ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ប្រើ​វិធី​5​យ៉ាង​ ដើម្បី​​ផលិត​អាវុធ​នុយក្លេអ៊ែរ

6 ឆ្នាំ មុន

កូរ៉េ​ខាងជើង​មាន​សមត្ថភាព​ទាញ​យក​ថវិកា​ដើម្បី​អភិវឌ្ឍន៍​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​មិន​គួរ​ឲ្យ​ជឿ បើ​ទោះជា​ប្រទេស​តូច​មួយ​នេះ​បាន​ផ្តាច់ខ្លួន​ចេញពី​ប្រទេស​ដទៃ​នៅ​លើ​ពិភពលោក និង

កូរ៉េ​ខាងជើង​មាន​សមត្ថភាព​ទាញ​យក​ថវិកា​ដើម្បី​អភិវឌ្ឍន៍​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​មិន​គួរ​ឲ្យ​ជឿ បើ​ទោះជា​ប្រទេស​តូច​មួយ​នេះ​បាន​ផ្តាច់ខ្លួន​ចេញពី​ប្រទេស​ដទៃ​នៅ​លើ​ពិភពលោក និង​ត្រូវ​បាន​គេ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ក៏​ដោយ ។ នេះ​បើ​យោង​តាម​គេហទំព័រ cnbc ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ។

ធនាគារជាតិ​របស់​កូរ៉េ​ខាងត្បូង​ព្យាករ​ថា ប្រាក់​ចំណូល​ក្នុងស្រុក​សរុប​របស់​កូរ៉េ​ខាងជើង​ក្នុង​ឆ្នាំ​២០១៥ គឺ​ស្មើ​តែ​៣០​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ ឬ​២,២%​នៃ​ប្រាក់​ចំណូល​ក្នុងស្រុក​សរុប​របស់​កូរ៉េ​ខាងត្បូង ប៉ុន្តែ​កូរ៉េ​ខាងជើង​បាន​ចំណាយ​ប្រមាណ​២៥%​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ខ្លួន​ទៅ​លើ​អាវុធ ។

លោកស្រី Sharon Squassoni ប្រធាន​កម្មវិធី​ទប់ស្កាត់​ការ​បង្កើន​ចំនួន​អាវុធ ក្នុង​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ និយាយ​ថា ៖ « នេះ​គឺជា​ជន​ផ្តាច់​ការ​ដ៏​ឃោរឃៅ​ម្នាក់ ដែល​មិន​ចង់​ប្រើប្រាស់​ថវិកា​សម្រាប់​សុវត្ថិភាព សុខភាព និង​ការ​អប់រំ​ប្រជាជន​ខ្លួន ។ ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ ប្រសិនបើ​លោក​ប្រើប្រាស់​ធនធាន​ចូល​ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ។ ខ្ញុំ​សង្ឃឹមថា នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់ » ។

យោង​តាម​អ្នកវិភាគ ខាងក្រោម​នេះ​គឺជា​ប្រភព​ទាំង​៥ ដែល​ផ្តល់​ថវិកា​ដល់​កូរ៉េ​ខាងជើង ។

១-​ប្រទេស​ចិន ៖
យោង​តាម​ភ្នាក់ងារ CIA របស់​សហរដ្ឋអាមេរិក ប្រមាណ​៣​ភាគ​៤​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាងជើង គឺ​ត្រូវ​បាន​ធ្វើ​ឡើងជា​មួយ​ប្រទេស​ចិន ដែល​នៅ​ជិតខាង ។

លោក Scott Snyder នាយក​ផ្នែក​កម្មវិធី​ទាក់ទិន​នឹង​គោលនយោបាយ​អា​មេ​រិ​ក និង​កូរ៉េ​ក្នុង​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស និយាយ​ថា ៖ « ប្រទេស​ចិន​មាន​សមត្ថភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​ស្ថិរភាព​នៅ​កូរ៉េ​ខាងជើង ប៉ុន្តែ​ភាគច្រើន​ពួក​គេ​គិត​ថា មិន​អាច​ប្រើប្រាស់​សមត្ថភាព​នោះ​បាន ព្រោះតែ​វា​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ចិន​ក្នុង​កូរ៉េ​ខាងជើង​»​។ លោក​បន្ថែម​ថា ប្រទេស​ចិន​មាន​សមត្ថភាព​បញ្ឈប់​ការ​ផ្គត់ផ្គង់​អាហារ និង​ថាមពល​ដល់​កូរ៉េ​ខាងជើង ។

ប៉ុន្តែ​ការ​ដួល​រលំ​របស់​កូរ៉េ​ខាងជើង​អាច​នឹង​បង្ក​ឲ្យ​មាន​ជនភៀសខ្លួន​រត់​ឆ្លង​ព្រំដែន​ចូល​មក​កាន់​តំបន់​ឦសាន​របស់​ប្រទេស​ចិន ដែល​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ និង​ជា​ស្ថានការណ៍​មួយ​ដែល​ប្រទេស​ចិន​ចង់​ចៀសវាង ។

២-​ពលកម្ម​ទាសករ​នៅ​បរទេស ៖
លោក Robert Manning មក​ពី Atlantic Council និយាយ​ថា ពលករ​ចាប់បង្ខំ​ជនជាតិ​កូរ៉េ​ខាងជើង​នៅ​ប្រទេស​ចិន និង​រុ​ស្ស៊ី បាន​ផ្តល់ ថវិកា​ដល់​កូរ៉េ​ខាងជើង ។ ការ​នាំ​ចេញ​ផ្សេង​ៗ​ដូច​ជា​ធ្យូងថ្ម និង​ធនធាន​រ៉ែ ក៏​ផ្តល់​ថវិកា​ជា​ប្រាក់​យន់​របស់​ចិន ដុល្លារ​អា​មេ​រិ​ក និង​អឺ​រ៉ូ​ជាដើម ។

៣-​ការ​លក់​អាវុធ ៖
លោកស្រី Anwita Basu អ្នកវិភាគ​របស់ The Economist Intelligence Unit និយាយ​ថា ៖ « សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងជើង គឺ​ដឹកនាំ​ដោយ​ការ​លក់​អាវុធ » ។ លោកស្រី​អះអាង​ថា ការ​លក់​អាវុធ​របស់​កូរ៉េ​ខាងជើង​បាន​សម្រេច​ជាមួយ​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក ។ ចំណែក​អ្នកវិភាគ​នយោបាយ​ផ្សេង​ទៀត​គិត​ថា កូរ៉េ​ខាងជើង និង​ប្រទេស​អីុរ៉​ង់​បាន​សហការ​គ្នា​លើ​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ ។

សេចក្តីរាយការណ៍​ប្រចាំខែ​កុម្ភៈ​របស់​អ្នកជំនាញ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា កូរ៉េ​ខាងជើង​បន្ត​ធ្វើ​ពាណិជ្ជកម្ម​អាវុធ និង​ធនធាន​ដែល​ទាក់ទិន​ក្នុង​ទីផ្សារ​ជាមួយ​សេវាកម្ម​ផ្គត់ផ្គង់​ក្នុង​អាស៊ី អាហ្វ្រិក និង​មជ្ឈិម​បូព៌ា ។

សេចក្តីរាយការណ៍​បន្ថែម​ថា កូរ៉េ​ខាងជើង​ប្រើប្រាស់​ក្រុមហ៊ុន​សាងសង់​របស់​ខ្លួន​ក្នុង​អាហ្វ្រិក ដើម្បី​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទាក់ទិន​នឹង​អាវុធ យោធា និង​សន្តិសុខ ។

៤-​គ្រឿងញៀន ៖
លោក Manning បន្ត​ថា ៖ « កូរ៉េ​ខាងជើង​មាន​វិស័យ​គ្រឿងញៀន​ខុសច្បាប់​យ៉ាង​ធំ ។ ខ្ញុំ​ធ្លាប់​ឃើញ​គំរូ​ថ្នាំ Viagra ដែល​បាន​លក់​ចេញពី​កូរ៉េ​ខាងជើង ។ វា​គឺជា​ប្រភព​ថវិកា​ដ៏​សំខាន់ » ។

៥-​ឧក្រិដ្ឋកម្ម​តាម​អីុ​ន​ធើ​រ​ណេ​ត ៖
កូរ៉េ​ខាងជើង​ត្រូវ​បាន​រាយការណ៍​មក​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​លួច​ប្រាក់​លើ​អុ​ី​ន​ធើ​រ​ណេ​ត​ចំនួន​៨១​លាន​ដុល្លារ​ពី​ធនាគារកណ្តាល​របស់​ញូ​វ​យ៉​ក តាម​រយៈ​គណនី​មួយ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ឆ្នាំ​មុន ។

សហគ្រាស​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​មួយ​ចំនួន ក៏​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវ​សម្រាប់​ផ្តល់​ថវិកា​ដល់​កូរ៉េ​ខាងជើង​ផង​ដែរ ។ កាលពី​ខែកុម្ភៈ សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ចំនួន​៦​រូប​បាន​ផ្ញើ​សំណើ​ទៅ​កាន់​លេខាធិការ​រតនាគារ​អា​មេ​រិ​ក លោក Steven Mnuchin និង​ជំរុញ​លោក​ឲ្យ​រឹត​បន្តឹង​ទំនាក់ទំនង​រវាង​ធនាគារ​ចិន និង​ធនាគារ​កូរ៉េ​ខាងជើង ៕