បាត់​ខ្លួន​ម្នាក់​គត់​ដែល​ស្គាល់ ។

ស្ត្រី​ជា​ម្ដាយ​រូប​នេះ​រៀបរាប់​ទៀត​ថា ដោយឡែក​កាលពី​ថ្ងៃ​ទី​៨ ខែមេសា កូនស្រី​គាត់​បាន​សុំ​ទៅ​លេង​ស្រុក​កំណើត​គូ​ដណ្ដឹង ដោយ​មុន​ពេល​ទៅ​បាន​ប្រគល់​លុយ​ប្រាក់ខែ​ឱ្យ​គាត់​ទាំងអស់ ឯ​នៅ​ជាប់​នឹង​ខ្លួន​នាង​មាន​តែ​គ្រឿងអលង្ការ​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​បាន​ប្រាប់​គាត់​ថា នឹង​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ឱ្យទាន់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ។
ប៉ុន្តែ ស្រាប់តែ​ទៅ​បាត់​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមេ​សា ទើប​គាត់​ទូរស័ព្ទ​ទៅ​សួរ​កូនស្រី​ថា «​ត្រឡប់​មក​ផ្ទះ​វិញ​ថ្ងៃ​ណា? ព្រោះ​ត្រូវ​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​ទី​១៨ ខែមេសា ហើយ​» ។ ពេល​នោះ​កូនស្រី​បាន​ប្រាប់​ថា «​ដឹង​ហើយ​តែ​ថ្ងៃ​ទី​១៧ ខែមេសា ទើប​ត្រឡប់​មក​វិញ ព្រោះ​ពេល​នេះ​អត់​មាន​រថយន្តឈ្នួល​ជិះ​ទៅ​ទេ​» ។

បន្ទាប់​ពី​នោះ​មក ក៏​ស្រាប់តែ​កូនស្រី​បិទ​ទូរស័ព្ទ​រហូត​ហៅ​លែង​ចូល​តែ​ម្ដង ហើយ​ក៏​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​សោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​មានការ​ព្រួយបារម្ភ​ខ្លាច​កូន​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ។ ម្យ៉ាងទៀត គាត់​មិន​ដែល​ស្គាល់​ស្រុក​កំណើត​អនាគត​កូនប្រសា និង​មិន​អាច​ទៅ​តាម​រកបាន​ផង​នោះ ទើប​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង សុំ​ឱ្យ​នគរបាល​ជួយ​អន្តរាគមន៍​ស្វែងរក ។

ទោះបីជា​បែប​ណា នៅ​ពេល​នោះ​នគរបាល​បាន​ទទួល​ពាក្យបណ្ដឹង​ពី​គាត់ និង​បាន​លួងលោម​កុំឱ្យ​ពិបាកចិត្ត​និង​កុំ​គិត​អ្វី​ដែល​អាក្រក់​ៗ ខណៈ​មិន​ទាន់​មានការ​ច្បាស់លាស់​ក្នុង​ចិត្ត​នោះ ៕​