មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានចេញការព្រមានដល់អ្នកដឹកនាំនយោបាយថា កុំបង្កើតឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម ។
កាលពីថ្ងៃអង្គារ IMF បានបង្កើនការព្យាករពីការលូតលាស់សេដ្ឋកិច្ចពិភពលោកឲ្យស្មើដល់៣,៥% ប៉ុន្តែពួកគេបាននិយាយថា គោល នយោបាយការពារនិយម អាចនឹងប៉ះពាល់ដល់ការប្រសើរឡើងនៃសេដ្ឋកិច្ច ។
លោក Maurice Obstfeld ប្រធានផ្នែកស្រាវជ្រាវនៅIMF បាននិយាយថា៖ « ដើម្បីជៀសវាងការប៉ះពាល់ពីមធ្យោបាយការពារនិយម គឺត្រូវមានការប្តេជ្ញាជាពហុភាគីថ្មីមួយដើម្បីគាំទ្រដល់ការធ្វើពាណិជ្ជកម្ម »។
ការព្រមាននេះប្រៀបបានជាដាក់គោលដៅលើគោលនយោបាយ «អាមេរិកទីមួយ» និងគោលនយោបាយការពារនិយមផ្សេងទៀតរបស់លោកប្រធានាធិបតី Donald Trump ។
គួរបញ្ជាក់ផងដែរថា លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធំជាងគេក្នុងទ្វីបប៉ាស៊ីហ្វិករួចមកហើយ ។ លោកក៏បានសន្យាថា នឹងចរចាលើកិច្ចព្រមព្រៀង NAFTAឡើងវិញផងដែរជាមួយនឹងកាណាដានិងម៉ិកស៊ិក និងបានគំរាមថា នឹងដាក់ពន្ធគយលើផលិតផលនាំចូលផងដែរ ។
យ៉ាងណាក៏ដោយ IMFបានព្រមានថា ការព្យាកររបស់ពួកគេនៅមិនប្រាកដប្រជានៅឡើយ ព្រោះគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិក ថ្មីអាចនឹងមានការផ្លាស់ប្តូរ ។
IMF បាននិយាយថា ការលូតលាស់ខ្ពស់ជាងមុនគឺកំពុងតែត្រូវបានជំរុញដោយការងើបឡើងវិញនៃផ្នែកវិនិយោគ ផ្នែកផលិត និងផ្នែកធ្វើពាណិជ្ជកម្ម ។ មូលនិធិនេះបានព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកនឹងលូតលាស់បាន៣,៦%ក្នុងឆ្នាំ២០១៨ ។
ការលូតលាស់របស់សេដ្ឋកិច្ចអាមេរិកត្រូវបានគិតថា នឹងកើនដល់២,៣%ក្នុងឆ្នាំ២០១៧ ឬច្រើនជាងឆ្នាំ២០១៦ដែលស្មើនឹង១,៦% ។
IMFគិតថា ឥណ្ឌានឹងក្លាយជាសេដ្ឋកិច្ចដែលធំ និងលូតលាស់បានលឿនជាងគេក្នុងឆ្នាំ២០១៧ ឬនឹងលូតលាស់បាន៧,២% បើទោះជាមានបញ្ហាកម្មវិធីឈប់ប្រើប្រាស់ប្រាក់មួយចំនួនក៏ដោយ ។
ប្រទេសចិននឹងលូតលាស់បាន៦,៦%ក្នុងឆ្នាំនេះ និង៦,២%ក្នុងឆ្នាំ២០១៨ ខណៈដែលឆ្នាំ២០១៦ ប្រទេសនេះលូតលាស់បាន៦,៧%។ IMF បានព្រមានដល់ប្រទេសចិនទាក់ទិននឹងបញ្ហាប្រាក់បំណុលដែលកំពុងតែកើនឡើងផងដែរ ៕
ចែករំលែកព័តមាននេះ