អាពាហ៍ពិពាហ៍សម័យខ្មែរក្រហមខុសពីទំនៀមទម្លាប់ខ្មែរ
«ខែមេសា» រំឭកដល់ការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដូច្នេះសូមបង្ហាញជូន«អាពាហ៍ពិពាហ៍សម័យខ្មែរក្រហម » តាមឯកសាររបស់ទស្សនាវដ្តី «ស្វែងរកការពិត» ។
«ខែមេសា» រំឭកដល់ការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដូច្នេះសូមបង្ហាញជូន«អាពាហ៍ពិពាហ៍សម័យខ្មែរក្រហម » តាមឯកសាររបស់ទស្សនាវដ្តី «ស្វែងរកការពិត» ។
«ខែមេសា» រំឭកដល់ការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដូច្នេះសូមបង្ហាញជូន«អាពាហ៍ពិពាហ៍សម័យខ្មែរក្រហម » តាមឯកសាររបស់ទស្សនាវដ្តី «ស្វែងរកការពិត» ។
អាពាហ៍ពិពាហ៍ដែលរៀបចំឡើងដោយបក្សកុម្មុយនីស្តកម្ពុជា មានលក្ខណៈខុសប្លែកពីអាពាហ៍ពិពាហ៍តាមបែបប្រពៃណីដូនតាខ្មែរ។ កូនក្រមុំ និងកូនកំលោះតម្រូវឲ្យរៀបការទាំងរាងកាយស្គាំងស្គម ល្ហិតល្ហៃ ដោយការទទួលទានអាហារមិនគ្រប់គ្រាន់ និងការងារហួសកម្លាំង។ យុវជន និងយុវនារីត្រូវឈរតម្រៀបជួរម្ខាងម្នាក់ដើម្បីត្រៀមខ្លួនទទួលយកគូអនាគតដែលអង្គការរៀបចំទុកដាក់ឲ្យ ។
អាពាហ៍ពិពាហ៍ខ្មែរក្រហមត្រូវបានធ្វើឡើងមិនឲ្យសាមីខ្លួនដឹងមុន សូម្បីតែឈ្មោះ មុខមាត់នៃអនាគតប្តី ឬប្រពន្ធក៏មិនស្គាល់ដែរ។ ឪពុកម្តាយបងប្អូនបង្កើត និងមិត្តភក្តិ ក៏មិនបានមកចូលរួមអបអរសាទរដែរ ដោយហេតុថា ខ្មែរក្រហមឲ្យប្រជាជនទាំងអស់ចាត់ទុកអង្គការគឺជាឪពុកម្តាយ ។ អាពាហ៍ពិពាហ៍រៀបចំឡើងដោយមានកូនកំលោះ និងកូនក្រមុំច្រើនគូ ហើយគ្មានប្រារឰពិធីតាមប្រពៃណីខ្មែរទេ ។ មានករណីជាចាំបាច់មួយទៀតត្រូវបានអនុវត្តជាទូទៅចំពោះប្រជាជនធម្មតា និងកម្មាភិបាលខ្មែរក្រហម គឺការជ្រើសរើសយកប្រវត្តិរូបដូចគ្នានៅក្នុងវណ្ណៈទាំងបី គឺ វណ្ណៈកណ្តាលថ្នាក់លើ កណ្តាលថ្នាក់កណ្តាល និងកណ្តាល ថ្នាក់ក្រោម មានន័យថាស្វាមីភរិយានៃគូ នីមួយៗ ត្រូវស្ថិតនៅក្នុងវណ្ណៈតែមួយដូចគ្នា ដើម្បីឲ្យមានកំហឹងវណ្ណៈស្មើគ្នា ។
លោកពូអ៊ុំ ឈាវ និងអ្នកមីង ចាន់ ថន អតីតកម្មាភិបាលខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល គាត់ទាំងពីរគឺជាគូស្វាមីភរិយាដែលបក្សកុម្មុយនីស្តកម្ពុជារៀបចំឲ្យនៅក្នុងឆ្នាំ១៩៧៧ នៅបឹងជើងឯក។ អ្នកមីងចាន់ ថន បានបញ្ជាក់ថា គាត់ពុំដែលស្គាល់ ហើយក៏ពុំបានដឹងថាតើនរណានឹងក្លាយជាគូអនាគតរបស់គាត់ឡើយ «នៅពេលឡើងទៅអង្គុយកៅអីជិតរៀបការហើយហ្នឹង ក៏អត់ស្គាល់គ្នាដែរ»។ មីង ចាន់ ថន ប្រាប់ទៀតថា បើគាត់មិនព្រមតាមអង្គការ គាត់ប្រហែលជាត្រូវយកទៅសម្លាប់ចោលហើយ ព្រោះរឿងរៀបចំគ្រួសារបើខុសតែបន្តិចក៏សម្លាប់ចោល ។
លោកពូអ៊ុំ ឈាវ បានបន្ថែមថា «ខ្ញុំនឹកឃើញថារៀបការអត់មានឪពុកម្តាយចិត្តអត់ចង់យកសោះ អត់មាននឹកឃើញថាស្រឡាញ់គ្រួសារអីទេ ព្រោះអានេះវាអត់មានម៉ែឪបងប្អូនដឹងឮទទួលស្គាល់» ។
មីងអ៊ុន ទឹម នៅភូមិអន្លង់រមៀតបានបញ្ជាក់ថា នៅពេលរៀបអាពាហ៍ពិពាហ៍ខ្មែរក្រហមតែងប្រកាសថា «ឪពុកម្តាយរបស់មិត្តមិនមកចូលរួមពិធីនេះទេ ។ យើងជាឪពុកម្តាយផ្សំផ្គុំឲ្យមិត្ត និងបងប្អូនប្រុសស្រីរបស់មិត្ត ាំងអស់គ្នា»។
ក្នុងឆ្នាំ១៩៧៨ អ្នកមីងអ៊ុន ទឹម រស់នៅភូមិអន្លង់រមៀតធ្លាប់រៀបការក្នុងគូអាពាហ៍ពិពាហ៍ដែលមានចំនួនរហូតដល់ទៅ១៦០គូ ។
លោកគង់ ឈុន អតីតកម្មាភិបាលខ្មែរក្រហមនៅភូមិក្បាលកោះកេរ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ដែលធ្លាប់បានចូលរួមរៀបចំចាត់ចែងក្នុងពិធី បានឲ្យដឹងថា អាពាហ៍ពិពាហ៍បានសម្រេចចប់សព្វគ្រប់ និងពេញច្បាប់ដោយគ្រាន់តែប្រកាសថា «មនុស្សទាំងពីរនាក់នេះគឺជាប្តីប្រពន្ធនឹងគ្នា ត្រូវស្រឡាញ់គ្នាទៅវិញទៅមកអស់មួយជីវិត ត្រូវស្គាល់គ្នាទៅវិញទៅមក» ។
ប្រជាជនជាច្រើនសុទ្ធតែធ្លាប់បានឆ្លងកាត់នូវអាពាហ៍ពិពាហ៍ចាប់បង្ខំ ទាំងសាមីខ្លួនមិនពេញចិត្ត ។ មានតែកម្មាភិបាល និងប្រជាជនមូលដ្ឋានមួយចំនួនតូច (ព្រោះអង្គការចាត់ទុកជាជនដាច់ខាតនឹងបដិវត្តន៍)ប៉ុណ្ណោះ ដែលមានសិទ្ធិប្រកែកតវ៉ាមិនព្រមរៀបការនៅពេលដែលខ្លួនមិនពេញចិត្ត មានសិទ្ធិស្នើអង្គការរៀបការជាមួយអ្នកដែលខ្លួនស្រឡាញ់ ឬក៏រៀបការក្នុងពិធីគ្រាន់បើជាងប្រជាជនធម្មតា គឺមានគូអាពាហ៍ពិពាហ៍ក្នុងចំនួនតិច មានចែកសម្ភារប្រើប្រាស់ដូចជាខោអាវ មុង ភួយ កន្ទេល ខ្នើយ និងចែកផ្ទះឲ្យនៅ ។
លោកពូគូ សៀម អតីតកម្មាភិបាលខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។ កាលណោះគាត់មានតួនាទីជាប្រធានក្រុមនៅភូមិព្រៃល្វា ហើយបានស្នើសុំអង្គការដើម្បីរៀបការជាមួយកម្មាភិបាលពេទ្យម្នាក់ ។ គូ សៀម បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ១៩៧៧នៅពេលដែលគាត់រៀបការនោះ មានគូស្វាមីភរិយា៣គូប៉ុណ្ណោះ តាមការជ្រើសរើសយកប្រវត្តិរូបឲ្យត្រូវគ្នា ។ នៅពេលនោះគាត់ស្ថិតក្នុងវណ្ណៈកណ្តាលថ្នាក់ក្រោម ។
អ្នកមីង ផាន់ ចន្ថា អតីតកម្មាភិបាលពេទ្យ នៅស្រុកត្រាំកក់ ខេត្តតាកែវ បានអះអាងថា គាត់ធ្លាប់បានប្រកែកមិនព្រមរៀបការតាមការស្នើសុំរបស់អង្គការចំនួន២ ឬ៣ដងដោយគ្មានទោសពៃរអ្វីឡើយ លុះក្រោយមកទើបគាត់យល់ព្រមរៀបការជាមួយយុទ្ធជនបើកបររថយន្តម្នាក់ ហើយរស់នៅជាមួយគ្នារហូតដល់សព្វថ្ងៃនេះ ។
លោករៀល សន អតីតលេខាពេទ្យស្រុកត្រាំកក់ បានប្រាប់ថា នៅកន្លែងរបស់គាត់ (មន្ទីរពេទ្យស្រុកត្រាំកក់) ក្នុងពេលរៀបការ ឬកសាងគ្រួសារឲ្យកម្មាភិបាលពេទ្យ គាត់តែងឲ្យប្រជាជនធ្វើនំបារាំង កាប់ជ្រូក ដើម្បីជប់លៀង ព្រមទាំងចែកផ្ទះថ្មីឲ្យនៅក្រៅមន្ទីរពេទ្យទៀតផង ។
ហេតុអ្វីបានជាខ្មែរក្រហមលុបបំបាត់ប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ ហើយប្រែក្លាយរូបភាពនៃអាពាហ៍ពិពាហ៍ដោយការជ្រើសរើសយកវណ្ណៈដូចគ្នាចាប់ដៃគ្នាច្រើនគូទៅវិញ ? អង្គការបានបំពាក់មនោគមវិជ្ជាដល់យុវជន-យុវនារី ស្តីពីលោកទស្សនៈបដិវត្តន៍ ចំពោះបញ្ហាកសាងគ្រួសារ ខ្មែរក្រហមបានរិះគន់ និងបង្ហាញនូវការមិនពេញចិត្តចំពោះរបៀបរបបនៃការកសាងគ្រួសារនាសម័យមុនៗ ហើយចាត់ទុកថាជាការកសាងគ្រួសារបែបចក្រពត្តិ សក្តិភូមិ នាយទុន។ នៅក្នុងសៀវភៅកំណត់ហេតុសិក្សាពី «លោកទស្សនៈបដិវត្តន៍ និងមិនបដិវត្តន៍ចំពោះបញ្ហាកសាងគ្រួសារ» របស់កម្មាភិបាលខ្មែរក្រហមមួយរូប (មិនស្គាល់ឈ្មោះ) បានបង្ហាញថា ការរៀបចំគ្រួសារបែបនោះ គឺដើម្បីអូសទាញពីវណ្ណៈមួយទៅវណ្ណៈមួយទៀត ឬដើម្បីទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមក ដោយលើកឧទាហរណ៍ថា «បើបុរសគេរកប្រពន្ធដែលមានរូបសម្បត្តិល្អ ជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬជាកូនអ្នកមាន ឬអ្នកមានបណ្តាស័ក្តិខ្ពង់ខ្ពស់ដើម្បីឲ្យខ្លួនគេឡើងជាអ្នកមាន ឬមានបុណ្យស័ក្តិទៅតាមឪពុក ឬម្តាយក្មេក។ បើឪពុកម្តាយនារីវិញ គឺសម្លឹងរកតែអ្នកមានទ្រព្យសម្បត្តិ ឬអ្នកមានបុណ្យស័ក្តិ ដើម្បីឲ្យកូនបានស្រណុកសុខស្រួល ទោះជាគ្រួសារអាវ៉ាសែ ឬមានប្រវត្តិក្បត់ជាតិក៏ដោយ»។ អាស្រ័យហេតុនេះហើយទើបខ្មែរក្រហមអនុវត្តនូវការជ្រើសរើសប្រវត្តិរូបបុរស-នារីមុននឹងចាប់បង្ខំឲ្យរៀបការ ។
នៅក្នុងសេចក្តីរាយការណ៍អំពីការស៊ើបអង្កេតស្តីពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលបានធ្វើឡើងដោយរដ្ឋកម្ពុជា បានបង្ហាញនូវមូលហេតុពីរយ៉ាងដែលនាំឲ្យមានអាពាហ៍ពិពាហ៍ដោយបង្ខំ និងដាក់កំហិតឲ្យអនុវត្តឡើងទូទាំងប្រទេស គឺ១-ខ្មែក្រហមស្អប់នារីស្អាតៗ ២-ខ្មែរក្រហមប្រឆាំងនឹងទំនៀមទម្លាប់នៃអរិយធម៌ជាទូទៅ ជាពិសេសអរិយធម៌នៃប្រជាជាតិខ្មែរតែម្តង ។ អាស្រ័យហេតុនេះ ទើបបានជាខ្មែរក្រហមច្រើនតែបង្ខំឲ្យយុវនារីដែលមានរូបសម្ជស្ស ស្អាតៗ ចរិតឆ្មើងឆ្មៃ ដែលកម្រនឹងចែចង់បាននោះរៀបការជាមួយយោធាពិការកំបុតជើង ខ្វាក់ភ្នែកម្ខាង និងមានរូបរាងអាក្រក់ក្រៃលែង។ ករណីបែបនេះមានជាញឹកញាប់ណាស់ ច្រើនតែបានទទួលបរាជ័យ ដូចជាការធ្វើអត្តឃាត និងពលិកម្មផ្សេងៗ ព្រោះតែខ្លួនគ្មានសិទ្ធិនឹងតវ៉ា ។ កញ្ញា ងួន សុភាព ធ្វើការនៅក្រសួងឃោសនាការព័ត៌មាន និងវប្បធម៌បានបញ្ជាក់ថា បងស្រីរបស់ខ្លួនបានធ្វើអត្តឃាតដោយការមិនពេញចិត្តនឹងអាពាហ៍ពិពាហ៍ចាប់បង្ខំរបស់អង្គការ ដែលឲ្យគាត់រៀបការជាមួយកម្មាភិបាលខ្មែរក្រហមម្នាក់ដែលគាត់មិនស្រឡាញ់ ។
អ៊ំស្រីស្វាយ យិន រស់នៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាលបានឲ្យដឹងថា នៅលើកោះខ្សាច់ទន្លា ខ្មែរក្រហមបានបង្ខំឲ្យនារីរៀបការជាមួយយុទ្ធជនពិការដោយមិនអាចប្រកែកបានឡើយ។ ក្រោយពីរៀបការរួចមានកងឈ្លបដើរស៊ើបការណ៍ពីក្រោមផ្ទះនៅពេលយប់ទៀតផង ដើម្បីឲ្យដឹងថា អ្នកទាំងពីរស្រឡាញ់តាមការរៀបចំទុកដាក់របស់អង្គការដែរឬទេ ។ ក្នុងករណីខ្លះការមិនយល់ព្រម ឬប្រឆាំងនឹងរៀបអាពាហ៍ពិពាហ៍តាមការស្នើរបស់អង្គការ ត្រូវបានចាត់ទុកថា «ក្បត់អង្គការ» ហើយនឹងត្រូវទទួលទណ្ឌកម្ម ចាប់ឃុំឃាំង ឬក៏អាចមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង ។
នៅក្នុង១៩៧៧ អ្នកមីងនួន ថុក អតីតកម្មាភិបាលបម្រើក្នុងជួរខ្មែរក្រហមត្រូវបានបង្ខំឲ្យរៀបការជាមួយយុទ្ធជនពិការ ប៉ុន្តែគាត់បានបដិសេធមិនព្រមទទួលយកយុទ្ធជនពិការរូបនោះធ្វើជាគូអនាគតទេ។ កម្មាភិបាលខ្មែរក្រហមបានចាប់គាត់ដាក់ក្នុងមន្ទីរឃុំឃាំងខេត្តសៀមរាបអំពីទោសមិនគោរពវិន័យអង្គការ ។
មីងផៃ រ៉ែន នៅភូមិធ្លក ធ្លាប់បានបដិសេធមិនព្រមរៀបការជាមួយបុរសចំណាស់ម្នាក់ អង្គការខ្មែរក្រហមចាប់គាត់ចងស្លាបសេក រួចបញ្ជូនមកគុកភ្នំកូនខ្លែងដើម្បីសួរចម្លើយ និងបង្ខំធ្វើការជាទម្ងន់។
ទោះបីជាការរៀបចំអាពាហ៍ពិពាហ៍របស់ប្រជាជនសាមញ្ញ និងកម្មាភិបាលខ្មែរក្រហមមានលក្ខណៈខុសគ្នាខ្លះក៏ដោយ ស្ថានភាពក្រោយពេលរៀបការក៏មានលក្ខណៈស្រដៀងគ្នាខ្លះដែរ គឺក្រោយពេលរៀបការបានពីរឬបីថ្ងៃ គូស្វាមីភរិយាត្រូវតែរស់នៅបែកគ្នាទៅបម្រើការងាររបស់អង្គការ យូរៗទើបអាចជួបមុខគ្នាម្តង។ អ្នកមីងក៏បានលើកជាគំរូខ្លួនគាត់ថា ក្នុងរយៈពេល១០ថ្ងៃទើបគាត់បានជួបមុខប្តីគាត់ម្តង នេះដោយសារតែប្តីរបស់គាត់ជាអ្នកបើករថយន្តឲ្យពួកខ្មែរក្រហមនៅតាមតំបន់ ឆ្ងាយៗ ។
អាពាហ៍ពិពាហ៍ក្រោមរបបខ្មែរក្រហមនេះបានធ្វើឲ្យមីងហ៊ាង ប៊ុនណា នៅភូមិដំរីឆ្លងនៅតែឆ្ងល់ ហើយចោទជាសំណួរថា ហេតុអ្វីខ្មែរក្រហមចាំបាច់បង្ខំឲ្យប្រជាជនរៀបការ ? បើក្រោយពីរៀបការ គូស្វាមីភរិយាអាចរស់នៅជួបមុខគ្នាបានតែមួយយប់ប៉ុណ្ណោះ ហើយក្រោយពីនោះត្រូវរស់នៅបែកគ្នា ៕
ចែករំលែកព័តមាននេះ