ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សប្រឆាំង​នៅ​តែ​បង្ហាញ​ជំហរ​ចង់​ចរចា ជាមួយ​គណបក្សកាន់អំណាច​ក្នុង​ការ​ដោះ​លែង​អ្នកទោស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៩ ខែមេសា បាន​ថ្លែង​ថា គណបក្ស​លោកស្រី​នៅ​តែ​មាន​សង្ឃឹម​ក្នុង​ការ​ចរចា

រាជធានី​ភ្នំពេញ ៖ លោកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៩ ខែមេសា បាន​ថ្លែង​ថា គណបក្ស​លោកស្រី​នៅ​តែ​មាន​សង្ឃឹម​ក្នុង​ការ​ចរចា ដោយ​ផ្អែក​លើ​មធ្យោបាយ​វប្បធម៌​សន្ទនា​ដែល​មិន​អាច​ចៀស​ផុត​បាន​ឡើយ ។ លោកស្រី មូរ សុខ​ហួរ បាន​ថ្លែង​បែប​នេះ នៅ​ក្បែរ​របង​ពន្ធនាគារ​ព្រៃ​ស ពេលដឹកនាំ​តំណាងរាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​រូប ចូល​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស ដើម្បី​សួរសុខទុក្ខ​អ្នកទោស​ចំនួន​១៦​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង ។

យោង​តាម​លិខិត​របស់​មន្ត្រី​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​តំណាងរាស្ត្រ​ខាង​គណបក្សសង្គ្រោះ​ជាតិ​ចូល​ជួប​រួម​មាន លោក អ៊ុំ សំ​អាន លោក មា​ជ សុ​វ​ណ្ណា​រ៉ា លោក ឃិ​ន ជំរឿន លោក ស៊ុំ ពុ​ទ្ធី លោក អឿ ណា​រិ​ទ្ធ លោក អាន បឋម លោក សាន សីហៈ លោក សាន គឹ​ម​ហេង លោក នាង សុ​ឃុន លោក រឿ​ន ចាន់​ត្រា លោក ទេព ណា​រិ​ន លោក អ៊ុ​ក ពេជ្រ​សំណាង លោក កែ ឃី​ម លោក យន់ គឹ​ម​ហួរ និង​លោក យា ថុ​ង ។

បន្ទាប់​ពី​ចេញពី​ពន្ធនាគារ​វិញ លោកស្រី មូរ សុខ​ហួរ បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា សហការី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​នាក់ កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស បាន​ប្រាប់​លោកស្រី​ថា «​ពួក​គាត់​ជា​អ្នកទោស​មនសិការ​»​។ លោកស្រី​អះអាង​ថា អ្នកទោស​មនសិការ​មាន​ន័យ​ថា ជាប់​ពន្ធនាគារ​ដោយ​ភាព​អយុត្តិធម៌  ដោយសារ​តែ​ពួក​គាត់​ជា​អ្នក​ស្នេហា​ជាតិ ។

លោកស្រី មូរ សុខ​ហួរ បាន​លើក​ឡើង​ថា ក្រុម​អ្នកទោស​ក៏​បាន​លើក​ឡើង​ពី​ការ​បោះឆ្នោត​ដោយ​បាន​ផ្ញើ​សារ​ទៅ គ​.​ជ​.​ប តាម​រយៈអ្នកតំណាង​រាស្ត្រ​ពី​កង្វល់​របស់​អ្នកទោស​ទាំងនោះ​ថា សូម​ឲ្យ​គ​.​ជ​.​ប ពិនិត្យ​ពី​បច្ចេក​ទ​សេ​ទាំងឡាយ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ពិសេស​បញ្ជី​ឈ្មោះ​ជាដើម ។

លោកស្រី​ថ្លែង​ថា​៖ សូម​ឲ្យ គ​.​ជ​.​ប ពិនិត្យ​ជា​ពិសេស​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត កុំ​ឲ្យ​ដូច​កាលពី​លើក​មុន​ទៀត ។ ចំពោះ​បច្ចេកទេស​ណា​ក៏​ដោយ ត្រូវ​តែ​ពិនិត្យ​ឲ្យ​មែនទែន ហើយ​បច្ចេកទេស​ទាំងអស់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​។ តាម​រយៈ​លោកស្រី មូរ សុខ​ហួរ ក្រុម​អ្នកទោស​ទាំងនោះ​បាន​សូម​ឲ្យ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​ទៅ​បោះ​ឆ្នោត​ទាំងអស់​គ្នា ។

គេ​មិនដឹង​ថា អ្វី​ដែល​លោកស្រី មូរ សុខ​ហួរ បាន​លើក​ឡើង​នេះ​ជាស​ម្តី​ពិត​ឬ​អត់​ទេ​ដែល​អ្នកទោស​ទាំងនោះ​បាន​លើក​ឡើង ព្រោះ​គ្មាន​អ្នកទោស​ណា​ម្នាក់​បាន​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​នោះ​ទេ គឺ​ជួប​តែ​តំណាង ។ ក្រុមអ្នកទោស​ទាំងនោះ ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​កំឡុង​ខែកក្កដា និង​ខែវិច្ឆិកា ឆ្នាំ​២០១៤​ហើយ​ត្រូវ​បាន​ចោទប្រកាន់​និង​កាត់ទោស​ដាក់​ពន្ធនាគារ​រហូត​មក​ដល់​ពេល​នេះ ។

លោកស្រី មូរ សុខ​ហួរ បាន​លើក​ឡើង​ថា​៖ ក្រុម​អ្នកទោស​បាន​និយាយ​ថា ពួក​គាត់​ចង់​ទទួល​បាន​យុត្តិធម៌ សូមអ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ត្រូវ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ឃុំ​-​សង្កាត់​។ យុត្តិធម៌​ត្រូវ​ចាប់ផ្តើម​ពី​ថ្នាក់​ឃុំ​-​សង្កាត់​ឡើង​ទៅ ហើយ​ឈាន​ទៅ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​។ លោកស្រី​បាន​លើក​ឡើង​ទៀត​ថា អ្នកទោស​មិនមែន​មាន​តែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គឺ​នៅ​មាន​អ្នកទោស​ជា​បុគ្គលិក​អង្គការ​សង្គម​ស៊ី​វិល​ទៀត​ផង ។

បុគ្គលិក​អង្គការ​សង្គម​ស៊ី​វិល និង​មន្ត្រី គ​.​ជ​.​ប សរុប​ចំនួន​៥​នាក់ កំពុង​ជាប់​ឃុំឃាំង​ដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា​ជា​អ្នកទោស​មនសិការ​រួម​មាន លោក នី ចរិយា លោក នី សុខា លោកស្រី លឹ​ម មុនី លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់​ដា ។ អ្នក​ទាំងនោះ ត្រូវ​បាន​ចោទប្រកាន់​និង​ចាប់​ឃាត់ខ្លួន កាលពី​ខែមេសា និង​ខែឧសភា ឆ្នាំ​២០១៦ ។

លោកស្រី មូរ សុខ​ហួរ ថ្លែ​ថា បើ​បងប្អូន​ចង់​ឲ្យ​អ្នកទោស​មនសិការ ចង់​ឲ្យ​ជាតិ​យើង​ទទួល​បាន​យុត្តិធម៌ បងប្អូន​ត្រូវ​ទៅ​បោះ​ឆ្នោត ។ នៅ​ពេល​ដែល​សួរ​ថា តើ​វាសនា​របស់​អ្នកទោស​ទាំងនោះ​សង្ឃឹម​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត  មិនមែន​សង្ឃឹមលើ​ការ​ចរចា​រវាង​គណបក្ស​នយោបាយ​ធំ​ៗ​ទាំង​ពីរ​ទេ​ឬ ?

លោកស្រី មូរ សុខ​ហួរ បញ្ជាក់​ថា​៖ អ្នកទោស​ទាំងនោះ​បាន​បញ្ជាក់​ច្បាស់​ណាស់​ថា​៖ «​កុំយក​រឿង​របស់​ពួក​គាត់​ទៅ​ដោះ​ដូរ​នឹង​រឿង​នយោបាយ​និង​ការ​ដោះ​ដូរ​គ្នា ។ ពួក​គាត់​សង្ឃឹមតែ​ទៅ​លើ​ការ​បោះ​ឆ្នោត​» ។ លោកស្រី​បាន​លើកឡើង​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​ដែល​ក្រុម​អ្នកតំណាងរាស្ត្រ​មិន​នឹក​ស្មានថា អ្នកទោស​មនសិការ​គិត​ពី​រឿង​បោះ​ឆ្នោត​បែប​នេះ​ទេ ។ ការ​ជួប​គ្នា​នេះ​មាន​រយៈពេល​៥០​នាទី ហើយ​អ្នកទោស​ទាំង​១៦​នាក់ បាន​និយាយ​តែ​ពី​រឿង​បោះ​ឆ្នោត ។

ពេល​ដែល​សួរ​ថា គណបក្សប្រឆាំង​មិន​មាន​សកម្មភាព​អ្វី​ដើម្បី​ជួយ​ដល់​ពួក​គាត់​ឲ្យ​មានការ​ដោះ​លែង ឬ​នៅ​សម្ងំ​ស្ងៀម​រង់ចាំ​លទ្ធផល​ដូច​ពួក​គាត់​និយាយ ? លោកស្រី មូរ សុខ​ហួរ​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ​គណបក្ស​យើង​បាន​និយាយ​រួច​ហើយ​ថា​៖ «​យើង​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត យើង​បាន​ត្រៀមខ្លួន​ជា​ស្រេច​ហើយ​»​។ អ្នកទោស​ទាំងនោះ​នៅ​តែ​មាន​មនសិការ​ជាប់​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ។

លោកស្រី​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​លើក​ឡើង​ទៀត​ថា យើង​មានការ​ឯកភាព​ផ្ទៃក្នុង​ល្អ​ណាស់ និង​បាន​ដាក់​បេក្ខភាព​រហូត​ដល់​១.៦៤៦​ឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណតិ​ទី​៤ នៅ​ថ្ងៃ​ទី​៤​ខែមិថុនា ខាង​មុខ​នេះ ។ អ្នកទោស​បាន​និយាយ​ថា ពូក​គាត់​សប្បាយចិត្ត​នៅ​ពេល​ឮ​ដូចនេះ ។ នៅ​ពេល​សួរ​ទៀត​ថា រហូត​ដល់​ពេល​នេះ ហេតុ​មេ្ត​ច​បានជា​គណបក្សប្រឆាំង​នៅ​មិន​អាច​រក​ដំណោះស្រាយ​ឲ្យ​អ្នកទោស​ទាំងនោះ​នៅ​ក្រៅ​ឃុំ​បាន ?

លោកស្រី​បាន​លើក​ឡើង​ថា​៖«​យើង​នៅ​តែ​មាន​សង្ឃឹមថា នឹង​មានការ​ចរចា​ដោយ​ផ្អែក​លើ​វប្បធម៌​សន្ទនា ។ ចរចា​ដើម្បី​រក​ដំណោះស្រាយ​នៅ​ពេល​ជួប​បញ្ហា យើង​មិន​អាច​មិន​យក​វប្បធម៌​សន្ទនា​ធ្វើ​ជា​មធ្យោបាយ​ដើម្បី​រក​ដំណោះស្រាយ​ទេ​» ។ លោកស្រី​បន្ត​ថា វា​ចៀស​មិន​ផុត​ពី​ការ​ជជែក​គ្នា​រក​ដំណោះស្រាយ​ទេ ។

ចំណែក​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​និង​មេធាវី បាន​បំបែកសំណុំរឿង​កាន់តែ​វែង ប្តឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​បន្តបន្ទាប់ ខណៈ​សាលាដំបូង​មិន​ទាន់​បាន​ផ្តន្ទាទោស​ជន​ណា​ម្នាក់​ឬ​សម្រេច​ថា​មានទោស​នៅឡើយ​។ ការ​លើកលែងទោស លុះត្រា​អ្នកទោស​ណា​ត្រូវ​បាន​តុលាការ​កាត់ទោស បើ​មិន​ទាន់​កាត់ទោស​ផង​លើកលែងយ៉ាងម៉េច​កើត ។ បើសិន​តុលាការ​មិន​ទាន់​កាត់ទោស​ជនជាប់ចោទ​ទេ ហើយ​ទៅ​ដោះ​លែង​មាន​ន័យ​ថា រំលោភ​លើ​នីតិវិធីតុលាការ ៕