ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ប្រជាប្រិយ​ខ្មែរ​មិនសូវ​ពេញ​និយម​នា​ឱកាស​បុណ្យចូលឆ្នាំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ល្បែង​បោះអង្គញ់ ចោល​ឈូង​និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ទៀត​ស្ទើរតែ​គ្មាន​លេង​កម្សាន្ត ខណៈ​ល្បែង​ជះ​ទឹក និង​ប៉ាត​ម្សៅ​ពេញ​និយម​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។

រាជធានី​ភ្នំពេញ ៖ ល្បែង​បោះអង្គញ់ ចោល​ឈូង​និង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ទៀត​ស្ទើរតែ​គ្មាន​លេង​កម្សាន្ត ខណៈ​ល្បែង​ជះ​ទឹក និង​ប៉ាត​ម្សៅ​ពេញ​និយម​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។

ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ចំនួន​ហាក់​មិន​មានការ​បំផុស​លេង​កម្សាន្ត ឬ​ស្ទើរតែ​គ្មាន​ឃើញ​លេង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​កន្លង​ទៅ​នា​ពេល ថ្មី​ៗ​នេះ ក្នុង​នោះ​មាន​ល្បែង​បោះអង្គញ់ ចោល​ឈោង លាក់កន្សែង ដណ្តើម​ស្លឹកឈើ​ជាដើម ។

ជា​ការ​កត់សម្គាល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ល្បែង​ប្រជាប្រិយ​ខ្មែរ​បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ក្នុង​ការ​លេង​នៅ​តាម​ទី​តំបន់​នានា​ដោយ​ជំនួស​វិញ​ដោយ​ការ​រាំច្រៀង និង​ការ​លេង​ប៉ាត​ម្សៅ​និង​ជះ​ទឹក ដែល​ល្បែង​មួយ​នេះ​មាន​ឥទ្ធិពល​មក​ពី​ប្រទេស​ជិតខាង ។

ល្បែង​បោះអង្គញ់ និង​ចោល​ឈូង​ដែល​ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​មានការ​និយម​លេង​ជាងគេ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេល​កន្លង​មក​នោះ ស្ទើរតែ​បាត់​វត្តមាន​លេង​នៅ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ខណៈ​ពេល​ល្បែង​វាយក្អម និង​ល្បែង​ប្រជាប្រិយ​មួយ​ចំនួន​ទៀត​ត្រូវ​គេ​លើកយក​មក​លេង​តិចតួច​ប៉ុណ្ណោះ​នៅ​តាម​ស្រុកភូមិ​នានា ។

អ្វី​ដែល​មិន​នឹក​ស្មាន​ដល់​នោះ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា គេ​សង្កេត​ឃើញ​មិនសូវ​មានការ​ថត​ទុក សម្រាប់​ចាក់​ផ្សាយ​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ឱ្យ​បាន​ផុសផុល​ដូច​បណ្តា​ឆ្នាំ មុន​ៗ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​ច្រៀង​រាំ​ចង្វាក់​ប្រពៃណី ។

លោក​សួ ម៉េ​ង ជា​កម្មករ​សំណង់​វ័យ​ជិត​៤០​ឆ្នាំ រស់នៅ​ភូមិ​កោះ​ផុស ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ឱ្យ​ដឹង​ថា កាល​លោក​នៅ​កំលោះ មុន និង​ពេល​បុណ្យចូលឆ្នាំ នៅ​ក្នុងភូមិ​របស់​លោក តែងតែ​ប្រមូលផ្តុំ​គ្នា​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ផ្សេង​ៗ ។ ល្បែង​ប្រជាប្រិយ​ខ្មែរ​ដែល​ពួក​លោកនិយម​លេង​នោះ មាន​បោះអង្គញ់ លាក់កន្សែង និង​ល្បែង​ប្រជាប្រិយ​មួយ​ចំនួន​ទៀត ។

បើ​តាម​លោក​សួ ម៉េ​ង ថា​ល្បែង​ប្រជាប្រិយ​ខ្មែរ​ត្រូវ​អ្នក​ភូមិ​លេង​តាំងពី​មុន​ចូល​ឆ្នាំ​ខ្មែរ និង​ពេល​ចូល​ឆ្នាំ​ខ្មែរ ដែល​ក្នុង​ពេល​នោះ​ល្បែង​ជះ​ទឹក លាបម្សៅ​មិន​ទាន់​មាន​វត្តមាន​ទេ ។

ការ​មិន​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សម្រាប់​លោក​មិនដឹង​មូលហេតុ​ឱ្យ​បាន​ទូលំទូលាយ​ឡើយ ប៉ុន្តែ​តាម​ការ​គិត​របស់​លោក យុវវ័យ​សម័យនេះ​និយម​រាំ​លេង​កម្សាន្ត​ជា​ជាង​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ។

លោក​អឿ​ន ចុងភៅ​រស់នៅ​ភូមិ​ដីឥដ្ឋ ស្រុក​កៀនស្វាយ វ័យ​ជាង​៣០​ឆ្នាំ​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ លោក​សង្កេត​ឃើញ​ថា ល្បែង​បោះអង្គញ់​និង​ចោល​ឈូង បាត់​វត្តមាន​លេង​នៅ​ក្នុងស្រុក​ភូមិ​របស់​លោក ប៉ុន្តែ​លោក​មិនសូវ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ ព្រោះ​សូ​ម្បី​តែ​រូប​លោក​ពេល​មាន​ប្រពន្ធ​កូន​ហើយ​នោះ ក៏​ហាក់​មិនសូវ​ជា​ចាប់អារម្មណ៍​ចូលរួម​លេង​កម្សាន្ត​ដែរ ក្រៅពី​ការ​ជួបជុំ​មិត្តភក្តិ​បងប្អូន​ផឹក​សុ​ី​សប្បាយ​ប៉ុណ្ណោះ ។

លោក​កែវ ស៊ី​ណេ​ត បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​អះអាង​ថា ល្បែង​កម្សាន្តចោល​ឈូង បោះអង្គញ់​ពិតជា​បាត់​វត្តមាន​លេង​កម្សាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​មែន ។ ក្នុងឆ្នាំនេះ​សូ​ម្បី​តែ​រូប​លោក​ដែល​បាន​រៀបចំ​នាំ ចាស់​ៗ និង ក្មេង​ៗ​មួយ​ចំនួន​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​ក្នុងភូមិ​នោះ​ក៏​មិន​បាន​នឹកឃើញ​ដល់​ការ​រៀបចំ​លេងល្បែង​ទាំងនោះ​ដែរ លោក​គ្រាន់តែ​បាន​រៀបចំ​ល្បែង​មួយ​ចំនួន​ដូច​ជា​វាយក្អម រាំ​ដណ្តើម​កៅអី និង​បូមទឹក​ដាក់​ដប​ប៉ុណ្ណោះ ។

បើ​តាម​លោក​កែវ ស៊ី​ណេ​ត ល្បែង​ប្រជាប្រិយ​ដែល​លោក​បាន​រៀបចំ​នេះ អូស​ទាញ​កុមារ​ឱ្យ​ចូលរួម​លេង​ច្រើន​ជាង​មនុស្ស​ពេញវ័យ​និង​មនុស្ស​ចាស់ ហើយ​ល្បែង​ទាំង​អស់នេះ​គឺ​បាន​ផ្តល់​ភាព​សប្បាយ​រីករាយ​ជាង​ល្បែង ផ្សេង​ៗ ។

ល្បែង​ប្រជាប្រិយ​ខ្មែរ​បាន​ថមថយ​ប្រជាប្រិយភាព​នៅ​ដំណាក់កាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​ពេល​ដែល​បច្ចេកវិទ្យា និង​បរិបទ​សង្គម​មានការ​ផ្លាស់​ប្តូរ ក្នុង​នោះ​ទំនោរ​ចិត្ត​របស់​យុវវ័យ​ក៏​មានការ​ប្រែប្រួល​ដែរ ។

តាម​ការ​តំណាល ពី​ចាស់​ៗ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ​ត្រូវ​ប្រជាជន​ខ្មែរ​លើកយក​មក​លេង​កម្សាន្ត​តាំងពី​មុន​ចូល​ឆ្នាំ​ខ្មែរ​ម្ល៉េះ ពោល​អាច​លេង​តាំងពី​១​ខែ ឬ​កន្លះ​ខែ​មុន​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់ ។
ល្បែង​ប្រជាប្រិយ​ដែល​គេ​និយម​លែង​កម្សាន្ត​ខ្លាំង​ជាងគេ មាន​ចោល​ឈូង ទាញព្រ័ត្រ លាក់​កន្លែង​។​ល​។ ប៉ុន្តែ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ក្នុង​យុគសម័យ​ទំនើប​នេះ មិនសូវ​ទទួល​បានការ​ចាប់អារម្មណ៍​លេង​ពី​យុវវ័យ​ឡើយ តែ​ជំនួស​មក​វិញ ដោយ​ការ​លេង​ល្បែងស៊ីសង ផឹកស្រា ចាក់​ធុងបាស់​រាំ​លេង​យ៉ាង​ផុសផុល​នៅ​តាម​ភូមិ ឃុំ ។

មានការ​លើក​ឡើង​ថា មូលហេតុ​សំខាន់​ចំនួន​៣ ដែល​អាច​ពន្យល់​ពី​ការ​ប្រែប្រួល​ធ្វើ​ឱ្យ​មានការ​ថមថយ​នូវ​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ គឺ​ទី​១-​កត្តាសេដ្ឋកិច្ច ទី​២-​ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស និង​ទី​៣-​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា ។

ល្បែង​ប្រជាប្រិយ​ខ្មែរ ជាង​២០​ទម្រង់ មិន​ត្រឹមតែ​មាន​ប្រយោជន៍​ពង្រឹង​សាមគ្គីភាព ធ្វើ​ឱ្យ​សប្បាយ មាន​សុខភាព​កម្លាំងកាយ និង​ស្មារតី​រឹង​មាំ​ទេ វា​ជា​អត្តសញ្ញាណ​មួយ​របស់​ខ្មែរ ដែល​បន្សល់​ទុក​តាំងពី​បុរាណកាល ៕