ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ប្រកាស ចែក​ប័ណ្ណ​ព័ត៌មាន​បោះ​ឆ្នោត​ដល់​អ្នក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) បាន​បោះពុម្ព​ប័ណ្ណព័ត៌មាន​សម្រាប់​ចែក​ជូន​ដល់​អ្នកបោះឆ្នោត​ស្មើនឹង​ចំនួន​អ្នក​ចុះ​ឈ្មោះ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) បាន​បោះពុម្ព​ប័ណ្ណព័ត៌មាន​សម្រាប់​ចែក​ជូន​ដល់​អ្នកបោះឆ្នោត​ស្មើនឹង​ចំនួន​អ្នក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមាជិក គ​.​ជ​.​ប ។

លោក រ៉ុ​ង ឈុ​ន សមាជិក គ​.​ជ​.​ប បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បិទ​ផ្សាយ​បញ្ជី​បេក្ខជន នៅ​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​(​គឃ​-​សប​) និង​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត នៅ​តាម​ភូមិ​ក្នុង​ឃុំ​-​សង្កាត់ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា នៅ​ទីស្តីការ គ​.​ជ​.​ប ថា «​ប័ណ្ណ​ព័ត៌មាន​បោះ​ទៅ​តាម​ចំនួន​អ្នក​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ។ ទាក់ទង​នឹង​ប័ណ្ណ​នេះ​ដែរ គ​.​ជ​.​ប បាន​សម្រេច​រៀបចំការ​បែងចែក​ប័ណ្ណ​ព័ត៌មាន​នេះ​មាន​លក្ខណៈជា​ក្រុម ដើម្បី​ចែក​ជូន​ឲ្យ​ដល់​ដៃ​ប្រជាពលរដ្ឋ ។ ក្រុម​នោះ​មាន​ប្រធាន​ឃុំ​-​សង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត​ជា​ប្រធាន ប្រធាន​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ជា​សមាជិក និង​អង្គការ​សង្គម​ស៊ី​វិល ជា​សមាជិក និង​មេ​ភូមិ​ជា​សមាជិក​» ។

លោក រ៉ុ​ង ឈុ​ន ថ្លែង​ទៀត​ថា សម្រាប់​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នកបោះឆ្នោត​នេះ ក៏​បាន​ផ្តល់​ឱកាស​ដល់​ភ្នាក់ងារ​គណបក្ស​នយោបាយ​នីមួយ​ៗ​ចូលរួម​សង្កេតការណ៍​ផង​ដែរ ។ លោក​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ៗ​គ្នា ពោល​គឺ​អ្នក​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ។

លោក រ៉ុ​ង ឈុ​ន គូសបញ្ជាក់​ថា «​ប័ណ្ណ​ព័ត៌មាន​នេះ​មិន​អាច​ជំនួស​អត្តសញ្ញាណប័ណ្ណ​យក ទៅ​បោះ​ឆ្នោត​បាន​ទេ ប៉ុន្តែ​វា​មាន​ន័យ​សម្រាប់​ឲ្យ​គាត់​ត្រៀមលក្ខណៈ ឲ្យ​គាត់​បានដឹង​អំពី​លេខ​រៀង និង​លេខ​កូដ ទីកន្លែង​បោះ​ឆ្នោត ។ សុំ​ឲ្យ​គាត់​កាន់​ប័ណ្ណ​នេះ​ទៅ​ជាមួយ​អត្តសញ្ញាណប័ណ្ណ ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​ស្វែងរក​ឈ្មោះ​ជូន​គាត់​» ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​សង្កត់ធ្ងន់​ថា ចំនួន​ប័ណ្ណ​ព័ត៌មាន​ស្មើនឹង​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ផ្លូវការ ។ ប័ណ្ណ​ព័ត៌មាន​នេះ មិន​អាច​ជំនួស​ឯកសារ​សម្រាប់​ការ​បោះ​ឆ្នោត​បាន​ទេ ។ ប័ណ្ណ​នេះ​ចែក​ជូន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៧ ខែមេសា ដល់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ដោយ​ធ្វើ​សកម្មភាព​ចែក​តាម​ផ្ទះ​នៅ​ក្នុងភូមិ​នីមួយ​ៗ ។ ប៉ុន្តែ​បន្ទាប់​ពី​ថ្ងៃ​ទី​១៦ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែមិថុនា ប័ណ្ណ​ព័ត៌មាន​នឹង​ប្រមូល​ទៅ​សាលាឃុំ​សង្កាត់ ។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ភាព​ដែល​អាច​បោះ​ឆ្នោត​បាន​របស់​ប្រជាពលរដ្ឋ គឺ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​ករណី​អត់​មាន​អត្តសញ្ញាណប័ណ្ណ​ត្រូវ​ប្រើ​ឯកសារ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​) ។

លោក ទេព នី​ថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា ការ​ចែក​ជូន​ប័ណ្ណ​ព័ត៌មាន​ស្តី​ពី​ការ​បោះ​ឆ្នោត​នេះ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ព្រោះថា នៅ​ក្នុង​ប័ណ្ណ​នោះ​មាន​ទាំង​លេខ​រៀង ឈ្មោះ​ការិយាល័យ​បោះ​ឆ្នោត​ត្រឹមត្រូវ ។

ទោះជា​យ៉ាងណា​ក្តី ការ​ចែក​ប័ណ្ណ​ព័ត៌មាន​ក៏​មានការ​ជំទាស់​ពី​ការ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ផង​ដែរ ។ តំណាង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​លើក​ឡើង​ថា ការ​ចែក​ប័ណ្ណ​នេះ​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​ឥតប្រយោជន៍ ព្រោះថា​ការ​បោះ​ឆ្នោត​ត្រូវការ​តែ​អត្តសញ្ញាណប័ណ្ណ​មួយ​គ្រប់គ្រាន់​ហើយ ។

ដោយឡែក តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​លើក​ឡើង​ថា ការ​ចែក​ប័ណ្ណបោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី និង​ជា​ការ​ផ្តល់​ដល់​អាជ្ញាធរ​មានឱកាស​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេង​បាន ។ ជាង​នេះ​ទៀត តំណាង​គណបក្សប្រឆាំង​ក៏​បាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​នេះ គឺ​មានការ​ចែក​នៅ​ទីកន្លែង​ដែល​មាន​ស្លាក​គណបក្ស​នយោបាយ ពិសេស​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្តង ។

ការ​ប្រកាស​ចែក​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នកបោះឆ្នោត​នេះ ខណៈ​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧​ខាង​មុខ ដោយ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦ ជាង​៧​លាន​៨​សែន​នាក់ (៧.៨៦៤.០៣៣​នាក់​) ក្នុង​ចំណោម​ពលរដ្ឋ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ជាង​៩​លាន​៦​សែន​នាក់​(៩.៦៦៤.២១៦​នាក់​) ។

សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ មាន​គណបក្ស​នយោបាយ​ចំនួន​១២ បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជា​ផ្លូវការ សរុប​ទាំងអស់​៩៤.៥៩៥ នាក់​(​ស្រី្ត​២៥.៧៨៨​នាក់​) ៕